ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្តេញ​ជនជាតិ​ចិន​១៧៣​នាក់ ទៅ​ស្រុក​វិញ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​អន​ឡាញ និង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​១៧៣​នាក់ ត្រូវ​បាន​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បញ្ចេញ​ចេញពី​កម្ពុជា​ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​ករណី​លួច ស្នាក់​នៅ ធ្វើ​ការងារ​ខុសច្បាប់ ​។

តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ អនុវត្ត​តាមអនុសាសន៍ដ៏​ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិ សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្តនីតិវិធី បាន​សហកា​ជាមួយ​ស្ថានទូត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ក​កម្ពុជា​ធ្វើការបណ្តេញជនជាតិចិន ​សរុប​ចំនួន១៧៣​នាក់ ស្រី​០២​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​ករណី​លួច​ស្នាក់​នៅ ធ្វើ​ការងារ​ខុសច្បាប់​។ ​ការ​បណ្ដេញ​ជនជាតិ​ចិន​នេះ ​ធ្វើ​ឡើងតាម​​រយៈ​​យន្តហោះ​ពិសេស​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ។

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់ សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ទទួល​ដឹកនាំ​តម្រង់​ទិស​យ៉ាង​មុតមាំ​បំផុត​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​កើត​មាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ដើម្បី​ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ជា​ពិសេស​ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ណាមួយ អោយ មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​ ៕