ប្រទេសឥណ្ឌូណេស៊ី៖ ផ្សែងអ័ព្ទដែលបង្កឡើងដោយភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៊ី បានធ្វើឱ្យជើងហោះហើរក្នុងស្រុកចំនួន ២.៦០៤ជើងរងផលប៉ះពាល់ ចាប់ពីថ្ងៃទី១១ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ព្រមទាំងបណ្តាលឱ្យលុបចោលជើងហោះហើរអន្តរជាតិចំនួន ១៤ជើងពាក់ព័ន្ធនឹងសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
តាមក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ី ក្នុងចំណោមជើងហោះហើរក្នុងស្រុកដែលរងផលប៉ះពាល់ មាន ១.៤២០ជើងត្រូវបានលុបចោល ឬពន្យារពេល និង ១.១២៩ជើងត្រូវបានពន្យារពេល។ ជើងហោះហើរ ២៣ជើងទៀតត្រូវបង្វែរទៅចុះចតនៅអាកាសយានដ្ឋានផ្សេង ៦ជើងត្រឡប់ទៅអាកាសយានដ្ឋានដើមវិញ និង ២៦ជើងត្រូវបានកែសម្រួលឱ្យចេញដំណើរមុនកាលកំណត់។
ចំពោះជើងហោះហើរអន្តរជាតិ ជើងហោះហើរចំនួន ១២ជើងរវាងសិង្ហបុរី និងទីក្រុងពុងទីយ៉ាណាក់ ក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច ត្រូវបានលុបចោលក្នុងខែកញ្ញា។ ចំណែកជើងហោះហើរចំនួន ២ជើងទៀត រវាងសិង្ហបុរី និងទីក្រុងប៉ាលេមបាង ក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង ត្រូវបានលុបចោលនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
ផ្សែងអ័ព្ទបានប៉ះពាល់ដល់អាកាសយានដ្ឋានជាច្រើននៅឥណ្ឌូណេស៊ី រួមទាំងអាកាសយានដ្ឋានក្នុងទីក្រុងពុងទីយ៉ាណាក់ ប៉េកាន់បារូ និងប៉ាលេមបាង។ អាជ្ញាធរបានបញ្ជាក់ថា សុវត្ថិភាពអ្នកដំណើរជាអាទិភាពចម្បង ហើយកាលវិភាគហោះហើរអាចត្រូវបានកែសម្រួល ប្រសិនបើលក្ខខណ្ឌអាកាសធាតុមិនអំណោយផលដល់ប្រតិបត្តិការដោយសុវត្ថិភាព។
ផ្សែងអ័ព្ទអាចកាត់បន្ថយភាពមើលឃើញនៅជុំវិញអាកាសយានដ្ឋាន និងបង្កការលំបាកដល់ការហោះឡើង ការចុះចត និងចលនារបស់យន្តហោះ។ ផលប៉ះពាល់នេះក៏បានរាលដាលដល់ប្រទេសជិតខាងផងដែរ ដោយក្រុមហ៊ុនអាកាសចរណ៍ FireFly របស់ម៉ាឡេស៊ី បានផ្អាកជើងហោះហើររវាងទីក្រុងស៊ូបាំង និងសិង្ហបុរីប្រហែលមួយសប្តាហ៍ មុនពេលចាប់ផ្តើមដំណើរការឡើងវិញ៕
ចែករំលែកព័តមាននេះ