ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់ ៖ ថៃ​បង្ហាញ​អំនួត​លើ​សម្ភារៈ​សឹក គេចវេស​មិន​ទទួលខុសត្រូវ ដោយ​ភូត​កុហក​ប្រជាជន​សៀម និង​សាធារណៈ​មតិ​អន្ដរជាតិ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់​ បាន​បញ្ជាក់​ថា ​អ្វី​ដែល​សៀម​បាន​លើក​ឡើង​នេះ ជា​ការ​បង្ហាញ​នូវ​មោទនភាព​ និង​អំនួត​អំពី​ឧត្តមភាព​សម្ភាៈ​សឹក ព្រមទាំង​គេចវេស​ពី​ការ​ទទួលខុសត្រូវ ដោយ​ភូត​កុហក​ប្រជាជន​សៀម និង​សាធារណៈ​មតិ​អន្ដរជាតិ​តែ​ប៉ុណ្ណោះ​ ។

លោក ហេង រតនា ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា CMAC ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ យ៉ាង​ដូច្នេះ​ថា​ ៖ «ក្រោយ​ពី​ខ្ញុំ​បាន​បង្ហាញ​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​ប្រភេទ MK-84 ទម្ងន់​ជិត​១​តោន ​របស់​ទាហាន​សៀម​ឈ្លានពាន ដែល​បាន​ទម្លាក់​មក​លើ​បូរណភាព​ទឹកដី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ មាន​សារព័ត៌មាន​ថៃ​មួយ​ចំនួន បាន​ចុះ​ផ្សាយ​បង្វែរ​ការ​ពិត ដោយ​សម្អាង​លើ​តែ​មូលដ្ឋាន​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ ​មាន​បងប្អូន​អ្នក​សារព័ត៌មាន​ជាតិ ​និង​អន្តរជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ​បាន​សាកសួរ ​និង​ស្នើ​សុំ​ឱ្យ​ខ្ញុំ​ជួយ​បកស្រាយ​បំភ្លឺ​បន្ថែម​» ។

អគ្គនាយកអង្គភាពស៊ីម៉ាក់ បាន​លើក​ឡើង​ថា ​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​សង្ខេប​ខ្លឹមសារ​របស់​សារព័ត៌មាន​សៀម​ដែល​បាន​លើ​ក​ឡើង​ និង​ត្រូវ​ធ្វើ​ការ​បកស្រាយ​លើ​ទិដ្ឋភាព​ចំនួន​ ៣​ចំណុច ​ដូច​ខាងក្រោម​ថា​ ៖ ការ​អធិប្បាយ​ថា “​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​របស់​ពួក​គេ សុទ្ធតែ​បាន​ផ្ទុះ​ទាំងអស់​” ខ្ញុំ​យល់​ថា​ ការ​អធិប្បាយ​នេះ ជា​សក្ខីកម្ម​ថ្មី​មួយទៀត ​ដែល​ទាហាន​សៀម​សារភាព​ទទួលស្គាល់​ថា​ បាន​ប្រើប្រាស់​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​ក្នុង​ការ​រំលោភ​ឈ្លានពាន​បូ​រណភាព​ទឹកដី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពិតប្រាកដ​មែន​។ ដោយឡែក ចំពោះ​កម្រិត ​នៃ​ការ​ផ្ទុះ​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ ក៏​ដូច​ជា​គ្រាប់​យុទ្ធភណ្ឌ​ដទៃ​ទៀត​ដែរ សុទ្ធតែ​មាន​កម្រិត​អត្រា​មិន​ផ្ទុះ (Failing rate)​។ ការលើក​ឡើ​ង​ពេល​នេះ មិន​ខុស​គ្នា​ពី​អ្វី ​ដែល​មន្ត្រី​ជំនាញ​សៀម​ ធ្លាប់​បាន​លើក​ឡើង​កន្លង​មក ​ពាក់ព័ន្ធ​ការ​ផ្ទុះ​សំណល់​គ្រាប់បែក​ចង្កោម​សៀម ​ស្លាប់​កុមារ​កម្ពុជា ក៏​ពួក​គេ​បាន​អះអាង​ដូច​គ្នា​នេះ​ដែរ​ថា គ្រាប់បែក​ចង្កោម​សៀម​ បាន​បាញ់​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា ​សុទ្ធតែ​ផ្ទុះ​ទាំងអស់​ អ​ញ្ចឹ​ង​ដែរ ប៉ុន្តែ​ធាតុ​ពិត សំណល់​គ្រាប់បែក​ចង្កោម​ទាំងនោះ នៅ​តែ​បន្ត​បង្ក​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ជា​បន្តបន្ទាប់ ហើ​យ​អង្គភាព ​CMAC នៅ​តែ​បន្ត​រក​ឃើ​ញ​ជា​ហូរហែ​ ។

លោក​បញ្ជាក់​ថា ​៖ “​ខ្ញុំ​យល់​ថា អ្វី​ដែល​សៀម​ បាន​លើ​ក​ឡើ​ង​នេះ ជា​ការ​បង្ហាញ​នូវ​មោទនភាព ​និង​អំនួត​អំពី​ឧត្តមភាព​សម្ភាៈ​សឹក ព្រមទាំង​គេចវេស​ពី​ការ​ទទួលខុសត្រូវ ដោយ​ភូត​កុហក​ប្រជាជន​សៀម និង​សាធារណៈ​មតិ​អន្ដរជាតិ ​តែ​ប៉ុណ្ណោះ​”​ ។

លោក ហេង រតនា បន្ត​ថា ​ការ​លើក​ឡើង​ថា “​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​ប្រភេទ​ MK-84 ​នោះ គឺជា​សំណល់​គ្រាប់​ទម្លាក់​ពី​យន្ដហោះ​របស់​សហរដ្ឋអាមេរិក ​ក្នុង​សង្គ្រាម​នៅ​កម្ពុ​ជា នា​ទសវត្សរ៍​១៩៦០-៧០​នោះ គឺជា​កា​រប​ម្លែ​ង​ការ​ពិតតែ​ប៉ុណ្ណោះ​ និង​ជា​ការ​ទម្លាក់​កំហុស​ព្រមទាំង​មួលបង្កាច់​លើភស្តុ​តាង​ពិតប្រាកដ​នេះ​។ សុំ​បញ្ជាក់​ថា រាល់​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ ក៏​ដូច​ជា​គ្រាប់​យុទ្ធភណ្ឌ​ទាំងអស់​ សុទ្ធតែ​មានការ​កំណត់​អត្តសញ្ញាណ​ច្បាស់លាស់​ដូច​ជា លេខ​កូដ ថ្ងៃខែ​ឆ្នាំ​ និង​ក្រុមហ៊ុន ព្រមទាំង​ប្រទេស​ផលិត ដែល​នេះ​ជា​បទដ្ឋាន​អន្ដរជាតិ​។ ជាក់ស្ដែង​គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​ប្រភេទ​ MK-84 ដែល​បាន​បង្ហាញ​ក្នុង​រូបភាព​ទាំង​២ ​គ្រាប់​នេះ ​មាន​លេខ​កូដ ​៖ 30003-923AS105 លេខ​ឡូ​តិ៍​គ្រាប់​៖ IMI96G015-011 ផលិត​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​យោធា​អ៊ីស្រា​អ៊ែ​ល នៅ​ឆ្នាំ​១៩៩៦​។ ផ្អែក​លើ​មូលដ្ឋាន​នេះ សួរ​ថា តើ​គ្រាប់បែក​ដែល​ផលិត​ក្នុង​ឆ្នាំ​១៩៩៦ អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​សង្គ្រាម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ​ក្នុង​អំឡុងឆ្នាំ​១៩៦២-១៩៧៥ បាន​ដែរឬ ?

ជាមួយ​គ្នា​នោះ​ដែរ លោក​ថា ​ដោយឡែក​ចំពោះ​ការ​លើក​ឡើង​ថា “​គ្រាប់បែក​ MK-84​ នេះ​មិន​អាច​ផ្ទៀងផ្ទាត់​បាន ដោយសារ​គ្មាន​ប្រភព​ព័ត៌​មាន​ច្បាស់លាស់​ឡើយ​” ​ត្រង់​ចំណុច​នេះ តាម​ធម្មតា​ការ​ផ្ទៀត​ផ្ទាត់​អាច​ដំណើ​រការ​បាន ដោយ​ការ​ត្រួតពិនិត្យ​ភស្តុ​តាង​ជាក់ស្តែង ​ដូច​ជា គ្រឿង​បង្គំ​គ្រាប់បែក ទីតាំង​រណ្តៅ​គ្រាប់ សាក្សី និង​ទិន្នន័យ​ការ​ហោះ​ហើ​រ​ទម្លាក់​គ្រាប់បែក​ជា​ដើ​ម​។ ជាក់ស្តែង រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្ដល់​ទិន្នន័យ​ការ​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ ជូន​រាជរដ្ឋាភិបាល ដើម្បី​គាំទ្រ​សកម្មភាព​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ ​និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជា​កិច្ចការ​មនុស្សធម៌ ក៏​ដូច​ជា​បង្ហាញ ​នូវ​ស្មារតី​ការ​ទទួលខុសត្រូវ​ខាង​សីលធម៌​ ផង​ដែរ ​។

អង្គភាព​ CMAC ​ក៏​បាន​ប្រើប្រាស់​ទិន្នន័យ​នោះ ដើម្បី​គាំទ្រ​កិច្ច​ប្រតិបត្តិកា​របស់​ខ្លួន​ ប្រកបដោយ​ប្រសិទ្ធភាព​។ សូម​បញ្ជាក់​បន្ថែម​ជា​ថ្មី​ថា ទីតាំង​គ្រាប់បែក​របស់​ទាហាន​សៀម ​ដែល​អង្គភាព​ CMAC​ បាន​រក​ឃើញ គឺ​គ្មាន​នៅ​ក្នុង​ទិន្នន័យ​ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋអាមេរិក​នោះ​ទេ ​។

សរុប​រួម គ្រាប់បែក​ទម្លាក់​ពី​យន្ដហោះ​ MK-84 គ្រាប់បែក​ចង្កោម និង​គ្រាប់​យុទ្ធភណ្ឌ​ដទៃ​ទៀត ​ដែល​អង្គភាព​ CMAC បោសសម្អាត​ និង​ប្រមូល​បាន​នោះ សុទ្ធតែ​មាន​កំណត់​ត្រា​ទីតាំង អត្តសញ្ញាណ​គ្រាប់ ក៏​ដូច​ជា​ស្ថានភាព​គ្រាប់​ច្បាស់លាស់ ដែល​អាច​ផ្ដល់​លទ្ធភាព​ដល់​អ្នកជំនាញ​ជាតិ​ និង​អន្ដរជាតិ អាច​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​សិក្សា​លម្អិត​បាន​។ ចំណែក​ខ្លះ ​នៃ​តឹង​តាង​ទាំងនេះ ត្រូវ​ថែរក្សា​ទុកជា​មរតក​ប្រវត្តិសាស្ត្រ​ដើម្បី​រំលឹក​ចង​ចាំ​ នូវ​ទុក​សោកនាដកម្ម​សង្គ្រាម​ និង​ការ​ផ្សព្វផ្សាយ​ ​នូវ​វប្បធម៌​សន្តិភាព​សម្រាប់​មនុស្សជាតិ​! ។ ការ​ពិត​ នៅ​តែ​ជា​ការ​ពិត (​ជួប​របស់​ពិត​) ដោយ​គ្មាន​ការ​ក្លែងបន្លំ លាប​ពណ៌ និង​មួលបង្កាច់​អ្វី​ឡើយ​!! ៕

Screenshot
Screenshot
Screenshot
Screenshot