រយៈពេល២ខែចុងក្រោយ មន្ត្រីឧទ្យានុរក្សបើកយុទ្ធនាការចុះល្បាត និងបង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ«គីរីរម្យ»
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ មន្ត្រីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគីរីរម្យនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការកាប់ គាស់ រុករាន ឆ្ការ ដុត និងដាំដំណាំ គោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិ (មិនជួបម្ចាស់) ចំនួន១ករណី នៅចំណុចខាងលើ អូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គីរីរម្យ» ។ មន្ត្រីឧទ្យានុរក្សកំពុងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីចាត់ការតាមនីតិវិធីនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ។

សូមបញ្ចាក់ផងដែរថា ក្នុងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ រយៈពេល២ខែចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី១៩ សីហា រហូតដល់ថ្ងៃទី២០ តុលា ឆ្នាំ២០២៦) មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់សរុបចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ»។

បទល្មើសបង្ក្រាបបានទាំងនោះរួមមាន៖ ទី១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ១៩.៥៧ហិកតា ចំនួន៣៤ករណី និងបានបញ្ជូនទៅតុលាការបានចំនួន៥ករណី សរុបផ្ទៃដីទំហំ២.៨៥ហិកតា ។ ទី២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ៣.៥២ហិកតា ចំនួន៥ករណី ។ ទី៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី ។ ទី៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម និង៤សន្លឹក ចំនួន៤ករណី ។ ទី៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាតចំនួន៤ករណី និងទី៦- បាញ់ថ្នាំសម្គាល់ព្រំដី២ករណី ។

ក្រសួងបរិស្ថាន ក៏ដូចជាមន្ទីរបរិស្ថានខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានផ្តល់ព័ត៌មាន និងចូលរួមការពារធនធានធម្មជាតិ ដើម្បីការរស់នៅរបស់ប្រកបដោយចីរភាព ។ អនុលោមតាម«យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» ជាពិសេស ការផ្តោតលើមុំយុទ្ធសាស្ត្រទី២.១ គឺ«ការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់»ក្រុមមន្ត្រីឧទ្យានុរក្សនៃការិយាល័យឧទ្យានជាតិគិរីរម្យ នឹងបន្តយុទ្ធនាការចុះល្បាត និងទប់ស្កាត់បទល្មើសធនធានធម្មជាតិបន្ថែមទៀត ៕








ចែករំលែកព័តមាននេះ