សង្គ្រាមអ៉ីរ៉ង់ ៖ អង្គការសមុទ្រអន្តរជាតិOMI កាលពីថ្ងៃទី២៥ មិថុនា បានផ្អាកផែនការជម្លៀសបណ្ដានាវា និងនាវិកចេញពីច្រកសមុទ្រហ័រមូស ក្រោយការវាយប្រហារសំដៅនាវាមួយគ្រឿងដែលបើកឆ្លងកាត់ច្រកសមុទ្រយុទ្ធសាស្ត្រនោះ។ ផែនការនោះគ្រោងជម្លៀសនាវិកប្រមាណជា១១.០០០នាក់ ដែលជាប់ក្នុងតំបន់ឈូងសមុទ្រតាំងពីមានសង្គ្រាមអ៉ីរ៉ង់មក។

តាមបណ្ដាសារព័ត៌មានអាមេរិកថា ការវាយប្រហារនោះមកពីមីស៊ីលមួយគ្រាប់ដែលមិនដឹងបាញ់ចេញពីប្រភពណា។ តែតាមទីភ្នាក់ងារសន្តិសុខសមុទ្រអង់គ្លេសថា នោះជាការបាញ់របស់កងទ័ពអ៉ីរ៉ង់។ ក្រោយការវាយប្រហារនោះ អាជ្ញាធរសមុទ្រអ៉ីរ៉ង់ ជាអ្នកទទួលខុសត្រូវគ្រប់គ្រងច្រកសមុទ្រនេះបានព្រមានថា រាល់ការឆ្លងកាត់ក្រៅក្របខណ្ឌដែលបានកំណត់ដោយអ៉ីរ៉ង់នឹងមិនមានការធានាការឆ្លងកាត់ដោយសន្តិសុខឡើយ ហើយក៏មិនមានសិទ្ធិទទួលបានការធានារ៉ាប់រងដែរ។
បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី២៥ មិថុនា នោះ សេតវិមានបានបញ្ចេញប្រតិកម្មថា ប្រធានាធិបតីលោកដូណាល់ត្រាំ ប្រកាន់ភាពម៉ឺងម៉ាត់ថា អ៉ីរ៉ង់មិនអាចរារាំងការធ្វើចរាចរណ៍ដោយសេរីកាត់ច្រកសមុទ្រហ័រមូសឡើយ។ សភាពការណ៍ហាក់ដូចជាតានតឹងដែររវាងអូម៉ង និងអ៉ីរ៉ង់ ដែលស្ថិតនៅច្រាំងម្ខាងទៀតនៃច្រកសមុទ្រហ័រមូស ។ អូម៉ង់ប្រកាសថា មិនមានការគ្រោងបង់ប្រាក់ថ្លៃឆ្លងកាត់ច្រកសមុទនេះឡើយ ។
អូម៉ង់បានលើកម្ដងទៀត ពីការបើកច្រកសមុទ្រនេះ បណ្ដោះអាសន្នដោយថា នោះជាការផ្ដួចផ្ដើមគំនិតមួយដែលស្រុះស្រួលគ្នាជាមួយអ.ស.ប។ ប៉ុន្តែកងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមឆ្លើយតបជាមួយវិធានការសមស្រប រាល់ការប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រនេះដោយគ្មានការអនុញ្ញាតជាមុន ៕

ចែករំលែកព័តមាននេះ