ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​ឆែកឆេរ ១០១ ទីតាំង ​រក​ឃើញ​បទល្មើស​ឆ​បោ.ក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​ជួញដូរ​គ្រឿងញៀ.ន​ឃាត់ខ្លួន​ជនសង្ស័យ ២៦​នាក់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​២៦​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ ត្រួតពិនិត្យ​ឆែកឆេរ​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​ចំនួន​១០១​ទីតាំង ដោយ​រក​ឃើញ​បទល្មើស​ចំនួន​២​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS)​និង​បទល្មើស​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​តាម​ទីតាំង​អគារ​ខុន​ដូ អា​ផាត​មិន បុរី ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយ​ចំនួន ក្នុង​គោលដៅ​ប្រតិបត្តិការ​បោសសម្អាត​ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) និង​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដី​ពី​ការ​គ្រប់គ្រង​សន្ដិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ ក្នុងភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ បាន​ចំនួន​១០១​ទីតាំង​។

ជា​លទ្ធផល​ក្រុមការងារ​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​រក​ឃើញ​ជនបរទេស​ស្នាក់​នៅ​សរុប​ចំនួន ៣៤១​នាក់ (​ស្រី ១១៨​នាក់​) ក្នុង​នោះ​ជនបរទេស​ដែល​ស្នាក់​នៅ​ដោយ​ពុំ​មាន​លិខិត ឆ្លង​ដែន​មាន​ចំនួន ២០​នាក់​។ ក្នុង​ចំណោម ១០១​ទីតាំង​នេះ ក្នុង​នោះ​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​មាន​ទីតាំង​ករណី​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១​ករណី ស្ថិត​នៅ​បុរី​ជីប​ម៉ុង ៥០​ម៉ែត្រ ភូមិ​គ្រឹះ​លេខ​១១ ផ្លូវ​P០៤ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២៤​នាក់ (​ស្រី ១​នាក់​) ព្រមទាំង​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​។

ដោយឡែក​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន ១​ករណី ស្ថិត​នៅ​ខុន​ដូរ អេ​ច​សែន​សុខ ជាន់​ទី​២៥ បន្ទប់​A២ ស្ថិត​នៅ​ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ២​នាក់ (​ប្រុស​) ព្រមទាំង​ដកហូត​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​។
ជនសង្ស័យ និង​សម្ភារ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ដ​នីតិវិធី​៕​