ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីប្រាក់​ទិញ​រថយន្ត​បង់​រំលស់​យក​ទៅ​បញ្ចាំ រួច​គេចខ្លួន​បាត់ ក្រុមហ៊ុន​ប្រាក់​កម្ចី​ឃាត់ខ្លួន​អ្នក​ទទួល​បញ្ចាំ​ម្នាក់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់ ​បាន​ទៅ​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​ប្រាក់​កម្ចី​មួយកន្លែង ជាង​១​ម៉ឺន​ដុល្លារ​ យក​ទៅ​ទិញ​រថយន្ត ​១​គ្រឿង ហើយ​ទើប​បង់ប្រាក់​រំលស់​ឲ្យ​ក្រុមហ៊ុន​ បាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ក៏​គេចវេស ​លែង​បង់​បន្ត​ទៀត។ បន្ទាប់​មក ​បាន​ដោះ​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​ GPS ​បោះចោល រួច​យក​រថយន្ត​ខាងលើ​ ទៅ​ដាក់បញ្ចាំ​យក​ប្រាក់ ហើយ​គេចខ្លួន​បាត់​ស្រមោល។ លុះ​ក្រោយមក​ ក្រុមហ៊ុន​ខាងលើ​បានរកឃើញ​អ្នក​ទទួល​បញ្ចាំ ដែល​បង្ហោះ​លក់​រថយន្ត​នោះ​ តាម​ប្រព័ន្ធ​តេ​លេ​ក្រាម ក៏​បាន​ណាត់ជួប ​រួច​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​.ស ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ការ​ឃាត់ខ្លួន​នោះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ តេ​លា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ ដែល​ជា​អ្នក​ខ្ចីប្រាក់​ក្រុមហ៊ុនខាងលើ ទិញ​រថយន្ត​បង់​រំលស់​រួច​យក​ទៅ​ដាក់បញ្ចាំ និង​គេចវេស​មិន​បង់ប្រាក់​នោះ​ឈ្មោះ ម៉ឹង រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ រីឯ​អ្នក​ទទួល​បញ្ចាំ​រថយន្ត​ពី​ជនសង្ស័យ​ខាងលើ ហើយ​ត្រូវ​តំណាង​ក្រុមហ៊ុន​ប្រាក់​កម្ចី​ឃាត់ខ្លួន​ឈ្មោះ​ សុខ ពៅ​រិ​ទ្ធ​តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ទិញ​-​លក់​រថយន្ត ស្នាក់​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ដោយឡែក​ តំណាង​ក្រុមហ៊ុន ដែល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​ទទួល​បញ្ចាំ​រថយន្ត​ប្រគល់​ឲ្យ​នគរបាល​ឈ្មោះ សេង លី​ហួត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

នគរបាល ​បាន​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ កន្លង​ទៅ​ជនសង្ស័យ​ឈ្មោះ ម៉ឹង រ៉ា បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន ដើម្បី​ស្នើ​សុំ​ប្រាក់​កម្ចី ​ចំនួន​១៦,៥០០​ដុល្លារ​អា​មេ​រិ​ក ​(​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​ដុល្លារ​អា​មេ​រិ​ក​)។ បន្ទាប់​មក​បានទិញ​រថយន្ត​១​គ្រឿង ​ម៉ាក TOYOTA PRIUS ផលិត​ឆ្នាំ​២០១០ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BF-4008 ដោយ​បង់​រំលស់​រយៈពេល​៨៤​ខែ និង​បង់ប្រាក់​ប្រចាំខែ​ ក្នុង​១​ខែ​ចំនួន​៤៣៥​ដុល្លារ​អា​មេ​រិ​ក ​(​បី​រយ​សាមសិប​ប្រាំ​ដុល្លារ​អា​មេ​រិ​ក​) ពោលគឺរយៈពេល៧ឆ្នាំ សរុបទឹកប្រាក់ ៣៦,៥៤០ដុល្លារ​អា​មេ​រិ​ក ។

នគរបាល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយមក​ឈ្មោះ ម៉ឹង រ៉ា នេះ​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ប្រាក់​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​បង់​បាន​មួយ​ចំនួន​ប៉ុណ្ណោះ​ ក៏​ឈប់​បង់​។ នៅ​សល់​ប្រាក់​កម្ចី​ដើម​ចំនួន​១៦.២២៩​ដុល្លារ​អា​មេ​រិ​ក ​(​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ពី​រយ​ម្ភៃ​ប្រាំបួន​ដុល្លារ​អា​មេ​រិ​ក​)​ទៀត ​មិន​ព្រម​បង់​បន្ត​ឡើយ។ ជនសង្ស័យ​រូប​នេះ ​បាន​គេចវេស​ពី​ការ​ទទួលខុសត្រូវ និង​កាត់​ផ្តាច់​ប្រព័ន្ធ GPS ដែល​ក្រុមហ៊ុន​បាន​បំពាក់​នៅ​លើ​រថយន្ត​ខាងលើ ធ្វើ​ឲ្យ​ក្រុមហ៊ុន​ពិបាក​តាមដាន​រក​ទីតាំង​រថយន្ត ។

នគរបាល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ​ ម៉ឹង រ៉ា បាន​យក​រថយន្ត​ខាងលើ​ទៅ​ដាក់បញ្ចាំ​ឲ្យ​ជនសង្ស័យ​ឈ្មោះ​ សុខ ពៅ​រិ​ទ្ធ​តុលា ដែល​ជា​អ្នកទិញ​-​លក់​រថយន្ត ប៉ុន្តែ​ក្រុមហ៊ុន ដែលជា​ម្ចាស់​ប្រាក់​កម្ចី​មិន​បានដឹង​នោះ​ឡើយ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ​ម៉ឹង រ៉ា ក្រោយ​ពី​យក​រថយន្ត​ខាងលើ​ទៅ​ដាក់បញ្ចាំ​ច្រើន​ខែ​ មិន​បាន​ទៅ​លស់​យក​វិញ​នោះ​ទេ ទើប​ជនសង្ស័យ​ឈ្មោះ​ សុខ ពៅ​រិ​ទ្ធ​តុលា ដែល​ជា​អ្នក​ទទួល​បញ្ចាំ​នោះ បានបង្ហោះ​លក់​រថយន្ត​ម៉ាក TOYOTA PRIUS ខាងលើ​តាម​គណនី​តេ​ឡេ​ក្រាម​របស់​ខ្លួន​ឈ្មោះ «​តុលា​» ។

នគរបាល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦ តំណាង​ក្រុមហ៊ុន ​បាន​ប្រទះ​ឃើញ​ការ​បង្ហោះ​នោះ
ក៏​បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ​ សុខ ពៅ​រិ​ទ្ធ​តុលា ដើម្បី​សុំ​មើល​រថយន្ត និង​បាន​ណាត់ជួប​គ្នា​ នៅ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។ ជនសង្ស័យ​ ក៏​បាន​បើករថយន្ត​ម៉ាក TOYOTA PRIUS ដែល​ទទួល​បញ្ចាំ​ទៅ​តាម​ការ​ណាត់ជួប​នៅ​ទីតាំង​ខាងលើ ហើយ​ក៏​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ឃាត់ខ្លួន​រួម​ជាមួយ​រថយន្ត រួច​រាយការណ៍​ទៅ​នគរបាល ​ឲ្យ​ចុះ​អន្តរាគមន៍​ នាំ​យក​ទៅ​សាកសួរ​តែ​ម្ដង ។

នគរបាល​ បាន​ដកហូត​រថយន្ត​ម៉ាក TOYOTA PRIUS ខាងលើ និង​ស្លាក​លេខ​ភ្នំពេញ 2BF-4008 ចំនួន​២​បន្ទះ ​ដែល​ជនសង្ស័យ​ សុខ ពៅ​រិ​ទ្ធ​តុលា​ ដោះ​ចេញពី​រថយន្ត​នោះ, ​ទូរសព្ទ​ដៃ​ម៉ាក iPhone16 ពណ៌​ខៀវ​១​គ្រឿង, ​នាឡិកាដៃ ​ម៉ាក ZINVO ១​គ្រឿង ។ ក្រោយមក​តំណាង​ក្រុមហ៊ុន បាន​ដាក់​ពាក្យបណ្តឹង​លើ​ឈ្មោះ សុខ ពៅ​រិ​ទ្ធ​តុលា និង​ឈ្មោះ ម៉ឹង រ៉ា ដើម្បី​ឲ្យ​នគរបាល ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ពេល​នគរបាល​សាកសួរ​ជនសង្ស័យ​ឈ្មោះ សុខ ពៅ​រិ​ទ្ធ​តុលា បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទទួល​បញ្ចាំ​រថយន្ត​ខាងលើ​ពី​ឈ្មោះ ម៉ឹង រ៉ា ក្នុង​តម្លៃ​ ៥.០០០​ដុល្លារ​អា​មេ​រិ​ក ​(​ប្រាំ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) ហើយ​បាន​យក​រថយន្ត​នោះ ​ទៅ​ដាក់​លក់​ប្រាកដ​មែន ។ បន្ទាប់​ពី​ការ​សួរនាំ និង​កសាង​សំណុំរឿង​រួចរាល់ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៦ នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​នេះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ៕