សមរភូមិក្រោយមិនបោះបង់សមរភូមិមុខ! ភរិយាវីរកងទ័ព ២រូប ទើបសម្រាលកូន ទទួលបានការមើលថែ និងការឧបត្ថម្ភយ៉ាងកក់ក្តៅ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖សុខុមាលភាព និងជីវភាពរស់នៅរបស់គ្រួសារវីរៈកងទ័ពជួរមុខ នៅតែជាអាទិភាពចម្បងក្នុងការយកចិត្តទុកដាក់។ ជាក់ស្តែង នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ភរិយាវីរៈកងទ័ពចំនួនពីររូប ដែលទើបសម្រាលកូន និងកំពុងសម្រាកមាតុភាពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ទទួលបានការចុះសួរសុខទុក្ខ និងគាំទ្រស្បៀងអាហារ ព្រមទាំងសម្ភារៈចាំបាច់សម្រាប់ទារកពីសំណាក់សាខាកាកបាទក្រហមកម្ពុជាខេត្ត។
ស្ត្រីជាមាតាទាំងពីររូបរួមមាន៖ អ្នកស្រី ប៉ិច រស្មី អាយុ ៣៥ឆ្នាំ (រស់នៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់) ដែលជាភរិយារបស់វីរៈកងទ័ពឈរជើងនៅទិសបុសស្បូវ ជាំតែ ខេត្តព្រះវិហារ។
អ្នកស្រី ឡុង ឌីណា អាយុ ៣៧ឆ្នាំ (រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង) ដែលជាភរិយារបស់វីរៈកងទ័ពឈរជើងនៅតំបន់ភ្នំទ្រព្យ។
សកម្មភាពមនុស្សធម៌នាឱកាសនេះ គឺដើម្បីធានាថាស្ត្រីជាមាតា និងទារកទើបនឹងកើត ទទួលបាននូវការថែទាំប្រកបដោយសុវត្ថិភាពនិងក្តីកក់ក្តៅក្នុងចិត្តខណៈដែលស្វាមីកំពុងបំពេញភារកិច្ចការពារទឹកដីនៅសមរភូមិមុខ។ ថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង តែងតែផ្តល់តម្លៃខ្ពស់ដល់ការជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព និងជនងាយរងគ្រោះ ដោយឈរលើគោលការណ៍មនុស្សធម៌សុទ្ធសាធ ពោលគឺមិនមានការរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ។
ជំនួយឧបត្ថម្ភសង្គ្រោះបន្ទាន់សម្រាប់មាតា និងទារកដើម្បីជួយសម្រាលបន្ទុកជីវភាព និងបំពេញតម្រូវការខ្វះខាតភ្លាមៗក្នុងអំឡុងពេលសម្រាលកូន គ្រួសារនីមួយៗទទួលបានការឧបត្ថម្ភគាំទ្រ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, និងត្រីខ ១យួរ។សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ៖ ឃីត ១កញ្ចប់ (មុង, ភួយ, សារុង, ក្រមា)។សម្ភារៈសម្រាប់ទារក និងមាតា៖ ពូកនិងមុងសម្រាប់កូនក្មេង, ឃីតទារក ១កញ្ចប់ (រួមមាន៖ ភួយ, សារុង, កន្សែង២, ម្ស៉ៅក្មេង២ដប, ក្រដាសភ្លោះ២, ក្រដាសអនាម័យ២ដុំ, មួកក្មេង២, ស្រោមដៃ-ស្រោមជើង ២ឈុត) និងកញ្ចប់សម្ភារៈអនាម័យស្ត្រី (UNFPA) ១១កញ្ចប់ និងថវិកា ចំនួន ២០០,០០០ រៀល ដើម្បីចាត់ចែងទូទៅ។
ការយកចិត្តទុកដាក់ដល់សុខភាពមាតានិងទារករបស់គ្រួសារយោធិននេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែកជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់វីរៈកងទ័ពដែលកំពុងឈរជើងការពារព្រំដែន ឱ្យកាន់តែមានភាពកក់ក្តៅ និងមានស្មារតីរឹងមាំក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕





ចែករំលែកព័តមាននេះ