រាជធានីភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីលែងលះប្រពន្ធរួច បានក្លាយជាបុរសពោះម៉ាយខូចចិត្ត ហើយថែមទាំងដឹងថា ប្រពន្ធដែលលែងលះនោះ នាងបានយកប្ដីក្រោយ និងមានកូនប្រុសម្នាក់ទៀតផងនោះ រឹតតែធ្វើឲ្យគាត់ខូចចិត្តកាន់តែខ្លាំងថែមទៀត។ ថ្ងៃណាក៏ដូចថ្ងៃណាដែរ គាត់តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតបាត់បង់ស្មារតី ដោយឡែក ១ថ្ងៃ មុនស្រាប់តែបាត់ខ្លួនពីផ្ទះជួល ដោយមិនដឹងថា គាត់ដើរទៅណា ឬមានរឿងហេតុអ្វីកើតឡើងនោះទេ ។
ចំណែកឯក្រុមគ្រួសារគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានរកគ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញឡើយ រហូតដល់វេលាម៉ោង៣រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។ ក្មួយស្រីរបស់គាត់ម្នាក់ បានកាន់រូបថតគាត់ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍ពីអាជ្ញាធរ និងនគរបាលប៉ុស្តិ៍ ឲ្យជួយរកឪពុកមានាងរូបនោះផងដែរ ។
បុរសដែលបាត់ខ្លួនខាងលើឈ្មោះ សុខ កុសល អាយុ៤២ឆ្នាំ មានទីលំភូមិអូរចា ឃុំពោធិ៍ម្រៀល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ សព្វថ្ងៃស្នាក់នៅជាមួយបងស្រីបង្កើត ក្នុងបន្ទប់ជួលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌណ្ឌពោធិ៍សែនជ័យ។ គាត់បានបាត់ខ្លួនពីបន្ទប់ជួល កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ រយៈពេល១យប់២ថ្ងៃហើយ ។
ក្មួយស្រីគាត់បាននិយាយរៀបរាប់ថា ឪពុកមារបស់នាងម្នាក់នេះបានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ ចាន់ ធីម អាយុជាង៤០ឆ្នាំ ដែលជាស្រីមេម៉ាយកូន២ កាលពីប៉ុន្មានឆ្នាំមុន តែនាងពុំបានចាំថ្ងៃខែនិងឆ្នាំ ដែលឪពុកមានាង និងស្រីមេម៉ាយខាងលើរៀបការនោះទេ។ ក្រោយពីរៀបការរួចអ្នកទាំង២ បង្កើតបានកូនប្រុស២នាក់ និងកូនស្រី១នាក់ ប៉ុន្តែក្រោយពីការរស់នៅជាមួយគ្នាជាប្ដីប្រពន្ធច្រើនឆ្នាំរួចមក ក៏មានរឿងរកាំរកូសកើតឡើងរហូតឈានដល់ផ្លូវបែក ហើយអ្នកទាំង២ ក៏សម្រេចចិត្តលែងលះគ្នាបានរយៈពេលជិត២ឆ្នាំមកហើយ ។
ក្មួយស្រីរូបនោះបាននិយាយបន្តថា បន្ទាប់ពីលែងលះគ្នារួចមក ឪពុកមារបស់នាងបានរស់នៅម្នាក់ឯង និងបានផឹកស្រារាល់ថ្ងៃ ហើយកូនៗរបស់គាត់បានទៅរស់នៅផ្ទះជួលជាមួយបងស្រីបង្កើតរបស់គាត់(បងស្រីឪពុកមានាង)។ ដោយកូនប្រុសម្នាក់ធ្វើជាជាងជួសជុលរថយន្ត និងកូនស្រីជាកម្មការិនីរោងចក្រ ចំណែកអតីតប្រពន្ធបានយកប្ដីថ្មីម្នាក់ទៀត មករស់នៅក្នុងផ្ទះជាមួយដែរ ហើយបានប្រាប់គេឯងថា ប្ដីក្រោយនោះ គឺជាប្អូនធម៌របស់ខ្លួនទៅវិញ។ ប៉ុន្តែក្រោយមកទៀត ស្រាប់តែបែកធ្លាយរឿងអ្នកទាំង២ (ប្រពន្ធនិងប្ដីក្រោយ) មានកូនជាមួយគ្នា ហើយអ្នកទាំង២ ក៏បាននាំគ្នាចាកចេញទៅរស់នៅផ្ទះប្ដីក្រោយឯខេត្តកំពង់ឆ្នាំង បាត់ទៅ ។
នាងក្មួយបាននិយាយប្រាប់ទៀតថា បន្ទាប់ពីបានដឹងថា អតីតប្រពន្ធមានប្ដីថ្មី និងមានកូនថែមទៀតនោះ បានធ្វើឲ្យឪពុកមារបស់នាងរូបនេះ ខូចចិត្តកាន់ខ្លាំងឡើងថែមទៀត ហើយបានបន្តផឹកស្រា កាន់តែខ្លាំងឡើង រហូតក្លាយទៅជាមនុស្សបាត់បង់ស្មារតី។ រហូតដល់ក្រោយថ្ងៃបុណ្យភ្ជុំ ដោយសារតែព្រួយបារម្ភ ព្រោះឃើញប្អូនប្រុសរស់នៅម្នាក់ឯង ហើយផឹកស្រារហូតបាត់បង់ស្មារតីបែបនេះ ទៀតនោះ ស្ត្រីជាបងខាងលើបាននាំមកឲ្យស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌណ្ឌពោធិ៍សែនជ័យ ជាមួយគាត់ងាយស្រួលមើលថែ ។
ស្ត្រីជាក្មួយខាងលើ បាននិយាយប្រាប់បន្ថែមទៀតថា ក្រោយបងស្រីនាំមកស្នាក់នៅជាមួយបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទៅ១៩ ខែតុលា ឆ្នាំ២០២៦ ស្រាប់តែឪពុកមារូបនោះបានបាត់ខ្លួនពីបន្ទប់ជួល ដោយពុំដឹងថា គាត់ទៅទីណាមានសុខទុក្ខយ៉ាងណានោះទេ។ បន្ទាប់មកក្រុមគ្រួសារបានតាមស្វែងរកគាត់គ្រប់ទីកន្លែង ប៉ុន្តែរកមិនឃើញសោះ រហូតមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែតុលា នាងក៏បានកាន់រូបថតឪពុកមា ធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដើម្បីសុំការអន្តរាគមន៍ពីអាជ្ញាធរ និងនគរបាលប៉ុស្តិ៍ ជួយរកឪពុកមារបស់នាង ហើយប្រសិនបើបងប្អូនណាបានប្រទះឃើញបុរសដែលមានភិនភាគដូចក្នុងរូបថតសូមជួយផ្ដល់ដំណឹងដោយអនុគ្រោះផង ៕





ចែករំលែកព័តមាននេះ