ឃុំរូបកាយ តែមិនឃុំចំណេះ ! ពន្ធនាគារកម្ពុជាក្លាយជាកន្លែងបណ្តុះជំនាញដល់ជនជាប់ឃុំជាង៨,០០០នាក់ឱ្យមានបំណិនជីវិតច្បាស់លាស់
- ភ្នំពេញ
រាធានីភ្នំពេញ ៖ ឃុំរូបកាយ តែមិនឃុំចំណេះ ! ៩ខែមកនេះ មានជនជាប់ឃុំជាង៨ពាន់នាក់ទទួលការបណ្តុះបណ្តាល និងជាង២០០នាក់បានវិញ្ញាបនបត្រ ។
បើយោងតាមផេកក្រសួងមហាផ្ទៃបានប្រកាសនាព្រឹកថ្ងៃទី២១ ខែតុលានេះថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបន្តជំរុញការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមុខរបរ ដល់ជនជាប់ឃុំសរុបចំនួន ៨.១៤៩នាក់ ក្នុងនោះមានស្ត្រី៧០៣នាក់ ដើម្បីផ្តល់បំណិនជីវិតការងារ ក្រោយពេលទទួលបានសេរីភាពឡើងវិញ ក្នុងនោះ មានជនជាប់ឃុំចំនួន២៦២នាក់ ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាជាផ្លូវការ ។

របាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងទៀតថា ក្នុងចំណោមជនជាប់ឃុំជាង ៨ពាន់នាក់ដែលទទួលបានការបណ្ដុះបណ្ដាលនោះ រួមមានការអនុវត្តសាកល្បងជំនាញ និងមុខរបរជាក់ស្តែង មានចំនួន ៤.៥២១នាក់ ការបណ្តុះបណ្តាលដោយអង្គភាពផ្ទាល់មាន១.២០៩នាក់ និងការបណ្តុះបណ្តាលក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌល ព្រមទាំងអង្គការដៃគូនានាចំនួន២.៤១៩នាក់ ។
ជំនាញសំខាន់ៗ ដែលអគ្គនាយកដ្ឋានពន្ធនាគារបានបណ្ដុះបណ្ដាល រួមមានជំនាញកាត់ដេរ សម្អាងការ ការងារសំណង់ ការប្រើប្រាស់ និងជួសជុលកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច បរិក្ខារត្រជាក់ និងគ្រឿងយន្តជាដើម ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានពង្រឹងការរៀបចំ និងអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូច សិប្បកម្ម កសិកម្ម និងជំនាញសំណង់ក្នុងពន្ធនាគារ ដោយផ្អែកលើសក្តានុពលនៅតាមពន្ធនាគារនីមួយៗ ព្រមទាំងស្វែងរកប្រភពធនធាន និងដៃគូវិនិយោគបន្ថែម ។
ដោយឡែក សេវាអប់រំកែប្រែ និងស្តារនីតិសម្បទា ក៏ត្រូវបានអនុវត្តយ៉ាងសកម្មផងដែរ ដោយបច្ចុប្បន្នមានជនជាប់ឃុំកំពុងសិក្សាថ្នាក់អក្ខរកម្ម ថ្នាក់សមមូល (BEEP) និងថ្នាក់ភាសាបរទេស សរុបចំនួន ៩០ថ្នាក់ ស្មើនឹង ១.៥៨៩នាក់ (ស្ត្រី ១៧៨នាក់) ខណៈអ្នកជាប់ឃុំ ២.១៣៣នាក់ ទៀតកំពុងរៀនអក្ខរកម្មតាមបន្ទប់ និង៦៧.៩៤១នាក់ ទទួលបានការផ្សព្វផ្សាយអប់រំអំពីបទបញ្ជាផ្ទៃក្នុង បញ្ហាគ្រឿងញៀ.ន សីលធម៌សង្គម សាសនា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន នៅទូទាំងប្រទេសមានជនជាប់ឃុំប្រមាណ ជាង៧២០០០នាក់ និងមានពន្ធនាគារចំនួន២៥ ព្រមទាំងមណ្ឌលអប់រំកែប្រែចំនួន៤ ៕
ចែករំលែកព័តមាននេះ