ខេត្តសៀមរាប ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំង នៃប្រាសាទមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លា ខេត្តសៀមរាប ។
បន្ទាប់ពីការជួសជុលរួចរាល់ បច្ចុប្បន្ននេះ ដំណើរការគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច ទ្រង់ទ្រាយធំក្រោមកិច្ចសហប្រតិបត្តិការស្មើភាពគ្នារវាងកម្ពុជា និងបារាំង បានបញ្ចប់ហើយ ក្រោយចំណាយរយៈពេលជួសជុលដ៏លំបាកអស់១៤ឆ្នាំ ដោយចំណាយទឹកប្រាក់ចំនួន១២លានដុល្លារ ។
តួប្រាង្គចំនួន១៦ ព័ទ្ធជុំវិញដោយកំពែងប្រវែង១០០ម៉ែត្របួនជ្រុង និងរចនាសម្ព័ន្ធតួស្ពានហាលឆ្ពោះបល្ល័ង្គព្រះវិស្ណុផ្ទុំនៅកណ្ដាលប្រាសាទ ដែលធ្លាប់តែបែកបាក់ និងដួលរលំស្ទើរតែទាំងស្រុង បានឈរបង្ហាញខ្លួនយ៉ាងរឹងមាំឡើងវិញជាថ្មី នៅកណ្តាលមហាសាគរដ៏ធំល្វឹងល្វើយនៃបារាយណ៍ទឹកថ្លា ដែលជាអាងស្ដុកទឹកយ៉ាងសំខាន់មួយនៅសម័យអង្គរ ។
ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើន បានចូលទៅទស្សនា និងថតរូប។ ភ្ញៀវទេសចរភាគច្រើន បានចាប់អារម្មណ៍នឹងទិដ្ឋភាពប្រាសាទមេបុណ្យខាងលិច ដែលបណ្តែតខ្លួននៅកណ្តាលកោះមានទឹកព័ទ្ធជុំវិញ និងកោតសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯកមួយនេះ។ ជាងនេះទៅទៀត គឺការជួសជុល និងលើកតម្លៃឡើងវិញ ដោយក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា ដែលប្រឹងប្រែងច្រើនឆ្នាំមកនេះ ។
ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងរាជរដ្ឋាភិបាលបារាំង ប្រាសាទមេបុណ្យខាងលិច បានបង្ហាញរូបរាងជាថ្មីឡើងវិញ ក្រោយពីរងការខូចខាតបាត់បង់រូបអស់មួយផ្នែកធំ។ ស្ថិតនៅកណ្តាលបារាយណ៍ ហ៊ុំព័ទ្ធដោយទឹកល្ហល្ហេវប្រាសាទមេបុណ្យខាងលិច មានសម្រស់ស្អាតប្លែក និងមានសោភ័ណភាពប្រែប្រួលទៅតាមពេលវេលា ចាប់តាំងពីព្រលឹមរហូតដល់ថ្ងៃលិច បាននឹងកំពុងទាក់ទាញទេសចរ ឱ្យមកទស្សនាឥតដាច់ ។
សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការងារជួសជុលប្រាសាទមេបុណ្យខាងលិច គ្រោងនឹងសម្ពោធបើកចូលទស្សនាជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ៕

























































ចែករំលែកព័តមាននេះ