អាជ្ញាធរទីក្រុងប៉ារីស ប្រទេសបារាំង បានប្រកាសហាមឃាត់ការលក់ និងការប្រើប្រាស់គ្រឿងស្រវឹងនៅទីសាធារណៈ ដើម្បីកាត់បន្ថយសម្ពាធលើមន្ទីរពេទ្យនានា ក្នុងអំឡុងពេលដែលទីក្រុងកំពុងរងការវាយប្រហារដោយរលកកម្តៅយ៉ាងខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់ BBC News ។

លោក Patrice Faure អធិការប៉ូលីសទីក្រុងប៉ារីសបានបញ្ជាក់ថា៖ «យើងកំពុងឈានដល់ចំណុចលើសចំណុះ (តិត្ថិភាព) នៅក្នុងមន្ទីរពេទ្យហើយ» ។
ការផឹកស្រានៅទីសាធារណៈ ត្រូវហាមឃាត់ចាប់ពីម៉ោង១២:០០ថ្ងៃត្រង់ថ្ងៃសុក្រ រហូតដល់ម៉ោង៧:០០ព្រឹកថ្ងៃសៅរ៍ ហើយនឹងបន្តអនុវត្តក្នុងម៉ោងដដែលនេះពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ ។

ការលក់គ្រឿងស្រវឹងខ្ចប់ទៅផ្ទះ ក៏ត្រូវហាមឃាត់ចាប់ពីម៉ោង៦:០០ព្រឹកថ្ងៃសុក្រ ដល់ម៉ោង ៧:០០ព្រឹកថ្ងៃសៅរ៍ និងអនុវត្តបន្តក្នុងម៉ោងដដែលពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យផងដែរ ។ បា និងភោជនីយដ្ឋានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនស្ថិតក្រោមការរឹតបន្តឹងនេះឡើយ ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីបារាំង លោក Sébastien Lecornu បានប្រកាសដំឡើងកម្រិតអាសន្នសុខភាពដល់កម្រិតខ្ពស់បំផុត ដើម្បីបង្កើនបុគ្គលិកមន្ទីរពេទ្យ និងការពារពលរដ្ឋដែលងាយរងគ្រោះ ។

គួររំលឹកផងដែរថា ប្រទេសបារាំងទើបតែបានកត់ត្រាថ្ងៃក្តៅបំផុតមិនធ្លាប់មាន កាលពីថ្ងៃពុធ ដោយសីតុណ្ហភាពអប្បបរមាមធ្យមនៅពេលយប់ឡើងដល់២២អង្សាសេ ហើយនៅទីក្រុងណាន់ត៍ (Nantes) ឡើងដល់២៧,២អង្សាសេ។
បន្ទាប់ពីបានធ្វើឱ្យប្រទេសអេស្ប៉ាញ ចក្រភពអង់គ្លេស និងបារាំង ក្តៅហួតហែងអស់រយៈពេលជាច្រើនថ្ងៃ រលកកម្តៅដ៏សាហាវនេះ កំពុងតែផ្លាស់ទីទៅទិសខាងកើត ។ប្រទេសអាល្លឺម៉ង់ អ្នកព្យាករណ៍អាកាសធាតុព្រមានថា សីតុណ្ហភាពអាចនឹងហក់ឡើងដល់៤០អង្សាសេ នៅទូទាំងប្រទេសនៅថ្ងៃសុក្រ ។ ការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរ ត្រូវបានដាក់ចេញនៅក្នុងតំបន់ភាគច្រើននៃប្រទេស ។
ជុំវិញបញ្ហានេះ លោក Simon Stiell ប្រធានផ្នែកការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា រលកកម្តៅដ៏សាហាវនៅអឺរ៉ុបនេះ គឺជាសញ្ញាបង្ហាញច្បាស់ពីវិបត្តិអាកាសធាតុពាសពេញទ្វីប ។ លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរឱ្យបានលឿនជាងមុន ទៅកាន់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងជំរុញភាពធន់នឹងអាកាសធាតុ ។

ចែករំលែកព័តមាននេះ