ទីក្រុងឌុយបៃ៖ ថ្ងៃនេះ ប្រេងឆៅចាប់ផ្ដើមធ្លាក់ថ្លៃកាន់តែខ្លាំងទៅៗ។ ពោលគឺធ្លាក់ដល់កម្រិតមួយស្មើនឹងតម្លៃមុនពេលផ្ទុះសង្គ្រាមអ៊ីរ៉ង់។ អាមេរិកអះអាងថាការដឹកជញ្ជូនប្រេងតាមច្រកហ័រម៉ូសសឹងតែដូចដើមវិញ។ ប្រមុខការទូតអាមេរិក លោករូប៊ីអូ ទើបតែបិទបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពែក្ស។ លោកកំពុងស្វះស្វែងរកការគាំទ្រពីបណ្ដាប្រទេសនៅទីនោះដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ីរ៉ង់។

រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោកគ្រីសរ៉ាយ (Chris Wright) ថ្លែងថាទំហំនៃការដឹកជញ្ជូនប្រេងតាមច្រកហ័រម៉ូសជិតស្មើនឹងមុនពេលផ្ទុះសង្គ្រាម។ រយៈពេល២៤ម៉ោងកន្លងទៅនេះ ប្រេងយ៉ាងតិច២០លានបារ៉ែលបានដឹកជញ្ជូនកាត់ទីនោះ។ ទោះបីការដឹកជញ្ជូនអាចដំណើរការឡើងវិញក៏ពិតមែន ប៉ុន្តែអ៊ីរ៉ង់ព្រលយពាក្យថាខ្លួនត្រូវតែមើលការខុសត្រូវលើច្រកសមុទ្រនេះ។ ថ្ងៃនេះ ឆ្មាំបដិវត្តឥស្លាមរបស់អ៊ីរ៉ង់ព្រមានថាកប៉ាល់ដឹកប្រេងមិនត្រូវធ្វើដំណើរឆ្វេចឆ្វាចយ៉ាងអនាធិបតេយ្យទេ។

ពួកគេត្រូវតែបើកបរស្របតាមអ្វីដែលអ៊ីរ៉ង់គូសវាសផ្លូវឱ្យពួកគេធ្វើដំណើរ។ ការថ្លែងដូច្នេះបន្ទាប់ពីប្រទេសអូម៉ង់ប្រកាសបើកច្រកផ្លូវបណ្ដោះអាសន្នសម្រាប់ដឹកជញ្ជូនតាមកប៉ាល់ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារអាមេរិកទទួលបន្ទុកខាងគ្រប់គ្រងការដឹកជញ្ជូនតាមកប៉ាល់។ ទិន្នន័យពីអង្គការដែនសមុទ្ររបស់ UN រកឃើញថាកប៉ាល់ចំនួន៥៧គ្រឿងបានដឹកនាវឹក១១០០នាក់ឆ្លងកាត់ច្រកនេះចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា។

ក្រោយកិច្ចជំនួបជាមួយបណ្ដារដ្ឋមន្ត្រីនៃក្រុមប្រទេសនៅតំបន់ឈូងសមុទ្រពែក្សដែលរៀបចំនៅប្រទេសបារ៉េនរួច រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថាប្រទេសទាំងនោះកំពុងខ្វាយខ្វល់ខ្លាំង និងចង់ដឹងអំពីដំណាក់កាលនៃការចរចាគ្នាដើម្បីឱ្យមានកិច្ចព្រមសន្តិភាពនៅអ៊ីរ៉ង់។ ក្នុងនោះក៏មានលក្ខខណ្ឌនិយាយអំពីច្រកសមុទ្រហ័រម៉ូសផងដែរ។ លោករូប៊ីអូថ្លែងថាប្រសិនបើអ៊ីរ៉ង់គំរាមបិទច្រកហ័រម៉ូស ឬគំរាមហើយបិទច្រកនេះ ពេលនោះយើងនឹងមានរឿងត្រូវនិយាយគ្នា។ លោកថ្លែងកាលពីមុននេះថាគ្មានប្រទេសណានៅលើភពផែនដីនេះមានសិទ្ធិទារលុយថ្លៃធ្វើដំណើរតាមច្រកសមុទ្រអន្តរជាតិនោះឡើយ។ លោកបញ្ជាក់ថានៅក្នុងកិច្ចព្រមព្រៀងនឹងមិនមាននិយាយអំពីការតម្រូវឱ្យកប៉ាល់ដែលបើកកាត់ច្រកសមុទ្រហ័រម៉ូសត្រូវបង់លុយជាដាច់ខាត៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ