ម្ចាស់ភ័យមិនស្ទើរ ! កំពុងបើកសុខៗស្រាប់តែឡានឆ្លងចរន្តឆេះសន្ធោសន្ធៅសល់តែគ្រោងដែកអេតចាយ នៅមុខវិមានឈ្នះឈ្នះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកAlphard មួយគ្រឿង ម្ចាស់កំពុងតែបើកសុខៗស្រាប់តែឆ្លងចរន្តផ្សែងហុយនិងបង្កទៅជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យរងការខូចខាតទាំងស្រុងសល់តែដែកចេតចាយ ។

ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅតាមមហាវិថីវិមានឈ្នះឈ្នះ ក្នុងក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ចំពោះរថយន្តដែលត្រូវភ្លើងឆេះសមត្ថកិច្ចអោយដឹងថា ម៉ាកToyota Alphard ផលិតឆ្នាំ២០១២ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2CK3832 បើកបរដោយ ឈ្មោះ អែម វ៉ាន់ណូច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរអ្នកបើកបររថយន្ត ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើ បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិច ទៅកើតចេញពីរាជធានីភ្នំពេញ នៅពេលធ្វើដំណើរដល់មុខវិមានឈ្នះឈ្នះ ស្រាប់តែផ្សែងហ៊ុយចេញពីម៉ាស៊ីនរថយន្ត ។
ភ្លាមៗនោះ អ្នកបើកបរបានអែបរថយន្តចុះចេញ ហើយភ្លើងបានឆាប់ឆេះយ៉ាងសន្ធោសន្ធៅពេញបន្ទុក ដោយពុំអាចទប់ស្កាត់បាន អ្នកបើកបរបានត្រឹមតែឈរមើលតែប៉ុណ្ណោះ ។

តាមព័ត៌មានបានឲ្យដឹងទៀតថា នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញ ។
ទោះបីជាយ៉ាងណារថយន្តនោះ ត្រូវភ្លើងឆាបឆេះ បណ្ដាលឲ្យរថយន្តរងការខូចខាតទាំងស្រុងសល់តែដែកអេតចាយប៉ុណ្ណោះ ។
ទាក់ទិនការឆាបឆេះនេះ តាមម្ចាស់រថយន្តបានអោយសមត្ថកិច្ចដឹងថា មូលហេតុដែលបណ្តាលអោយឆាបឆេះនេះ ដោយឆ្លងចរន្តភ្លើងក្នុងកាប៊ិនបង្កជាអគ្គិភ័យតែម្តង ៕




ចែករំលែកព័តមាននេះ