ប្រទេសចិន បុរសជនជាតិចិនម្នាក់មកពីខេត្តជាំងស៊ី (Jiangxi) បានវិលត្រឡប់មកស្រុកកំណើតនៅជនបទវិញ បន្ទាប់ពីបានចាកចេញទៅធ្វើការឆ្ងាយអស់រយៈពេល ៦ ខែ ប៉ុន្តែត្រូវតក់ស្លុតជាខ្លាំងនឹងទិដ្ឋភាពដ៏គួរឱ្យព្រឺព្រួចនៅពេលដើរចូលទៅក្នុងផ្ទះ ឃើញមានពងសត្វពស់ដ៏ច្រើនសន្ធឹកសន្ធាប់ រាយប៉ាយជាគំនរៗជាង ១០ សំបុកពេញផ្ទះ។ វីដេអូដ៏ព្រឺឆ្អឹងខ្នងនោះ ត្រូវបានចែកចាយផ្ទុះលើបណ្តាញសង្គមចិន Weibo និងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយផងដែរ។ នេះបើតាមប្រភពពីសារព័ត៌មាន China Press ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
តាមរយៈវីដេអូដ៏កក្រើកបណ្តាញសង្គមនេះ អ្នកជំនាញបានពន្យល់ថា ចន្លោះពីខែឧសភា ដល់ខែសីហា ជារដូវកាលពងកូនខ្ពស់បំផុតរបស់សត្វពស់ ហើយផ្ទះដែលទុកចោលគ្មាន មនុស្សរស់នៅរយៈពេលយូរ ដែលងងឹត និងសើម នឹងក្លាយជាកន្លែងល្អឥតខ្ចោះសម្រាប់ពងពស់ញាស់។ តួយ៉ាង ប្រឡោះទ្វារ រន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធលូក្នុងផ្ទះចាស់ៗ នៅជនបទ គឺជាទីតាំងដែលសត្វពស់ និងសត្វល្អិតងាយនឹងវារចូលបំផុត។
មន្ត្រីពន្លត់អគ្គិភ័យម្នាក់បានជម្រុញពលរដ្ឋឱ្យបិទភ្ជិតរាល់ចន្លោះប្រហោងនៅលើទ្វារ និងជញ្ជាំង ព្រមទាំងបិទទ្វារ-បង្អួចឱ្យបានជិតល្អ ប្រសិនបើត្រូវចាកចេញពីផ្ទះក្នុងរយៈពេលយូរ។ អ្នកដែលរស់នៅជាន់ផ្ទាល់ដី និងនៅក្នុងផ្ទះចាស់ៗទៀតសោត គួរតែសម្អាតរបស់របររប៉ាត់រប៉ាយឱ្យបានជាទៀងទាត់ និងរក្សាខ្យល់អាកាសចេញចូលឱ្យបានល្អ។ លើសពីនេះទៀត អ្នកជំនាញបានព្រមានមិនឱ្យប៉ះពាល់ ឬដោះស្រាយបញ្ហាដោយខ្លួនឯងឡើយ ប្រសិនបើប្រទះឃើញសត្វពស់ ឬពងសត្វពស់ដូចនៅក្នុងវីដេអូនោះ។
ទោះជាយ៉ាងណាក៏ដោយ បណ្តាអ្នកនិយមបណ្តាញសង្គមមួយចំនួនបានចោទសួរអំពីភាពត្រឹមត្រូវនៃវីដេអូនោះ ដោយពួកគេសង្ស័យថា វាអាចជាការរៀបចំឡើងដោយម្ចាស់កសិដ្ឋានចិញ្ចឹមសត្វពស់ ដើម្បីទាក់ទាញការចូលមើលតែប៉ុណ្ណោះ៕



ចែករំលែកព័តមាននេះ