ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គួរឱ្យបារម្ភ! ករណី«ធាត់ជ្រុល»កំពុងកើនឡើងលឿនបំផុតចំពោះយុវវ័យនៅក្នុងប្រទេស​អង់គ្លេស

1 ម៉ោង មុន

អង់គ្លេស​ ៖ ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​ដ៏​ល្បីល្បាញ The Lancet បាន​បង្ហាញ​ថា អត្រា​នៃ​ការ​កើត​មាន «​ជំងឺ​ធាត់​ជ្រុល​» (Obesity) ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ វ័យក្មេង​ នៅ​ប្រទេស​អង់គ្លេស កំពុង​មានការ​កើនឡើង​ក្នុង​ល្បឿន​យ៉ាង​គំហុក ដែល​ខុស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​ស្រាវជ្រាវ ​។ នេះបើតាមការចុះផ្សាយរបស់ BBC News ។

តួលេខ​នៃ​ការ​កើនឡើង​តាម​ក្រុម​អាយុ​ គឺ​​អាយុ៣០ឆ្នាំ​៖ អត្រា​នៃ​ការ​រក​ឃើញ​ករណី​ធាត់​ជ្រុល​ថ្មី​ៗ​ក្នុង​ឆ្នាំ​២០២៤-២០២៥ បាន​កើនឡើង​ខ្ពស់​ជាង​ជិត​២០% បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៩-២០២០ ​។ ក្រុម​អាយុ២០ឆ្នាំ​៖ ករណី​ធាត់​ជ្រុល​ថ្មី​បាន​កើនឡើង​១៦%​ក្នុង​រយៈពេល​ដូច​គ្នា ​។

ទោះបីជា​ជា​រួម ក្រុម​មនុស្ស​វ័យ​៤០​ឆ្នាំ និង​៥០​ឆ្នាំ នៅ​តែ​ជា​ក្រុម​ដែល​មាន​ករណី​ធាត់​ជ្រុល​ច្រើន​ជាងគេ​ក៏​ដោយ ប៉ុន្តែ​សន្ទុះ​នៃ​ការ​កើនឡើង​យ៉ាង​លឿន​ក្នុង​ចំណោម​ក្រុម​យុវវ័យ​បែប​នេះ គឺជា​សញ្ញា​អាសន្ន​មួយ ​។

​អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ធាត់​ជ្រុល​តាំងពី​វ័យក្មេង បង្កើន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​លឿន​ជាង​មុន​។

និន្នាការ​នៃ​ការ​ធាត់​ជ្រុល​តាំងពី​វ័យក្មេង​នេះ កើត​មាន​ច្រើន​ជាងគេ​ទៅ​លើ​ក្រុម​មនុស្ស​ដែល​មិនមែន​ជា​ជនជាតិ​ស្បែក​ស ​។ តាមការ​សិក្សា​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា តំបន់​ដែល​មាន​កម្រិតជីវភាព​ខ្វះខាត ឬ​ក្រីក្រ​ខ្លាំង មាន​អត្រា​កើនឡើង​នៃ​អ្នកជំងឺ​ធាត់​ជ្រុល​ខ្ពស់​បំផុត ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ទោះបីជា​ពួក​គេ​ធ្លាប់​ដឹង​ពី​ទម្រង់​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​ធាត់​ជ្រុល​នេះ​ខ្លះ​ៗ​ក៏​ដោយ ប៉ុន្តែ​ការ​បង្កើន​ល្បឿន​នៃ​ករណី​ថ្មី​ៗ​ចំពោះ​មនុស្ស​ពេញវ័យ​វ័យក្មេង​បែប​នេះ គឺជា​គំរូ​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​នឹក​ស្មាន​ដល់​នោះ​ឡើយ ​។