រថយន្តជាប់ហ្វ្រាំងរេចង្កូតត្របាក់ស្ពានស្ទុះចង់លោត
- ក្រចេះ
ខេត្តក្រចេះ ៖ រថយន្តយីឌុបធុនធំមួយគ្រឿង ខណៈពេលបើកបរក្រោមតំណក់ទឹកភ្លៀង ស្រាប់តែជាន់ហ្វ្រាំងរអិលក៏រេចង្កូតបុកបង្កាន់ដៃស្ពានថ្មបាក់ច្រើនប្រឡោះអើតក្បាលផុតពីបង្កាន់ដៃស្ពានដូចចង់លោតធ្វើអត្តឃាត មើលឃើញគួរឱ្យរន្ធត់ណាស់ តែមិនបានធ្លាក់ទៅក្រោមទេ ។ គឺនៅច្រងាងកាត់ទទឹងស្ពានថ្ម បណ្តាលឱ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង ។ បែរមកមើលក្បាលរថយន្តវិញបានគងជាប់ស្ពានប្រៀបដូចប្រុងលោតទឹក ។
ហេតុការណ៍គ្រោះថ្នាក់ដ៏ចម្លែកនេះបានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ត្រង់ចំណុចស្ពានព្រែកសាម៉ាន់ ស្ថិតក្នុងភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ។
យោងតាមប្រភពពីលោកអធិការស្រុកឆ្លូងបានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកបើកបរឈ្មោះ ប៊ុន សារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ បានរបួសស្រាល ក្នុងឧប្បត្តិហេតុនេះ ។
រថយន្តនេះបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើតាមអ្នកបើកបរនិយាយថាជាប់ហ្វ្រាំងចង្កូត បណ្តាលឱ្យរេចង្កូតបុកបង្កាន់ដៃស្ពានតែម្តង ។ គាត់ថាសំណាងហើយមិនធ្លាក់ទៅក្រោម កុំអីសូម្បីជីវិតខ្ញុំអ្នកបើកបរ ប្រហែលជាមិនអាចសង្គ្រោះបានផង ។
បន្ទាប់ពីកើតហេតុម្ចាស់រថយន្តខាងលើបានទំនាក់ទំនងរថយន្តស្ទូចមកស្ទួចភ្លាមដែរ តែក៏មានការកកស្ទះចរាចរណ៍ច្រើនម៉ោង ហើយមន្ត្រីសមត្ថកិច្ចក៏អន្តរាគមន៍ជួយសម្រួលចរាចរណ៍ផងដែរ ។
ចំពោះការខូតខាតស្ពាន ខាងម្ចាស់រថយន្តនិងមន្ទីរសាធារណការនិងដឹកជញ្ជូនបានសម្រួលដោះស្រាយសំណងការខូចខាតតាមក្រោយ ៕














ចែករំលែកព័តមាននេះ