វ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN អ៉ីរ៉ង់បានបើកការវាយប្រហារលើនាវាដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ ។
ការវាយប្រហារនេះ បានបង្ខំឱ្យផ្អាកបេសកកម្មជម្លៀសនាវិកជាបន្ទាន់ និងបង្ហាញថា អ៉ីរ៉ង់នៅតែបន្តរឹតបន្តឹងផ្លូវទឹកដ៏សំខាន់នេះ ទោះបីជាទើបតែមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនក៏ដោយ ។
មន្ត្រីអាមេរិកម្នាក់បានទម្លាយប្រាប់ CNN ថា នាវានោះ ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (Drone) របស់អ៉ីរ៉ង់ ។ ទោះបីជាភាគីអ៉ីរ៉ង់មិនទាន់ចេញមុខអះអាងទទួលខុសត្រូវក៏ដោយ ប៉ុន្តែហេតុការណ៍នេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់អ៉ីរ៉ង់បានព្រមានថា រាល់នាវាទាំងអស់ត្រូវតែឆ្លងកាត់តាមផ្លូវដែលកំណត់ដោយអ៉ីរ៉ង់ ដែលនេះជាការឌឺដងទៅនឹងការអះអាងរបស់រដ្ឋបាលលោក Trump ថា ច្រកសមុទ្រនេះមានសេរីភាព និងបើកចំហឡើងវិញ។
តម្លៃប្រេងហក់ឡើង នេះជាការវាយប្រហារលើកដំបូងបង្អស់ ចាប់តាំងពីអាមេរិក និងអ៉ីរ៉ង់បានព្រមព្រៀងគ្នាដើរឆ្ពោះទៅរកសន្តិភាពកាលពីសប្តាហ៍មុន ដែលធ្វើឱ្យតម្លៃប្រេងសាកលហក់ឡើងភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កំពុងព្យាយាមបញ្ចុះបញ្ចូលបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រឱ្យជឿជាក់លើកិច្ចព្រមព្រៀងសន្តិភាពនេះ។
អង្គការសមុទ្រអន្តរជាតិ (IMO) របស់អង្គការសហប្រជាជាតិ ត្រូវបានបង្ខំចិត្តផ្អាកបេសកកម្មជម្លៀសកប៉ាល់រាប់រយគ្រឿង និងនាវិកជាង១១,០០០នាក់ ដែលបានជាប់គាំងនៅក្នុងតំបន់ឈូងសមុទ្រពែរ្សតាំងពីសង្គ្រាមផ្ទុះឡើង ។
យោងតាមទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស នាវាដឹកទំនិញនោះបានរងការវាយប្រហារចំផ្នែកខាងស្តាំ បណ្តាលឱ្យខូចខាតដំបូលបញ្ជា (ស្ពាននាវា) ប៉ុន្តែសំណាងល្អមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬផលប៉ះពាល់ដល់បរិស្ថានឡើយ។ បច្ចុប្បន្ន នាវាទាំងអស់នៅក្នុងតំបន់ត្រូវបានណែនាំឱ្យធ្វើដំណើរដោយការប្រុងប្រយ័ត្នខ្ពស់បំផុត ។

ចែករំលែកព័តមាននេះ