វត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ ។ នេះបើយោងតាមផេកមន្ទីរព័ត៌មានខេត្តកោះកុងបានប្រកាសនាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ ។

រយៈពេល៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន១០ប្រភេទ រួមមាន ៖

ដំរីអាស៊ី (ឈ្មោះអង់គ្លេស ៖ Asian Elephant ឈ្មោះវិទ្យាសាស្ត្រ៖ Elephas maximus) ខ្ទីង (ឈ្មោះអង់គ្លេស ៖ Gaur ឈ្មោះវិទ្យាសាស្ត្រ៖ Bos gaurus ) ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្ត្រ៖Rusa unicolor) កែះ (ឈ្មោះអង់គ្លេស ៖ Southern Serow ឈ្មោះវិទ្យាសាស្ត្រ ៖ Capicornis milneedwardsis) ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្ត្រ៖ Helarctos malayanus) ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្ត្រ ៖ Ursus thibetanus) ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្ត្រ៖ Cuon alpinus) ជ្រូកពោន ឬជ្រូកព្រុល (ឈ្មោះអង់គ្លេស ៖ Hog Badger ឈ្មោះវិទ្យាសាស្ត្រ៖ Arctonyx collaris) សំពោចកលឿង (ឈ្មោះអង់គ្លេស ៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្ត្រ ៖ Martes flavigula) និងស្វាត្រោស (ឈ្មោះអង់គ្លេស៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្ត្រ ៖ Macaca leonina) និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង ។

គួរបញ្ជាក់ផងដែរថា ទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ។
ក្រុមមន្ត្រីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ បង្ហាញទៀតថា ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្ត្រ ៖ Elephas maximus) ៖ ដំរីអាស៊ីជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត ។ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង ។ ដំរីអាស៊ីមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ ។

សត្វដំរីរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ចំនួនសត្វដំរីនៅ កម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង ។ បញ្ហាប្រឈម មានដូចជា ការបរបាញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក ។ ដំរីអាស៊ីស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក៕


ចែករំលែកព័តមាននេះ