រដ្ឋធានីបាកដាដ ៖ ប្រទេសអ៊ីរ៉ាក់បានពិចារណាចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើអង្គការមួយនេះ មិនអនុញ្ញាតឱ្យខ្លួនបង្កើនផលិតកម្មប្រេង។ នេះបើតាមប្រភពសិ្នទ្ធបញ្ហានេះ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters និងចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។
លទ្ធភាពនៃការចាកចេញរបស់អ៊ីរ៉ាក់ នឹងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរមួយផ្សេងទៀតដល់អង្គការOPEC ដែលទើបតែបានឃើញប្រទេសអេមីរ៉ាតអារ៉ាប់រួមដើរចេញមិនដល់២ខែមុន ដ្បិតអ៊ីរ៉ាក់ជាប្រទេសផលិតប្រេងធំជាងគេទី២របស់ OPEC បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ហើយក៏ជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង៥ផងដែរ។ អង្គការ OPEC ត្រូវបានបង្កើតឡើងក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ាក់នៅក្នុងឆ្នាំ ១៩៦០។
អ៊ីរ៉ាក់ពឹងផ្អែកលើប្រេងសម្រាប់ចំណូលភាគច្រើនរបស់ខ្លួន ដែលចំណូលនេះបានធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ង់បានបិទផ្លូវនាំចេញដ៏សំខាន់តាមរយៈច្រកសមុទ្រហ័រមូស (Hormuz)។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី២៥ ខែមិថុនា បានប្រាប់ Reuters ថា រដ្ឋាភិបាលកំពុងតែប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដែលជាលទ្ធផលនៃសង្គ្រាម ហើយកូតា OPEC របស់ខ្លួន គួរតែត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរ។ លោកបានបន្ថែមថា ប្រទេសអ៊ីរ៉ាក់ធ្លាប់បានពិចារណាចាកចេញពី OPEC ប៉ុន្តែផែនការបច្ចុប្បន្ន គឺបន្តធ្វើជាសមាជិក និងស្វែងរកកូតាខ្ពស់ជាងមុន។ លោកបន្តទៀតថា អារ៉ាប៊ីសាអូឌីត ព្រមទាំងសម្ព័ន្ធមិត្ត OPEC ផ្សេងទៀត គួរតែចាត់ទុកបញ្ហានេះ ជាបញ្ហាត្រូវដោយយកចិត្តទុកដាក់បំផុត។ បើមិនដូច្នោះទេ អ៊ីរ៉ាក់នឹងត្រូវបង្ខំចិត្តពិចារណាលើរាល់ជម្រើសដែលមានទាំងអស់។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងប្រេងអ៊ីរ៉ាក់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា របាយការណ៍ដែលបង្ហាញថា ប្រទេសអ៊ីរ៉ាក់កំពុងតែពិចារណាបញ្ចប់សមាជិកភាពក្នុងអង្គការ OPEC នោះ គឺមិនបានឆ្លុះបញ្ចាំងពីជំហរផ្លូវការរបស់រដ្ឋាភិបាលអ៊ីរ៉ាក់នោះទេ។
គួរបញ្ជាក់ថា កូតាប្រេងរបស់អ៊ីរ៉ាក់សម្រាប់ខែកក្កដាគឺជាង ៤,៣ លានបារ៉ែលក្នុង១ថ្ងៃ បើទោះជាផលិតកម្មប្រេងបច្ចុប្បន្នស្ថិតក្រោមកម្រិតនេះយ៉ាងខ្លាំង ដោយសារតែការរំខាននៅច្រកសមុទ្រហ័រមូសក៏ដោយ។ គិតត្រឹមម៉ោង ១ និង ២០ នាទីរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) តម្លៃប្រេង Brent ដែលជាស្តង់ដាពិភពលោក បានជួញដូរនៅក្នុងតម្លៃ ៧៤,១៨ ដុល្លារអាមេរិកក្នុង១បារ៉ែល ពោលធ្លាក់ចុះ ១,៤%៕


ចែករំលែកព័តមាននេះ