ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្ដាតភ្លើងសង្គ្រាមនៅស៊ូដង់៖ ការវាយប្រហារដោយដ្រូនបន្ថែមជីវិតជនស៊ីវិលស្លា.ប់រាប់រយនាក់​ជាបន្ត​បន្ទាប់

2 ម៉ោង មុន

ប្រទេស​ស៊ូ​ដង់ ៖ នៅ​ស៊ូ​ដង់​ ការ​វាយប្រហារ​ដោយ​ដ្រូ​ន​កាន់តែ​កើនឡើង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កាន់តែ​ច្រើន​ ។ បន្ទាប់​ពី​ការ​វាយប្រហារ​នៅ​ក្រុង​អាល់​ឌី​បាប បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៨០​នាក់ ផ្សារ​មួយទៀត​រង​ការ​វាយប្រហារ​ កាលពី​ថ្ងៃ​ទី​១៩​ តុលា​នៅ​តំបន់​អាប់​យ៉ៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​១៥៣​នាក់​ទៀត​ ។

តួលេខ​នោះ​ ត្រូវ​បាន​ប្រកាស​ កាលពី​ថ្ងៃ​ទី​២០​ តុលា​ ដោយ​រដ្ឋមន្ត្រី​ព័ត៌មាន​ស្ដីទី​ប្រចាំ​តំបន់​ ។ រដ្ឋមន្ត្រី​រូប​នោះ​ បាន​ចោទប្រកាន់​កងទ័ព​ស៊ូ​ដង់​ថា បើក​ការ​វាយប្រហារ​លើ​តំបន់​សម្បូរ​ដោយ​ប្រេងកាត​នោះ ស្ថិត​នៅ​ជាប់​ព្រំដែន​រវាង​ស៊ូ​ដង់​ខាងត្បូង​និង​ស៊ូ​ដង់​។ នាគ្រា​ដំបូង​អ្នក​ទទួលខុសត្រូវ​តំបន់​រូប​នេះ​ រៀបរាប់​ពី​មនុស្ស​ស្លាប់​៧៣​នាក់​ និង​របួស​១៩​នាក់​ ។

រដ្ឋបាល​តំបន់​អាប់​យ៉ៃ​បាន​ចោទប្រកាន់​ថា ការ​វាយប្រហារ​ដ៏​បង្ហូរឈាម​នោះ​ដោយ​ប្រើ​ដ្រូ​ន ត្រូវ​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៩ ​តុលា​ដោយ​កងទ័ព​ស៊ូ​ដង់​ប្រឆាំង​ផ្សារ​នេះ​ ។ ចំណែក​ព័ត៌មាន​មួយទៀត​ រៀបរាប់​ពី​យន្តហោះ​១​គ្រឿង​ ទម្លាក់​គ្រាប់​ប្រមាណ​ជា​២២​គ្រាប់​ចំ​កណ្ដាល​តំបន់​ពាណិជ្ជកម្ម​ដែល​មាន​មនុស្ស​ច្រើន​កុះករ​ ។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ស៊ូ​ដង់​ខាងត្បូង​បាន​ចោទប្រកាន់​កងទ័ព​ស៊ូ័​ដង់​ថា ជា​អ្នក​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ​ ។

សម្រាប់​ប្រជាជន​ស៊ី​វិល​ស៊ូ​ដង់​រស់នៅ​ជិត​ខ្សែ​រណសិរ្ស ការ​គំរាមកំហែង​ធំ​បំផុត​មក​ ជា​ពិសេស​ការ​វាយប្រហារ​តាម​អាកាស​ពី​សំណាក់​ដ្រូ​ន​ ។ នៅ​តំបន់​គ័​រ​ដូ​ហ្វា​ន​ក្នុង​ទីក្រុង​អាល់​ឌី​បាប មនុស្ស​៨០​នាក់​​ដែល​រង់ចាំ​វិល​ត្រឡប់​មក​កាន់​ផ្ទះសម្បែង​ពួក​គេ​វិញ​នៅ​ស្ថានីយ​រថយន្ត​មួយ​កន្លែង បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​ពី​សំណាក់​ដ្រូ​ន កាលពី​យប់​ថ្ងៃ​ទី​១៨​តុលា​ ។ នេះ​បើ​តាម​សាក្សី​ទាំងឡាយ​ ហើយ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​៥០​នាក់​ស្លាប់​នៅ​នឹង​កន្លែង​ ៤៧​នាក់​ដឹក​ទៅ​កាន់​មូលដ្ឋាន​ជិតខាង​មួយ​កន្លែង​ដែល​មនុស្ស​៣០​នាក់​ទៀត​​ស្លាប់​ដោយសារ​របួសធ្ងន់​ពេក ​។

​​កាលពី​ថ្ងៃ​ទី​១៦​ តុលា​ មនុស្ស​៣០​នាក់​ស្លាប់ ក្រោយ​ការ​វាយប្រហារ​លើ​ផ្សារ​មាន​មនុស្ស​ច្រើន​កុះករ​មួយ​ នៅ​តំបន់​ដា​ហ្វួ​រ ក្នុង​ទីក្រុង​នី​យ៉ា​ឡា​ត្រួតត្រា​ដោយ​កងកម្លាំង​ប៉ា​រ៉ា​ ។ តាម​ប្រភព​ជា​ច្រើន​មក​ពី​កងទ័ព​ស៊ូ​ដង់​ថា ការ​វាយប្រហារ​ទាំង​២​នោះ​ធ្វើ​ឡើង​ដោយ​កងទ័ព​រដ្ឋាភិបាល​សំដៅលើ​ពួក​ទាហាន​ថ្មី​ដែល ​ទើប​ជ្រើសរើស​ដោយ​កងកម្លាំង​ប៉ា​រ៉ា​ ។

ចំណែក​រដ្ឋធានី​ស៊ូ​ដង់ ​ក្រុង​ខា​ទុម ​ទោះបី​ស្ថិត​ក្នុង​ការ​ត្រួតត្រា​របស់​កងទ័ព​ស៊ូ​ដង់​ពី​​ខែមីនា ​ឆ្នាំ​២០២៥​មក​ក្ដី ក៏​នៅ​រង​ការ​វាយ​ប្រហារ​ដោយ​ដ្រូ​ន​របស់​កងកម្លាំង​ប៉ា​រ៉ា​។ កាលពី​ថ្ងៃ​ទី​១៩ ​តុលា ការ​បាញ់​លើ​ផ្ទះ​មួយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ នៅ​ជិត​
ព្រ​លាន​យន្តហោះ​ក្រុង​ខា​ទុម​ ។

ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ក្លាយជា​មូលហេតុ​ដំបូង​នៃ​ការ​ស្លាប់​បណ្ដាជន​ស៊ី​​វិល​នៅ​ស៊ូ​ដង់់ ​ហើយ​អ​.​ស​.​ប​កំណត់​ឃើញ ជន​
ស៊ី​​វិល​ស្លាប់​ដល់​១១២០​នាក់ ដោយសារ​ការ​វាយប្រហារ​របស់​ដ្រូ​ន ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៦​នេះ​ ។ ចំនួន​នេះ​ នៅ​បន្ថែម​ជន​ស៊ី​​វិល​ច្រើន​នាក់​ស្លាប់​ក្នុង​ស​ប្ដា​ហ៍​នេះ​ទៀត ​៕