ប្រមុខការទូតកម្ពុជា ៖ កម្ពុជាជាអ្នករងគ្រោះ ដូច្នេះមិនចាំបាច់ដើរតួជាអ្នករងគ្រោះនោះទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ទៅកាន់ភាគីថៃថា កម្ពុជា គឺជាអ្នករងគ្រោះ ដូច្នេះមិនចាំបាច់ដើរតួរធ្វើ ជាអ្នករងគ្រោះដូចថៃចោទប្រកាន់នោះទេ ពោល គឺប្រជាពលរដ្ឋជាង២ម៉ឺននាក់មិនទាន់បានវិលត្រឡប់ទៅផ្ទះខ្លួនបាននោះទេ ។
ការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជាស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ គណៈកម្មការផ្សះផ្សាក្រោម UNCLOS រវាងកម្ពុជា និងថៃ ដែលចាក់ផ្សាយនៅល្ងាចថ្ងៃទី២០ ខែតុលានេះ ។

ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់យ៉ាងដូច្នេះថា ៖«យើងនៅចាំបានសុន្ទកថា នៅសេចក្តីប្រកាសបើក…របស់ភាគីថៃគាត់ចោទប្រកាន់កម្ពុជាយើងដើរតួជាអ្នករងគ្រោះ ។ ដូច្នេះ ខ្ញុំឆ្លៀតឪកាសនេះឆ្លើយតបទៅវិញយ៉ាងសាមញ្ញថា កម្ពុជាមិនចាំបាច់ក្នុងការដើរតួរជាអ្នករងគ្រោះនោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ»
ឯកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា ៖«កម្ពុជា មិនបាច់ដើរតួរងគ្រោះទេព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ កម្ពុជានៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ ខណៈគណៈកម្មការផ្សះផ្សាក្រោម UNCLOS យល់ស្របថា កម្ពុជាមានសិទ្ធិនិយាយការពិតទៅកាន់ពិភពលោក ពាក់ព័ន្ធការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីព្រោះកន្លងទៅភាគីថៃ តែងតែខិតខំរារាំងមិនឱ្យកម្ពុជា និយាយអំពីការពិតទៅកាន់វេទិកាអន្តរជាតិ» ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា ៖ «ករណីកម្ពុជា យើងត្រូវការពារជាដាច់ខាតនូវអធិបតេយ្យរបស់យើង និងបូរណភាពទឹកដីយើង ដាច់ខាតត្រូវតែបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់យោធាថៃ ជាពិសេសការកាន់កាប់នូវភូមិទាំងឡាយរបស់ប្រជាជនយើង យើងទាមទារឱ្យប្រជាជនជាង២ម៉ឺននាក់ មានសិទ្ធិវិលត្រឡប់ទៅកាន់គេហដ្ឋានរបស់វិញដោយគ្មានការរារាំង»។
ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រមុខការទូតបានគូសបញ្ជាក់ថា ចំពោះចំណុចនេះត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ប៉ុន្តែមិនត្រូវបានអនុវត្ត ។ បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃថា កម្ពុជាយើងដើរតួជាអ្នករងគ្រោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន «ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីឆ្លើយទៅវិញយ៉ាងសាមញ្ញថា «កម្ពុជា មិនមានការចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ!»។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឱ្យដឹងថា កម្ពុជា បានស្នើសុំទៅគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) ហើយបើទោះបីជាគណៈ កម្មការមានអាណត្តិសម្រាប់តែបញ្ហាសមុទ្រក៏ដោយ ប៉ុន្តែកម្ពុជា បានស្នើសុំ ហើយទទួលបានការលើកទឹកចិត្តគណៈកម្មការ UNCLOS ឱ្យភាគីទាំងពីរ អនុវត្តនូវកិច្ចព្រមព្រៀមទាំងឡាយដែលបានធ្វើជាមួយគ្នាកន្លងទៅ ដែលមិនទាន់អនុវត្ត ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្ថែមថា បញ្ហាព្រំដែនគោក និងដែនសមុទ្រជាបញ្ហា ២ដាច់ដោយឡែកពីគ្នាពីព្រោះជាបញ្ហាដែលមានក្របខណ្ឌច្បាប់ដោយឡែកពីគ្នា និងមានយន្តការដោះស្រាយបញ្ហាដោយឡែកពីគ្នា ។ ហើយក្នុងរយៈពេល២៥ឆ្នាំកន្លងទៅ បញ្ហាដីគោក និងបញ្ហាសមុទ្រមិនត្រូវធ្វើឡើងដោយភ្ជាប់ចំណងជាមួយគ្នានោះទេ ពោល គឺត្រូវឡើងដាច់ដោយឡែកពីគ្នា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ចំណុចដែលលោកលើកឡើងបញ្ហាព្រំដែនគោក និងសមុទ្រនេះឡើង ដោយសារតែនៅពេលដែលភាគីថៃ បានបញ្ចប់ជាឯកតោភាគីនូវអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០១ (MoU 2001) ដូច្នេះហើយកម្ពុជា ត្រូវបង្ខំចិត្តទៅរកយន្តការផ្សះផ្សាដោយបង្ខំ ហើយភាគីថៃ បានឆ្លើយតបថាអ្វីៗទាំងអស់ដែលបានព្រមព្រៀងគ្នា សម្រាប់ការដោះស្រាយបញ្ហាព្រំដែនគោក ត្រូវបានផ្អាក ឬក៏ត្រូវបានបញ្ចប់ ។ ចំពោះការលើកឡើងរបស់ភាគីថៃ ត្រូវបានភាគីកម្ពុជា ពន្យល់ទៅគណៈកម្មការ UNCLOS ថា នេះជាបញ្ហាពីរខុសគ្នា បើទោះបីបរិស្ថាន ក្នុងវិស័យមួយជះឥទ្ធិពលទៅដល់វិស័យមួយទៀតក៏ដោយ៕
ចែករំលែកព័តមាននេះ