ផ្ទះពលរដ្ឋនៅឃុំចំនួន០២នៅស្រុកសង្កែ រងផលប៉ះពាល់ដោយទឹកជំនន់ ខណៈផ្លូវ០១ខ្សែនៅស្រុកឯកភ្នំ ត្រូវហាមមិនឲ្យឡានធុនធ្ងន់ឆ្លងកាត់
- បាត់ដំបង
ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋប្រហែលជាង៨០ខ្នង នៅក្នុងឃុំចំនួន០២ ក្នុងស្រុកសង្កែ កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ដែលហូរហៀរបែកចេញពីដងស្ទឹងសង្កែ ខណៈផ្លូវក្រាលកៅស៊ូ០១ខ្សែនៅក្នុងស្រុកឯកភ្នំ ត្រូវបានអាជ្ញាធរប្រកាសមិនអនុញ្ញាតឲ្យរថយន្តធុនធ្ងន់បើកឆ្លងកាត់ គិតត្រឹមម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៥ កក្កដា សន្ទុះទឹកស្ទឹងសង្កែកាន់តែហក់ឡើងខ្លាំងនៅតំបន់ប៉ែកខាងក្រោម ។

សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ដោយសារជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើងនៅឡើយ នៅដងស្ទឹងសង្កែ នារសៀលថ្ងៃទី១៥ កក្កដា បានបែកចេញហូរហៀរចូលទៅតាមភូមិ ធ្វើឲ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន០២ ក្នុងស្រុកសង្កែ ។ មន្ត្រីបានជូនដំណឹងថា ឃុំនរា ទឹកជំនន់បានហូរចូលដល់ផ្ទះពលរដ្ឋ ធ្វើឲ្យប៉ះពាល់ជាង៤០ខ្នងផ្ទះ និងឃុំវត្តតាមិម ប៉ះពាល់ជាង៤០ខ្នងផ្ទះដែរ ។ ប៉ុន្តែមិនទាន់មានប៉ះពាលផលដំណាំ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស ហើយភាគច្រើននៃលំនៅឋានដែលរងផលប៉ះពាល់នេះ គឺប្រជាពលរដ្ឋដែលរស់នៅរ៉បដងស្ទឹងសង្កែ ។
ដោយឡែក នៅខាងស្រុកឯកភ្នំឯណោះវិញ ដែលមើលទៅហាក់ដូចជាប្រឈមនឹងហានិភ័យបន្តិច ជាមួយនឹងជំនន់ទឹកភ្លៀងលើកដំបូងនេះ ដោយសារតែភូមិសាស្រ្ត ស្រុកនេះ ស្ថិតនៅប៉ែកខាងក្រោមនៃស្ទឹងសង្កែ ។ ដូច្នេះហើយ ទើបរៀងរាល់ឆ្នាំ ពេលមានទឹកជំនន់តាមដងស្ទឹងសង្កែម្ដងៗ ស្រុកឯកភ្នំនេះរងគ្រោះលិចលង់ជាងគេ ។

ដោយសារជំនន់ទឹកភ្លៀងក្នុងស្ទឹងហូរចុះពីប៉ែកខាងលើ មកទើរត្រឹមស្រុកឯកភ្នំ ធ្វើឲ្យហូរហៀរលិចលង់កំណាត់ផ្លូវមួយចំនួនរងការខូចខាត និងប៉ះពាល់ផលដំណាំខ្លះៗ ទើបនៅរសៀលថ្ងៃទី១៥ កក្កដា រដ្ឋបាលស្រុកឯកភ្នំ បានសម្រេចចេញសេចក្ដីជូនដំណឹងជាបន្ទាន់ ស្ដីពី«ស្ថានភាពទឹកជំនន់ក្នុងស្ទឹងសង្កែ»នេះ។ បើតាមរដ្ឋបាលស្រុកឯកភ្នំ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៥ កក្កដា មានឃុំចំនួន០៤ ដែលកំពុងប្រឈមនឹងជំនន់ទឹកស្ទឹងនេះ គឺឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ។
រដ្ឋបាលស្រុកនេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទាំង០៤នេះ ជាពិសេសអ្នករស់នៅតាមដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកុមារ និងសម្ភារផ្សេងៗ។ ស្ថិតក្នុងស្ថានភាពបែបនេះ រដ្ឋបាលស្រុកឯកភ្នំ ក៏បានប្រកាសផ្អាកជាបណ្ដោះអាសន្ន មិនអនុញ្ញាតឲ្យរថយន្តធុនធ្ងន់គ្រប់ប្រភេទបើកឆ្លងកាត់លើផ្លូវលេខ១៥៦ ដោយសារតែផ្នែកខ្លះ នៃដងផ្លូវត្រូវបានទឹកហូរកាត់ផ្ដាច់ ។

ផ្លូវលេខ១៥៦ ដែលត្រូវហាមឃាត់មិនឲ្យរថយន្តធុនធ្ងន់ធ្វើដំណើរជាបណ្ដោះអាសន្ន ដោយគិតចាប់ពីចំណុចក្បាលស្ពានដូនទាវ រហូតដល់ចំណុចក្បាលស្ពានព្រែកត្រប់ ស្ថិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ។ ចំពោះការបើកដំណើរការឡើងវិញ រដ្ឋបាលស្រុកនឹងជូនដំណឹងនៅពេលក្រោយ។ រដ្ឋបាលស្រុក និង ចាប់ឃាត់រថយន្តធុនធ្ងន់ទាំងអស់យកទៅទុកបណ្ដោះបណ្ដោះអាសន្ន ប្រសិនជាម្ចាស់យានយន្តទាំងឡាយណាមិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ។
គេមិនទាន់ឃើញមានសញ្ញាថមថយនៅឡើយទេ នូវកំពស់ទឹកក្នុងស្ទឹងសង្កែ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៥ កក្កដា បើទោះជាប្រភពទឹកនៅប៉ែកខាងលើ នៃដងស្ទឹងបានស្រកចុះខ្លះៗហើយក្ដី ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ រស់នៅប៉ែកខាងក្រោមៗនៃដងស្ទឹងសង្កែ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេស អ្នកស្រុកឯកភ្នំនេះតែម្ដង ។

ប៉ុន្តែយ៉ាងណាក៏ដោយ បើតាមលោកខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់ថា ប្រសិនបើប្រភពទឹកផ្នែកខាងលើ គ្មានភ្លៀងធ្លាក់បន្ថែមទេ សន្ទុះទឹកនៅផ្នែកខាងក្រោម អាចនឹងថយចុះចាប់ពីត្រិមល្ងាចថ្ងៃទី១៦ កក្កដា ប៉ុន្តែទឹកនឹងបន្តហក់ឡើង បើនៅផ្នែកខាងលើនៅតែមានភ្លៀងធ្លាក់ ៕







ចែករំលែកព័តមាននេះ