ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​លុប​ចោល​ផែនការ​សាងសង់​នាវាចម្បាំង​ធំ​បំផុត​របស់​ខ្លួន ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២

1 ម៉ោង មុន

ទីក្រុង​ប៊ែ​រ​ឡាំង ៖ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​សម្រេចចិត្ត​លុប​ចោល​ទាំងស្រុង​ជា​ផ្លូវការ​ហើយ នូវ​គម្រោង​នាវាចម្បាំង​ហ្វ្រី​ហ្គេ​ត F126 (F126 Frigate) ដែល​ជា​កម្មវិធី​សាងសង់​នាវា​ធំ​បំផុត​របស់​ខ្លួន ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក​ម្ល៉េះ​។

ក្រសួងការពារជាតិ​អា​ល្លឺ​ម៉​ង់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​បន្ត​ផែនការ​សាងសង់​នាវាចម្បាំង​ប្រភេទ F126 ចំនួន ៦ គ្រឿង​ទៀត​នោះ​ទេ ដោយ​បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការ​សម្រេចចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ភាពយឺត​យ៉ាវ​យ៉ាង​ខ្លាំង​ក្នុង​គម្រោង ការ​កើនឡើង​តម្លៃ​ដែល​អាច​មើលឃើញ​ទុកជា​មុន និង​ហានិភ័យ​នានា អាច​នឹង​កើត​មាន​ឡើង ប្រសិនបើ​មានការ​ផ្លាស់​ប្តូរ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​។

ជំនួស​មក​វិញ លោក Boris Pistorius រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អា​ល្លឺ​ម៉​ង់ កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២៩២៦ បានឱ្យ​ដឹង​ថា ផែនការ​នៅ​ពេល​នេះ អា​ល្លឺ​ម៉​ង់​បាន​បង្វែរ​ទៅ​បញ្ជា​ទិញ​នាវាចម្បាំង​ថ្នាក់ Meko A-200 ដែល​មាន​ទំហំ​តូច​ជាង ចំនួន ៨ គ្រឿង​ពី​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក TKMS ជំនួស​ឱ្យ​នាវាចម្បាំង​ខ្នាត​យក្ស​ទាំង ៦ គ្រឿង ដែល​គម្រោង​ត្រូវ​បាន​លុប​ចោល​។

យោង​តាម​សេចក្តីថ្លែងការណ៍​មុន​ៗ នាវាចម្បាំង F126 ដែល​មាន​ប្រវែង ១៦៦ ម៉ែត្រ ត្រូវ​បាន​រចនា​ឡើង ដើម្បី​ក្លាយជា​នាវា​ប្រយុទ្ធ​ដ៏​ធំ​បំផុត​របស់​កងទ័ពជើងទឹក​។ ការ​សាងសង់​នាវា​ដំបូង​គេ (​គ្រឿង​ទី​១) បាន​ចាប់ផ្តើម​នៅ​ចុងឆ្នាំ ២០២៣ ប៉ុន្តែ​ក្រោយមក​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បញ្ជា​ទិញ​ដែល​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​តម្លៃ​រហូត​ទៅ​ដល់ ១០ ពាន់​លាន​អឺ​រ៉ូ ឬ ១១,៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​យឺតយ៉ាវ​ជា​ច្រើន​ឆ្នាំ​។ លោក Pistorius បាន​លើក​ឡើង​ថា បញ្ហា​ស្ថិត​លើ​ក្រុមហ៊ុន​សាងសង់​នាវា​របស់​ប្រទេស​ហូ​ឡង់ Damen គឺជា​មូលហេតុ​ចម្បង​៕ ប្រភព ៖ Anadolu