ប្រទេសវៀតណាម៖ អាជ្ញាធរទីក្រុងហាណូយបានចេញបទប្បញ្ញត្តិថ្មីស្តីពីការគ្រប់គ្រងសួនសាធារណៈ តំបន់បៃតង និងផ្ទៃទឹក ដោយហាមដាំដើមឈើចំនួន ១៨ប្រភេទនៅតាមទីសាធារណៈ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងបរិស្ថាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ដើមឈើដែលស្ថិតក្នុងបញ្ជីហាមឃាត់ រួមមានប្រភេទដែលមានជាតិពុលនៅក្នុងស្លឹក ផ្លែ គ្រាប់ ឬជ័រ ប្រភេទមានបន្លាធំៗ និងប្រភេទដែលមែកងាយបាក់ ឬឫសមិនរឹងមាំ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ និងទ្រព្យសម្បត្តិ។ ក្នុងនោះមានដើមកៅស៊ូ ដើមសំឡី និងប្រភេទរុក្ខជាតិដែលមានសារធាតុពុលផ្សេងទៀត។
តាមបទប្បញ្ញត្តិថ្មី អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការដកចេញ និងជំនួសដើមឈើដែលស្ថិតក្នុងបញ្ជីហាមឃាត់ជាបណ្តើរៗ។ ដើមឈើចាស់ ពុកផុយ ងាប់ មានជំងឺដែលមិនអាចព្យាបាលបាន ឬមានហានិភ័យដួលរលំ ក៏ត្រូវពិចារណាជំនួសផងដែរ។ អ្នកដែលចង់ដាំ ឬជំនួសដើមឈើនៅតាមចិញ្ចើមផ្លូវ និងទីសាធារណៈ ត្រូវទទួលការអនុញ្ញាតពីអាជ្ញាធរជាមុន។
អាជ្ញាធរហាណូយក៏បានកំណត់ឱ្យការជ្រើសរើសដើមឈើត្រូវសមស្របនឹងអាកាសធាតុ និងដីក្នុងតំបន់ មានឫសរឹងមាំ ធន់នឹងខ្យល់ព្យុះ និងមិនប៉ះពាល់ដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្រោមដី លើដី ឬលើអាកាស។ ការដាំដើមឈើក៏មិនត្រូវបង្កក្លិនមិនល្អ ប៉ះពាល់ដល់សុខភាព ឬបង្កភាពកខ្វក់ក្នុងបរិស្ថានឡើយ។
បទប្បញ្ញត្តិនេះក៏ហាមឃាត់ការធ្វើឱ្យដើមឈើខូចខាត ដូចជាការខួងដើម បោះដែកគោល បកសំបកឈើ ព្យួរផ្លាកផ្សាយពាណិជ្ជកម្មដោយគ្មានការអនុញ្ញាត និងចោលសំរាម ឬសារធាតុគ្រោះថ្នាក់នៅជុំវិញគល់ឈើ។ វិធានការទាំងនេះមានគោលបំណងពង្រឹងសុវត្ថិភាព រក្សាអនាម័យបរិស្ថាន និងលើកកម្ពស់ការគ្រប់គ្រងតំបន់បៃតងនៅទីក្រុងហាណូយឱ្យបានល្អប្រសើរ៕
ចែករំលែកព័តមាននេះ