ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ចាត់​ទុក​បញ្ហា​សន្តិសុខ​ ជា​កត្តា​កំណត់​សេចក្តីសុខ​ក្សេមក្សាន្ត និង​ភាព​សុខដុមរមនា​របស់​ពលរដ្ឋ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​កម្ពុជា​កំពុង​ទទួល​រង​នូវ​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​យ៉ាងណា​ ក៏​រាជរដ្ឋាភិបាល​កម្ពុជានៅ​តែ​ចាត់​ទុក​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​សង្គម គឺជា​កត្តា​កំណត់​សេចក្តីសុខ​ក្សេមក្សាន្ត និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​ ។

យោង​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​បង្ហោះ​សារ​ដោយ​​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រោម​ប្រ​ធានប​ទ «​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿងញៀន​ក្នុង​បរិបទ​ថ្មី ប្រកបដោយ​ភាព​ច្នៃ​ប្រឌិ​ត​»​។

សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា ឆ្លើយ​តប​ទៅ​នឹង​បរិបទ​សាកលលោក ដែល​ប្រកប​ទៅ​ដោយ​កត្តា​មិន​អំណោយផល និង​បញ្ហា​អសន្តិសុខ​យ៉ាងច្រើន​អនេក និង​បើ​ទោះបីជា​កម្ពុជា​ទទួល​រង​នូវ​ការ​ឈ្លានពាន​បូរណភាព​ទឹកដី និង​រំលោភ​អធិបតេយ្យ​ជាតិ ពី​សំណាក់​ប្រទេស​ជិតខាង​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជាក៏​នៅ​តែ​ចាត់​ទុក​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​សង្គម គឺជា​កត្តា​កំណត់​សេចក្តីសុខ​ក្សេមក្សាន្ត និង​ភាព​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​ ។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​បន្ថែម​ថា ​តាម​រយៈ​ការ​ដាក់​ចេញ​គោ​លន​យោ​បាយ​ យុទ្ធសាស្ត្រ​មុត​ស្រួច និង​បទបញ្ជា​ម៉ឺងម៉ាត់​នានា ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​រាល់​បទល្មើស​គ្រប់​ប្រភេទទាំង​បទល្មើស​ប្រពៃណី និង​មិន​ប្រពៃណី រួម​ទាំង​បទឧក្រិដ្ឋ​គ្រឿងញៀន​ផង​ដែរ​។

ក្នុង​នោះ​ រាជរដ្ឋាភិបាល​ដែល​មាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​សេនាធិការ បាន​​ខិតខំ​ឆ្លើយ​តប​យ៉ាង​សកម្ម​ឈ្មូ​ស​ឈ្នួល​ទៅ​នឹង​បញ្ហា​នេះ ដោយ​ប្រើប្រាស់​គ្រប់​មធ្យោ​បាយ យុទ្ធវិធី និង​វិធានការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ឆ្លើយ​តប​ឱ្យ​សម​ស្រប​ទៅ​នឹង​បរិការណ៍​ពិភពលោក​ដែល​វិ​វ​ឌ្ឍ​ដ៏​សែន​លឿន​រហ័ស​ខុស​ពី​ការ​រំពឹង​ទុក ជា​ពិ​សេ​ស ​ឈរ​លើគោលការណ៍​រួបរួម​គ្នា​ពី​កម្លាំង​ច​លករ​គ្រប់​វិស័យ ក្រោម​ស្មារតី​ក្នុង​ការ​ចាត់​ទុក​បេសក​កម្ម​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​ទំនួល​ខុស​ត្រូវ​រួម​របស់​សង្គម​ជាតិ​ទាំងមូល​ ៕