ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កូរ៉េ​ខាង​ត្បុង​ផ្ដន្ទា​ទោស​អតីត​ជំទាវទី​មួយ​គីម​ឃឹន​ហ៊ី​ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​ទទួល​សំណូក

1 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ អតីត​ជំទាវ​ទី​មួយ​កូរ៉េ​ខាង​ត្បូង លោកស្រី​គីម​ឃឹន​ហ៊ី (Kim Keon Hee) ត្រូវ​តុលា​ការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​៧​ឆ្នាំ​ពី​បទ​ទទួល​សំណូក​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​របស់​​មាន​តម្លៃ​ដូច​ជា​គ្រឿង​អលង្ការ និង​កាបូប​ម៉ាក​ឌី​អ័រ (Dior) ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ការ​អនុ​គ្រោះ​​​ផ្នែក​នយោ​បាយ​។ ​លោក​ស្រី​គីម​ឃឹន​ហ៊ី​​ជា​ភរិយា​របស់​អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុកយូល​ ដែល​ត្រូវ​បាន​ដក​តំណែង​កាល​ពី​ឆ្នាំ​២០២៥​បន្ទាប់​ពី​​លោក​ប៉ុន​ប៉ង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ ប៉ុន្តែ​ត្រូវ​បរាជ័យ​។

តុលាការ​រក​ឃើញ​ថា​លោក​ស្រី​គីម​ចាប់​ផ្ដើម​ទទួល​សំណូក​​មុន​ពេល និង​អំឡុង​ពេល​​ស្វាមី​កាន់​អំណាច​។​ ចៅ​ក្រម​ថ្លែង​ថា​លោក​ស្រី​គីម​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​ជា​ប្រពន្ធ​ប្រធានា​ធិបតី​​ដើម្បី​ផ្ដល់​មុខ​តំណែង​ និង​ផ្ដល់​ការ​អនុ​គ្រោះ​សម្រាប់​អ្នក​ជំនួញ​។ ចៅ​ក្រម​អះ​អាង​ថា​លោក​ស្រី​​​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​ដើម្បី​ជួយ​ឱ្យ​អ្នក​ផ្ដល់​សំណូក​អាច​ទទួលបាន​មុខ​តំណែង​សំខាន់​ៗ​នៅ​ក្នុង​​រដ្ឋាភិបាល​ និង​រដ្ឋ​សភា​។ លោក​ស្រី​ទទួល​ដោយ​ឥត​ស្ទាក់​ស្ទើរ​នូវ​សំណូក​​​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន​ច្រើន​ដែល​ប្រជា​ជន​ធម្ម​តា​​រក​ពេញ​មួយ​ជីវិត​ក៏​មិន​បាន​សល់​ប៉ុណ្ណឹង​ផង​។

នៅ​ក្នុង​ចំណោម​សំណូក​ដែល​លោក​ស្រី​ទទួល​បាន​មាន​ដូច​ជា​ខ្សែ​ក​ម៉ាក​វ៉ាន់​គ្លីហ្វ និង​អា​ប៉ែល (Van Cleef & Arpels), កន្លះ​ពាក់​ជាប់​នឹង​អាវ​ម៉ាក​ទីហ្វានី (Tiffany) និង​ក្រវិល​មួយ​គូ​។​ លោ​ក​ស្រី​ក៏​ទទួល​សំណូក​​ជា​​សត្វ​អណ្ដើក​ផលិត​អំពី​មាស​សុទ្ធ​មួយ​គ្រឿង, កាបូប​ម៉ាក​ឌី​អ័រ (Dior) មួយ​, នាឡិកា​ដៃ​ម៉ាក​វ៉ា​ឆឺ​រ៉ុន កុង​ស្តង់​ទីន​ (Vacheron Constantin) តម្លៃ​៣៩​លាន​វុន​ ឬ​ជាង​២,៥​ម៉ឺន​ដុល្លារ​ និង​រូប​គំនូ​មួយ​ផ្ទាំង​តម្លៃ​១៤០​លាន​វុន (ជាង​៩​ម៉ឺន​ដុល្លារ​)​។​ ចៅ​ក្រម​ថ្លែង​ថា​ទង្វើ​របស់​លោក​ស្រី​គីម​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ចំពោះ​ទំនុក​ចិត្ត​របស់​​​សា​ធារណ​ជន​នៅ​ក្នុង​ការ​ជ្រើ​ស​រើស​មន្ត្រី​បម្រើ​មុខ​ងារ​សា​ធារ​ណៈ។​​

នៅ​ក្នុង​ចំណោម​អ្នក​ផ្ដល់​សំណូក​ជូន​លោក​ស្រី​គីម​មាន​ដូច​ជាម្ចាស់​ក្រុម​ហ៊ុន​សំណង់​ដែល​ស្នើ​សុំ​មុខ​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​ឱ្យ​កូន​ប្រសា​ប្រុសរបស់​ខ្លួន​​, គ្រូប្រដៅ​សាសនា​គ្រិស្ត​មួយ​រូប​ដែល​ចង់​បន្ត​រក្សា​បណ្ដាញ​ទំនាក់​ទំនង​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិ​បាល​កូរ៉េ​ខាង​ត្បូង​, អតីត​សាកល​វិទ្យា​ធិការ​សាកល​វិទ្យា​ល័យ​ឯក​ជន​ម្នាក់​ និង​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន​លក់​សត្វ​សុនក​រ៉ូបូត​ (robotic dog) ដែល​ចង់​ទទួល​បាន​សិទ្ធិ​ផ្គត់​ផ្គង់​ផលិត​ផល​របស់​ខ្លួន​សម្រាប់សេនា​​ការ​ពារ​សន្តិ​សុខ​​ប្រធានា​ធិបតី​។

ក្រៅ​ពី​​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​ដូច​ខាង​លើ ចៅ​ក្រម​ជំនុំ​ជម្រះ​ក៏​តម្រូវ​ឱ្យ​លោក​ស្រី​គីម​បង់​ប្រាក់​ពិន័យ​៦៤,៨​លាន​វុន​ និង​រឹប​អូស​សំណូក​ទាំង​នោះ​ត្រឡប់​មក​វិញ​ប្រសិន​បើ​រក​ឃើញ​​ទី​កន្លែង​នៃ​របស់​ទាំង​នោះ​។ បើ​គេ​ស្ដាប់​ការ​បក​ស្រាយ​ពី​ខាង​ចុង​ចោទ​វិញ​ម្ដង លោក​ស្រី​គីម​​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​។ មេធាវី​របស់​លោក​ស្រី​ថ្លែង​​ថា​កូន​ក្ដី​របស់​ខ្លួន​​នឹង​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​។​ លោក​ស្រី​គីមបាន​​ចោទ​ប្រកាន់​​ថា​​ចៅ​ក្រម​​ចេះ​តែ​និយាយ​ពន្លើស​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​លោក​ស្រី​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​យុន​ហាប់​។

សូម​បញ្ជាក់​ថា​លោក​ស្រី​គីម​បន្ត​ជាប់​ឃុំ​ចាប់​តាំង​ពី​លោក​ស្រី​ត្រូវ​តុលាការ​រក​ឃើញ​ពិរុទ្ធ​ភាព​ពី​បទ​កែ​ប្រែ​តម្លៃ​ភាគ​ហ៊ុន​នៅ​លើ​ទី​ផ្សារ​មូល​ប័ត្រ​ និង​ទទួល​សំណូក​ពី​ក្រុម​និកាយ​សាសនា​ Unification Church។ កាល​ពី​ខែ​មេសា តុលាការ​កាត់​ទោស​ឱ្យ​លោក​ស្រី​​ជាប់​ពន្ធ​នា​គារ​៤​ឆ្នាំ​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​ទាំង​នេះ​​។ ចំណែក​ស្វាមី​របស់​លោក​ស្រី​ត្រូវ​តុលាការ​ផ្ដន្ទា​ទោស​​ឱ្យ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​កាល​ពី​ខែ​កុម្ភៈ​ពី​បទ​រៀប​ចំ​អំពើ​បះ​បរ​ប្រឆាំង​នឹង​រដ្ឋ​ និង​ផល​ប្រយោជន៍​ជាតិ​៕ ប្រភព៖ Reuters​