ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ ឯកភាព​បង្កើត​ប្រព័ន្ធ​ខ្សែ​ទំនាក់ទំនង​ផ្ទាល់ (Hotline) ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ដែល​អាច​កើតឡើង​ក្នុង​ដែនសមុទ្រ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើត​ខ្សែ​ទំនាក់ទំនង​ផ្ទាល់ (Hotline) រវាង​មេបញ្ជាការ​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​នៅ​ដែនសមុទ្រ នៅ​ក្នុងអំឡុងពេល​ភាគី​ទាំង​ពីរ​ប្រឈម ឬ​កំពុង​ដោះស្រាយ នេះ​បើ​តាម​ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) នា​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​២ គណៈកម្មការ​ផ្សះផ្សា​ក្រោម UNCLOS រវាង​កម្ពុជា និង​ថៃ យើង​បាន​ឯកភាព​គ្នា​បង្កើត​ខ្សែ​ទំនាក់ទំនង​ផ្ទាល់​មួយ (Hotline) រវាង​មេបញ្ជាការ​នៃ​កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​នៅ​ដែនសមុទ្រ ដែល​អាច​កើតឡើង ជា​ពិសេស​នោះ នៅ​ក្នុង​ពេល​ដែល​យើង​កំពុងធ្វើការ​ចរចា​ជាមួយ​គ្នា​»​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បានឱ្យ​ដឹង​បន្ថែម​ថា​៖ «​មួយទៀត យើង​ក៏​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ក្នុង​កម្រិត​ភាព​ជា​ការទូត​សម​ស្រប ដើម្បី​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ រក្សា​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​គ្នា​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​តាម​ផ្លូវ​ការទូត មិនមែន​តាម​ផ្លូវ​យោធា​នោះ​ទេ​»​។

ប្រមុខ​ការទូត​កម្ពុជា បានឱ្យ​ដឹង​ទៀត​ថា វិធានការ​ទាំងឡាយ ក៏​ដូច​ជា​វិធានការ​កសាង​ទំនុកចិត្ត​ដែល​ផ្សព្វផ្សាយ​ដោយ​តុលាការ​ម​ជ្ឈ​ត្តិ​ការភាគច្រើន​ជា​កិច្ចព្រមព្រៀង ​ដែល​មាន​ស្រាប់​រួច​ហើយ ប៉ុន្តែ​ហេតុ​អ្វី​បានជា​យើង​យក​មក​និយាយ ? ភាព​ខុស​គ្នា​នោះ​គឺ យើង​ធ្វើ​ឡើង​នៅ​ក្រោម​ដំបូល​អគារ​មួយ ដែល​ជា​ទីស្នាក់ការ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​អចិន្ត្រៃយ៍​ម​ជ្ឈ​ត្តិ​ការ ដែល​មាន​ទម្ងន់​ទាំង​ខាង​សីលធម៌ និង​ខាង​នយោបាយ​ច្បាប់​ ផង​ដែរ ​៕