ទីក្រុងព្យុងយ៉ាង៖ នៅព្រឹកនេះ កូរ៉េខាងជើងបាញ់មីស៊ីលដែលគេមិនស្គាល់អត្តសញ្ញាណចេញពីតំបន់មាត់សមុទ្រខាងលិចរបស់ខ្លួន។ នេះបើយោងតាមការប្រកាសរបស់អគ្គសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូង។ ប្រសិនបើនេះជាការបាញ់សាកល្បងគ្រាប់មីស៊ីល មានន័យថាកូរ៉េខាងជើងបាញ់មីស៊ីលជាថ្មីម្ដងទៀតបន្ទាប់ពីអាក់ខានបាញ់តាំងពីថ្ងៃទី១៩ ខែមេសា។ កាលនោះ កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីៗជាច្រើនគ្រាប់។ កូរ៉េខាងជើងអះអាងថាគ្រាប់មីស៊ីលទាំងនោះបំពាក់ក្បាលគ្រាប់បែកចង្កោម។

សូមរំលឹកថាកាលពីដើមខែមេសា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថ្លែងថាខ្លួនបានធ្វើតេស្តក្បាលគ្រាប់បែកចង្កោមដែលត្រូវបំពាក់លើគ្រាប់មីស៊ីលផ្លោង និងក៏ធ្វើតេស្តអាវុធប្រើប្រព័ន្ធអេឡិចត្រូម៉ាញេទិចផងដែរ។ ចំណាត់ការនេះត្រូវក្រុមអ្នកវិភាគយល់ឃើញថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងដើម្បីបង្ហាញថាខ្លួនមានសមត្ថភាពពេញលេញក្នុងការប្រឡូកនៅក្នុងសង្គ្រាមសម័យទំនើប។

ប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ធ្លាប់មានប្រសាសន៍កាលពីខែមីនាថាឥឡូវនេះប្រទេសរបស់លោកបានក្លាយជារដ្ឋនុយក្លេអ៊ែរបាត់ទៅហើយ ហើយបញ្ហានេះមិនអាចប្រែក្រឡាស់វិញជាដាច់ខាត (មានន័យថាមិនអាចកាត់រំសាយអាវុធនុយក្លេអ៊ែរឡើយ)។ លោកអះអាងបន្តទៀតថាកូរ៉េខាងជើងកំពុងពង្រឹងសមត្ថភាពនុយក្លេអ៊ែរទុកសម្រាប់ការពារខ្លួន។ លោកចាត់ទុកថាចំណុចនេះជាកត្តាសំខាន់សម្រាប់ការពារសន្តិសុខជាតិរបស់ខ្លួន៕ ប្រភព៖ Reuters និងប្រភពដទៃទៀត

ចែករំលែកព័តមាននេះ