ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ ​ឃាត់ខ្លួន​ជនបរទេស​២៤​នាក់ ​សង្ស័យ​ជាប់​បទល្មើសអនឡាញស្គេម

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ទីតាំង​ជនបរទេស​ស្នាក់​នៅ​ ចំនួន​០៣​ទីតាំង រក​ឃើ​ញ​ជនបរទេស​ចំនួន​៣០​នាក់ ប៉ុន្តែ​ក្នុង​នោះ​៦​នាក់ ​មិន​មាន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស ONLINE SCAMS​ ទេ។ ដោយឡែក​ចំនួន​២៤​នាក់​ សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ ONLINE SCAMS ហើយ​កម្លាំង​សមត្ថកិច្ច​ខាងលើ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​ទៅ​សាកសួរ ​និង​ចាត់ការ​តាម​ច្បាប់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ផង​ដែរ ។

ប្រតិបត្តិការ​នោះ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​គ្រឹះ​លេខ​១១ ផ្លូវ​P05 ក្នុង​បុរី​មួយ​កន្លែង​នៅ​តាម​៥០​ម៉ែត្រ ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចំណែក​២​ទីតាំង​ទៀត​រក​មិនឃើញ​មាន​បទល្មើស​ ONLINE SCAMS ​នោះ​ទេ ។

សមត្ថកិច្ច​ បាន​ប្រាប់​ថា ទាំង​៣​ទីតាំង​នោះ​ បាន​រក​ឃើញ​មាន​ជនបរទេស​សរុប ​ចំនួន​៣០​នាក់ មាន​០២​សញ្ជាតិ គឺ​ចិន ​ចំនួន​២៩​នាក់ និង​ម៉ា​ឡេ​ស៊ី ០១​នាក់​ជា​ស្ត្រី ក្នុង​នោះ​ទីតាំង​ទី​១ ​និង​ទី​២ មាន​ជនជាតិ​ចិន​ ស្នាក់​តែ​៦​នាក់​ប៉ុណ្ណោះ។ ពួក​គេ​ទាំង​អស់នោះ​ ​មាន​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ត្រឹមត្រូវ ហើយ​មិន​មាន​ជាប់​សង្ស័យ ​និង​ការ​ប្រព្រឹត្ត​បទល្មើស ​ONLINE SCAMS នោះ​ឡើយ ។ ដោយឡែក​ទីតាំង​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​គ្រឹះ​លេខ​១១​ខាងលើ​នោះ មាន​ជនជាតិ​ចិន​ចំនួន​២៣​នាក់ ​និង​ជនជាតិ​ម៉ា​ឡេ​ស៊ី​១​នាក់ ​ជា​ស្ត្រី ដែល​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ ONLINE SCAMS ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ត​ថា ខណៈនោះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន ៖ ​ម៉ូនីទ័រ ​ចំនួន​២​គ្រឿង​, CPU​ ចំនួន​១​គ្រឿង​, Laptop ​ចំនួន​២២​គ្រឿង​, ទូរស័ព្ទ​ដៃ​ ចំនួន​៦៩១​គ្រឿង​, ROUTER WIFI ចំនួន​១​គ្រឿង​, ដុំ​បំបែក​អ៊ី​ន​ធឺ​ណែ​ត​ (Wireless Access Point) ​ចំនួន​១០​គ្រឿង​, ដុំ​សាក​ទូរសព្ទ ​(Charger USB) ចំនួន​១០​គ្រឿង​, ម៉ាស៊ីន ​DVR​ ចំនួន​១​គ្រឿង។ យោង​តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ លើ​សម្ភារៈ ​វត្ថុ​តាង​ខាងលើ​ពី​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា រកឃើញ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ​។ បន្ទាប់​មក​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២៤​នាក់ និង​វត្ថុ​តាង​ខាងលើ ទៅ​កាន់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕