ប្រទេសវៀតណាម ៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងតែពន្លឿនផែនការ ដើម្បីដាក់ចេញកម្មវិធីពិនិត្យសុខភាព (ឆែកសុខភាព) ដោយឥតគិតថ្លៃដែលមានទំហំទឹកប្រាក់ ៩៨,៣ លានដុល្លារអាមេរិក សម្រាប់ពលរដ្ឋទាំងអស់រស់នៅទីក្រុងមួយនេះ។ កម្មវិធីនេះ មានគោលដៅផ្លាស់ប្តូរការថែទាំសុខភាពពីការព្យាបាលជំងឺទៅជាបង្ការ និងថែទាំសុខភាពសហគមន៍។ នេះបើតាមប្រភពពីសារព័ត៌មាន Vietnamnet បានចេញផ្សាយ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានជួបជាមួយក្រុមការងារមន្ទីរសុខាភិបាលក្រុង ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមពិនិត្យសុខភាពទូទាំងក្រុង និងផែនការរយៈពេលវែង សម្រាប់ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាព។
បើយោងតាមអនុប្រធានមន្ទីរសុខាភិបាលក្រុងហូជីមិញបានឱ្យដឹងថា ទីក្រុងកំពុងបញ្ចប់សំណើមួយ ដើម្បីផ្តល់ការពិនិត្យសុខភាពប្រចាំឆ្នាំ សម្រាប់អ្នករស់នៅក្រុងមួយនេះទាំងអស់ ដែលចាប់ផ្តើមនៅឆ្នាំ ២០២៦ ផ្ទាល់តែម្តង ដោយមានគោលដៅធានាថា អ្នកគ្រប់គ្នាទទួលបានការពិនិត្យសុខភាពយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ។
កំណត់ត្រាសុខភាពពីការពិនិត្យ នឹងត្រូវបានបញ្ចូលទៅក្នុងទម្រង់សុខភាពប្រព័ន្ធអេឡិចត្រូនិក ដើម្បីគាំទ្រដល់ការគ្រប់គ្រងសុខភាពពេញមួយជីវិត។ កម្មវិធីនេះ នឹងគ្របដណ្តប់លើពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ រួមទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍ និងអ្នកស្នាក់នៅបណ្ដោះអាសន្ន ដែលបានផ្ទៀងផ្ទាត់តាមរយៈកម្មវិធី VNeID ក្នុងទូរស័ព្ទដៃ ក៏ដូចជាកម្មករដែលធ្វើការក្នុងទីក្រុង និងមន្ត្រីរាជការស្ថិតក្រោមការគ្រប់គ្រងក្រុង។
នៅក្នុងឆ្នាំនេះតែមួយ វិស័យថែទាំសុខភាពមានគោលបំណងធ្វើការពិនិត្យប្រហែល ១៥លានដង ដោយធានាថា ប្រជាពលរដ្ឋនៅទូទាំង ១៦៨ សង្កាត់-ឃុំ ទទួលបានការពិនិត្យស្វែងរកជំងឺយ៉ាងហោចណាស់ឱ្យបានម្តង។ ក្រុមអាទិភាពរួមមាន មនុស្សវ័យចំណាស់ ជនពិការ គ្រួសារប្រាក់ចំណូលទាប អ្នកមានគុណបំណាច់ចំពោះជាតិ អ្នកជំងឺរ៉ាំរ៉ៃ និងអ្នកដែលរស់នៅក្នុងតំបន់ខ្វះខាតសេវាកម្ម។ ដែនកំណត់ចំណាយអតិបរមាត្រូវបានកំណត់នៅ ១៣,៧ ដុល្លារអាមេរិកក្នុងមនុស្សម្នាក់ជារៀងរាល់ឆ្នាំ។ ការពិនិត្យសុខភាពត្រូវបានអនុវត្តនៅតាមមណ្ឌលសុខភាពឃុំ/សង្កាត់ទាំង ១៦៨ ដោយមានកិច្ចសហការពីមន្ទីរពេទ្យរដ្ឋ និងឯកជនជាង ១០០ កន្លែង។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលក្រុងហូជីមិញក៏បានប្រកាសពីកាលវិភាគពិនិត្យសុខភាពឥតគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់សាកល្បងចំនួន ៩ ដោយអាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាលបានយល់ព្រមជ្រើសរើសតំបន់ទាំងនោះជាទីតាំងសាកល្បងដ៏សំខាន់ មុនឈានដល់ការអនុវត្តកម្មវិធីនៅទូទាំងក្រុងតែម្តង ក្រោមសេចក្តីសម្រេច និងសេចក្តីណែនាំ ដែលចេញដោយនាយករដ្ឋមន្ត្រី និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលវៀតណាម៕


ចែករំលែកព័តមាននេះ