អាជ្ញាធរកម្ពុជា បានអនុវត្តនីតិវិធីបញ្ជូនជនជាតិថៃសរុប ២៤នាក់ (ស្រី០៩នាក់) ចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តបទល្មើសលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងចូលដោយទុច្ចរិតក្នុងទីលានយោធា ។

ជាក់ស្តែងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រកាសនាព្រឹកថ្ងៃទី២១ ខែតុលានេះថា ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការគ្នា និងស្ថាប័នពាក់ព័ន្ធ ធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេសចំនួន ២៤នាក់ ក្នុងនោះស្រី ០៩នាក់ (ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទចូលដោយទុច្ចរិតក្នុងទីលានយោធា) ។

ក្នុងពេលជាមួយគ្នានេះផងដែរ ប៉ុស្តិ៍នូវបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ពីអាជ្ញាធរថៃចំនួន ៨២នាក់ ក្នុងនោះស្រី២៤នាក់ កុមារ ១០នាក់ ព្រមទាំងបានចែកអាហារសម្រន់ជូនដល់ពួកគាត់ពិសារមានបាយ និងទឹកសុទ្ធគ្រប់ៗគ្នា ។
អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ៕







ចែករំលែកព័តមាននេះ