រកអុសប្រទះចង្ក្រានហ្គាស! នគរបាលល្បាត ជួបចោរកំពុងអូសម៉ូតូតាមផ្លូវ ឃាត់ខ្លួនបាន២នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាននាវេលាជិតភ្លឺ ។ ស្រាប់តែប្រទះឃើញជនស្ទាវ២នាក់កំពុងអូសបណ្ដើរម៉ូតូ១គ្រឿងតាមផ្លូវគួរឲ្យសង្ស័យ ក៏ធ្វើការសួរនាំ ទើបដឹងថាជាចោរ ហើយម៉ូតូដែលកំពុងអូសនោះ ទើបនិងលួចបានថ្មីៗ ក៏ឃាត់ខ្លួនតែម្ដង ។
ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង០៤និង៣០នាទីជិតភ្លឺថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុងជិតបន្ទាយទ័ពអាកាសលេខ៩១ ស្ថិតនៅក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើនោះម្នាក់ឈ្មោះ អ៊ូ ថេត ភេទប្រុស អាយុ១៨ឆ្នាំ ប្រើប្រាស់គ្រឿងញៀន រយៈពេល ០៦ខែមកហើយ និងម្នាក់ទៀតឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ប្រើប្រាស់គ្រឿងញៀន រយៈពេល ០១ឆ្នាំមកហើយ អ្នកទាំង២មានមុខរបរ និងទីលំនៅមិនពិតប្រាកដ ។
ចំណែកម៉ូតូដែលលួចបានអត់សោចាក់បញ្ឆេះជិះនោះម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ខៀវ ផលិតឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MJ-1776 ជាកម្មសិទ្ធិរបស់យុវជនម្នាក់ឈ្មោះ កាំង វិស៊ាន អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុម្ចាស់ម៉ូតូ បានទុកម៉ូតូនៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅម្តុំរោងចក្រQMI ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចក៏បានចេញទៅទិញអីហូបនៅខាងក្រៅ ។ ដោយខណៈនោះបានដកសោចេញពីម៉ូតូដែរ ប៉ុន្តែអត់បានចាក់សោ ក និងបិទទ្វារបន្ទប់នោះទេ ចំណែកចោរស្ទាវទាំង២នាក់ខាងលើដើរកាត់មុខបន្ទប់នោះឃើញទ្វារចំហរ ក៏ចូលទៅលួចយកម៉ូតូ ហើយដោយអត់មានសោដើម្បីចាក់បញ្ឆេះជិះបានក៏នាំគ្នាអូសបណ្ដើរគេចខ្លួនតែម្ដង ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ដោយឡែកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ បានជិះម៉ូតូចេញល្បាត ដើម្បីទប់ស្កាត់ បទល្មើសនានា និងរក្សាសុខវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ លុះពេលទៅដល់ត្រង់ចំណុចក្បែរបន្ទាយទាហានទ័ពអាកាសលេខ៩១ ស្រាប់តែឃើញជនស្ទាវ២នាក់កំពុងអូសបណ្ដើរម៉ូតូ១គ្រឿងខាងលើតាមផ្លូវគួរឲ្យសង្ស័យ ក៏បានឃាត់ធ្វើការសួរនាំ ទើបដឹងថាជាចោរ ។
នគរបាលបានបញ្ជាក់ប្រាប់ថា ចោរស្ទាវបានឆ្លើយសារភាពថា ម៉ូតូដែលពួកខ្លួនកំពុងបណ្តើរនេះ គឺបានលួចយកចេញពីក្នុងបន្ទប់ជួលមួយកន្លែស្ថិតនៅម្តុំរោងចក្រQMI ។ ប៉ុន្តែអត់មានសោ ដើម្បីចាក់បញ្ឆេះជិះទើបនាំគ្នាអូសដើម្បីយកទៅលាក់ទុក ហើយសំណាងអាក្រក់ បានជួបកម្លាំងនគរបាលល្បាត ក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះតែម្ដង ។ បន្ទាប់ពីមកនគរបាលក៏បាននាំខ្លួនចោរស្ទាវ២នាក់ខាងលើ រួមទាំងម៉ូតូដែលលួចបាននោះទៅកាន់ប៉ុស្តិ៍ចោមចៅទី៣ ដើម្បីធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប ៕






ចែករំលែកព័តមាននេះ