ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបញ្ជាឱ្យបុគ្គលិកទូត និងជនបរទេសទាំងអស់ប្រញាប់ភៀសខ្លួនចេញពីក្រុងគៀវ មុនការវាយប្រហារធំ​មក​ដល់

43 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រុ​ស្ស៊ី​​បាន​ធ្វើការ​គំរាមកំហែង​ថ្មី​ទៀត ​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​ថ្មី​លើ​រដ្ឋធានី​អ៊ុយ​ក្រែ​ន ​ក្រុង​គៀវ បន្ទាប់​ពី​ការ​វាយប្រហារ​ខ្លាំងក្លា​បំផុត​ កាលពី​យប់​ថ្ងៃ​ទី​២៣​ មក​ ២៤ ​ឧសភា​។ ក្រសួងការបរទេស​រុ​ស្ស៊ី នា​ថ្ងៃ​ទី​២៥​ ឧសភា​ អំពាវនាវ​ដល់​បណ្ដា​ជនបរទេស​ដែល​រស់នៅ​ក្នុង​ក្រុង​គៀវ​ និង​បុគ្គលិក​ការទូត​ឲ្យ​ចាក​ចេញពី​រដ្ឋ​ធានី អ៊ុយ​ក្រែ​ន​មុន​ការ​វាយប្រហារ​ថ្មី​ៗ​ទៀត​របស់​រុ​ស្ស៊ី តែ​អ៊ុយ​ក្រែ​ន​ថា ​ចូរ​កំ​ចុះ​ញ៉ម​ចំពោះ​ការ​ចាប់បង្ខំ​របស់
​រុ​ស្ស៊ី ​។

ការ​ប្រកាស​នោះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​វាយប្រហារ​ខ្លាំងក្លា ​ជា​ពិសេស​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ ​ពិសេស​លើ​ក្រុង​គៀវ​​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់​ និង​១០០​នាក់​រង​របួស​ ។ រុ​ស្ស៊ី ​រហូត​ដល់​វាយប្រហារ​ដោយ​មី​ស៊ី​ល​ល្បឿន​លឿន​ជំនាន់​ថ្មី​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ធុន​ORECHNIK​លើ​ក្រុង​គៀវ ដែល​ជា​លើក​ទី​៣​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​ទៀត​ផង​ ។ ការ​វាយប្រហារ​នោះ ​កើត​មាន​បន្ទាប់​ពី​អ៊ុយ​ក្រែ​ន​វាយប្រហារ​សាលា​វិទ្យាល័យ​មួយ​ក្នុង​តំបន់​រុ​ស្ស៊ី​កាន់កាប់ បណ្ដាល​ឲ្យ​មនុស្ស​១៨​នាក់​ស្លាប់ ហើយ​លោកពូ​ទី​ន​សន្យា​ពី​ការ​តបត​វិញ​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​ព្រមាន​ថា ការ​វាយប្រហារ​ថ្មី​ៗ​នឹង​កើត​មាន​ប្រឆាំង​បណ្ដា​មជ្ឈមណ្ឌល​ចេញ​ការ​សម្រេចចិត្ត និង​បណ្ដា​សហគ្រាស​ឧស្សាហកម្ម​យោធា​នៅ​ក្រុង​គៀវ​។ យើង​ព្រមាន​ដល់​បណ្ដា​ជនបរទេស ក្នុង​នោះ​រួម​ទាំង​បណ្ដា​បុ​គ្ក​លិ​ក​ការទូត​និង​បណ្ដា​តំណាង​អង្គការ​អន្តរជាតិ​ពី​ភាព​ចាំបាច់​នៃ​ការ​ចាកចេញ​ដោយ​ឆាប់រហ័ស​ពី​ទីក្រុង​នោះ​។ ចំណែក​ពលរដ្ឋ​ក្រុង​គៀវ​ចៀសវាង​កុំទៅ​ក្បែរ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​និង​រដ្ឋបាល​ ។

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី ​លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ នា​ថ្ងៃ​ទី​២៥​ ឧសភា​ បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក ឲ្យ​ជម្លៀស​បុគ្គ​លិក​ការទូត​និង​ពលរដ្ឋ​ខ្លួន​ចេញពី​រដ្ឋធានី​អ៊ុយ​ក្រែ​ន ពេល​លោក​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អា​មេ​រិ​ក​លោក​ម៉ា​កូ​រ៉ូ​ប៊ី​យ៉ូ​។ សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​រុ​ស្ស៊ី ​ក៏​ស្នើ​ផង​ដែរ​ដល់​សហរដ្ឋអាមេរិក ព្រមទាំង​ដល់​រដ្ឋ​ដទៃ​ៗ​ទៀត​ដែល​មាន​បេស​កម្ម​ការទូត​ប្រចាំ​ក្រុង​គៀវ ឲ្យ​ធានា​ដល់​ការ​ជម្លៀស​បុគ្គលិក​ការទូត​និង​ជនជាតិ​ខ្លួន​ចេញពី​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ ។

រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន ​លោក​អាន​ឌ្រី​អ៉ី​ស៊ី​​ប៊ី​ហ្គា បាន​អំពាវនាវ​ដល់​បណ្ដា​ដៃគូ​ក្រុង​គៀវ កុំ​ឲ្យ​ចុះ​ញ៉ម​ចំពោះ​ការ​ចាប់បង្ខំ​របស់​រុ​ស្ស៊ី ​ហើយ​ឲ្យ​ផ្ដល់​អាវុធ​ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន​ ៕