ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ៖ ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោ​ធា ត្រូវ​បាន​ចាត់ទុកជា​ការ​បណ្តុះ​ស្មារតី និង​មនសិការ​ស្នេហា​ជាតិ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ត្រូវ​បាន​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ចាត់ទុកជា​ការ​បណ្តុះ​ស្មារតី និង​មនសិការ​ស្នេហា​ជាតិ ។ ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ដោយ​ព្រះរាជក្រម ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី ក្នុង​ព្រះ​បរម​នាម​និង​តាម​ព្រះរាជ​ត្រាស់​បង្គាប់​។ ដោយ​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់ ។

ក្នុង​ការ​ធ្វើ សេចក្ដីថ្លែងការណ៍​៖ បច្ចុប្បន្ន ភាព​ស្តី​ពី «​ការ​វិវឌ្ឍន៍​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​ព្រឹត្តិការណ៍​ថ្មី​ៗ​ដែល​កើតឡើង​» នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៦ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ជា​ថ្មី​ថា ច្បាប់​ស្តី​ពី​កាតព្វកិច្ច​យោធា​ត្រូវ​បាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ចាត់ទុកជា​ការ​បណ្តុះ​ស្មារតី និង​មនសិការ​ស្នេហា​ជាតិ ដើម្បី​ត្រៀមខ្លួន​លះបង់​បម្រើ​ជាតិ​មាតុភូមិ ។

ឯកឧត្តម​លើក​ឡើង​ថា យោង​តាម​សម្តេច​ធិ​បតី គោលដៅ​ចម្បង​នៃ​ការ​អនុវត្ត​កាតព្វកិច្ច​យោធា គឺ​ការ​កសាង​នូវ​សង្គម​មួយ​ប្រកប​ទៅ​ដោយ​ធនធានមនុស្ស​ដែល​មាន​វិន័យ សីលធម៌ សមត្ថភាព​មន​សិ ការ​ស្នេហា​ជាតិ​ខ្ពស់ មាន​ភាព​អង់អាច​ក្លាហាន មាន​ឆន្ទៈ​មោះមុត និង​ត្រៀមខ្លួន​រួច​ជា​ស្រេច​គ្រប់ពេលវេលា ដោយ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ ដោយ​ឥត​លក្ខខណ្ឌ​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​គូសបញ្ជាក់​ច្បាស់​ថា «​សមត្ថភាព​ការពារ​ជាតិ​នៃ​ប្រទេស​មួយ មិនមែន​អាស្រ័យ​ត្រឹមតែ​លើ​គ្រឿង​សព្វាវុធ និង​ឧបករណ៍​ទំនើប​ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ប្រទេស​ជាតិ​មួយ​ដែល​ខ្លាំង​ក្នុង​វិស័យ​ការពារ​ជាតិ គឺ​ដោយសារ​មាន​កងទ័ព​ដែល​ពោ​ពេញ​ដោយ​ភាព​អង់អាច​ក្លាហាន មោះមុត និង​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ការពារ​ជាតិ​ដោយ​ឥត​លក្ខខណ្ឌ ហើយ​មាន​ប្រជាជន​ទាំងមូល​នៅ​ពីក្រោយ​»​។

ក្នុង​ន័យ​នេះ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី មាន​ក្តី​ប្រាថ្នា​ចង់​ឃើញ​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មាន​មោទន​ភាព ចំពោះ​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា ដោយ​ចាត់​ទុក​ថា នោះ គឺជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ដែល​ខ្លួន​បាន​ហ្វឹកហាត់​ចំណេះ​ជំនាញ​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត ដែល​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី នៅ​ពេល​ណា​ដែល​ជាតិ​ត្រូវការ ជំនួស​ឱ្យ​ការ​ព្រួយបារម្ភ​ពី​ការ​ខាត​ប្រយោជន៍​ផ្ទាល់ខ្លួន​នៅ​ក្នុងអំឡុងពេល​នៃ​ការ​ចូល​បំពេញ​កាតព្វកិច្ច​យោធា​។

សម្តេច​ធិ​បតី​ចាត់​ទុក​បទ​ពិសោធន៍​និង​ការ​ឈឺចាប់​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ជា​គន្លឹះ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ចង​ចាំ​ថា កម្ពុជា​ត្រូវ​តែ​ពង្រឹង​ខ្លួនឯង ហើយ​កូន​ខ្មែរ​ទាំងអស់ ជា​ពិសេស​យុវជន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ត្រូវ​ត្រៀមខ្លួន​ដើម្បី​ជួយ​ជាតិ តាម​រយៈ​ការ​ប្រែក្លាយ​ស្មារតី​ស្នេហា​ជាតិ​ឱ្យទៅ​ជា​កម្លាំង​ដ៏​រឹង​មាំ​ពិតប្រាកដ​មួយ និង​ត្រៀមលក្ខណៈ​ជា​ស្រេច ដើម្បី​ជួយ​ប្រទេស​ជាតិ នៅ​ពេល​ដែល​ជាតិ​ត្រូវការ ៕