ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េ​កាំ​ង

13 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ នៅ​វេលា​ម៉ោង​១៣ រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ដោយ​បាន​អញ្ជើញ​ដល់​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកបដោយ​សុវត្ថិភាព ក្នុង​ដំណើរ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​ពី​ថ្ងៃ​ទី​២៥ ដល់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ តប​តាម​ការ​អញ្ជើញ​របស់​បក្ស​កុម្មុយនីស្ត​ចិន ។

អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច សម្តេច​តេ​ជោ និង​គណៈប្រតិភូ ដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េ​កាំ​ង រួម​មាន ​៖ ឯកឧត្តម លូ ហៃ​ស៊ី​ង (Liu Haixing) រដ្ឋមន្ត្រី នៃ​គណៈ​ទាក់ទង ការ​បរទេសរបស់គណៈកម្មការ​កណ្តាល នៃបក្ស​កុម្មុយនីស្ត​ចិន ឯកឧត្តម ឆិ​ន ហ្សូ (Chen Zhou) អនុរដ្ឋមន្ត្រី នៃ​គណៈ​ទាក់ទង​ការ​បរទេស របស់​គណៈកម្មការ​កណ្តាល នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​លោក​ជំទាវ សឿង រដ្ឋ​ចា​វី ឯកអគ្គរាជទូត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​មន្ត្រី​អ្នកមុខអ្នកការ​ជា​ច្រើន​រូប​ទៀត ​។

សូម​បញ្ជាក់​ថា សមាសភាព​គណៈប្រតិភូ​អមដំណើរ​សម្តេច​តេ​ជោ ក្នុង​ទស្សនកិច្ច​នេះ​ រួម​មាន ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជា​អនុប្រធាន​គណបក្ស ​និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​និង​រាជរដ្ឋាភិបាល​។ នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​ខាងលើ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម ស៊ី ជី​ន​ពីង (Xi Jinping) អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និង​ជា​ប្រធានាធិបតី​ចិន ​ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយក​រដ្ឋមន្ត្រី​ នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន និងឯកឧត្តម ចាវ ឡឺ​ជី (ZHAO Leji) ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃ​សភា​តំណាង​ប្រជាជន​ចិន​។​ ទន្ទឹម​នឹង​នេះ ​សម្តេច​តេ​ជោ ​ក៏​នឹង​ចូល​ក្រាប​បង្គំ​គាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ផង​ដែរ ​។

ទស្សនកិច្ច​មិត្តភាព​ផ្លូវការ​របស់ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន ​សែន នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សបញ្ជាក់ អំពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បន្ត​រឹតចំណង ​និង​លើកកម្ពស់​មិត្តភាព​ដែកថែប​ព្រមទាំង​ជំរុញ​កិច្ច​សហប្រតិបត្តិការ ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​សំដៅ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ​គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី​ ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែម​ទៀត ​៕