ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​ផង​! ព្យុះ​ទី​៣០ «​ច​ម្ពី​» បន្ត​អូស​ទាញ​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែតុលា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ប្រកាស​ពី​ស្ថានភាព​ធាតុអាកាស ខណៈ​ព្យុះ​ទី​៣០ «​ច​ម្ពី​» បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា បង្ក​ជា​ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា​នេះ​ថា ៖ ព្យុះ​ទី​៣០ ឈ្មោះ ច​ម្ពី​(Champi)T2630 បាន​វិ​វត្ត​ទៅ​ជា​ព្យុះសង្ឃរា ហើយ​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះសង្ឃរា ច​ម្ពី នេះ​ទេ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៦៖
១- តំបន់​វាលទំនាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបូព៌​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៣០% ។

២- តំបន់​ខ្ពង់រាប ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣១°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិស​ប​ច្ចឹ​ម​មាន​ល្បឿន​មធ្យម ៥​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំ​ក្រ​វ៉ា​ញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ៣០% ។

៣- តំបន់​មាត់សមុទ្រ ៖ សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៤°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៤​ម៉ែត្រ​/​វិនាទី ។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០% ។ ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ ៕