ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ៖ ទោះបីជាពិភពលោកមានការប្រែប្រួលអាកាស ធាតុ តែមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា ទោះបីជា​ពិភពលោក​មានការ​ប្រែប្រួល​អាកាសធាតុ តែ​មិត្តភាព​កម្ពុជា​-​ចិន មិន​ប្រែប្រួល​ឡើយ ។

នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ឯកឧត្តម ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​សម្ដេច​តេ​ជោ បន្ទាប់​ពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាមួយ​ឯកឧត្តម ចាវ ឡឺ​ជី​(ZHAO Leji )​ប្រធាន​គណៈ​ក​ម្មា​ធិ ការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៦ នៅ​មហា​វិមាន​ប្រជាជន​ចិន រដ្ឋធានី​ប៉េ​កាំ​ង ក្នុង​ខណៈ​ដែល​សម្ដេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

ក្នុង​ជំនួប​នោះ ឯកឧត្តម ZHAO Leji បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ក្នុង​ឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​នេះ ។ ឯកឧត្តម​បាន​ហៅ​ទំនាក់ទំនង​កម្ពុជា និង​ចិន​ថា ជា​ទំនាក់ទំនង​មិត្ត​ចាស់ មិត្ត​ដែកថែប ដែល​តែងតែ​ជួយ​យកអាសា​គ្នា​ទៅ​វិញ​ទៅ​មក ។

ឯកឧត្តម ក៏​បាន​រម្លឹក​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ស៊ី ជី​ន​ពីង មក​កាន់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំទៅ គឺ​បាន​បង្ហាញ​នូវ​ការ​ពង្រឹង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ជា​ពិសេស គឺ​ការ​ជំរុញ​ការ​អនុវត្ត ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល​ក្នុង​យុគ្គសម័យ​ថ្មី ។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ឯកឧត្តម ZHAO Leji ចំពោះ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា ។ សម្ដេច​តេ​ជោ បាន​លើក​ឡើង​ថា ទំនាក់ទំនង​កម្ពុជា​-​ចិន នៅ​តែ​រឹង​មាំ សម្ដេច​សង្កត់ធ្ងន់​ថា ទោះបីជា​ពិភពលោក​មានការ​ប្រែប្រួល អាកាសធាតុ​មានការ​ប្រែប្រួល​តែ​មិត្តភាព​កម្ពុជា​-​ចិន មិន​ប្រែប្រួល​ឡើយ ។

សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្រតិបត្តិ ស្ថាប័ន​បក្ស និង​ស្ថាប័ន​នីតិបញ្ញត្តិ ដោយ​សម្ដេច​បាន​បញ្ជាក់​ថា សម្ដេច ចង់​ឃើញ​ស្ថាប័ន​នីតិបញ្ញត្តិ រវាង​ប្រទេស​ទាំង​ពីរ​ដើរតួ​នាទី​កាន់តែ​សកម្ម​បន្ថែម​ទៀត នៅ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ដើម្បី​គាំទ្រ​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​គណបក្ស​រវាង​ប្រទេស​ទាំង​ពីរ​ដែរ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ZHAO Leji បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហើយ​ឯកឧត្តម បាន​លើក​ឡើង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺជា​ការ​ទាក់ទង​ទំនាក់ទំនង​ដោយ​ការ​ជឿជាក់​គ្នា ដែល​មិន​អាច​មាន​អ្នក​ណា​មក​បំបែក​នូវ​មិត្តភាព​នេះ​បាន​ឡើយ ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំពី​ការ​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ រវាង​ប្រទេស​ទាំង​ពីរ ។ ឯកឧត្តម​ចង់​ឃើញ​ប្រទេស​ទាំង​ពីរ ពោល គឺ​ស្ថាប័ន​នីតិបញ្ញត្តិ​រវាង​កម្ពុជា និង​ចិន មាន​ទំនាក់ទំនង​គ្នា​កាន់តែ​ស្អិតរ​មួ​ត​បន្ថែម​ទៀត ក្នុង​គោលដៅ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ដោយ​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី ៕