ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន ចុះហត្ថលេខា​ជា​ផ្លូវការ បើកផ្លូវ​នាំ​ចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅ​កាន់​ទីផ្សារ​ចិន

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រ​សួ​ប​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​កម្ពុជា ​និង​រដ្ឋមន្ត្រី​ នៃ​អគ្គ​រដ្ឋបាល​គយ​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ បើកផ្លូវ​នាំ​ចេញ​ផ្លែ​ ខ្នុរ​ស្រស់ ​ទៅ​កាន់​ទីផ្សារ​ចិន ​។

នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ នៅ​រដ្ឋធានី​ប៉េ​កាំ​ង ប្រទេស​ចិន ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​ជំទាវ Sun Meijun រដ្ឋមន្ត្រី ​នៃ​អគ្គ​រដ្ឋបាល​គយ​ចិន បាន​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​ពីរ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា និង ចិន​នេះ​រួម​មាន​ដូច​ជា ​៖
១. អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ច​ត្តា​ឡី​ស័ក​ដំណាំ និង​បសុសត្វ និង​ការ​នាំ​ចេញ​-​នាំ​ចូល​ចំណីអាហារ​ដែល​មាន​សុវត្ថិភាព​។
២. ពិធីសារ ស្ដី​ពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការ​នាំ​ចេញ​ផ្លែ​ខ្នុរ​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចរចា​បើក​ទីផ្សារ​អន្តរជាតិ និង​កសាង​ទំនុកចិត្ត​លើ​គុណភាព​កសិផល​ខ្មែរ​។ ពិធីសារ​ភូតគាម​អនាម័យ (SPS) នេះ បាន​កំណត់​យ៉ាង​ច្បាស់​នូវ​លក្ខខណ្ឌ​បច្ចេកទេស ចាប់តាំងពី​ដំណាក់កាល​ថែទាំ ប្រមូល​ផល សម្អាត កែ​ច្នៃ វេច​ខ្ចប់ រហូត​ដល់​ការ​ដឹក​ជញ្ជូន​។ គោលដៅ​ចម្បង គឺ​ដើម្បី​ធានា​ថា​គ្រប់​កសិផល​ដែល​នាំ​ចេញ គ្មាន​ផ្ទុកមេរោគ សារធាតុ​គីមី សត្វល្អិត​ចង្រៃ ឬ​ជំងឺឆ្លង ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​មនុស្ស សត្វ និង​ដំណាំ​ឡើយ​។

គួរ​បញ្ជាក់​ថា​ដើម្បី​ធានា​បាន​ នូវ​ការ​នាំ​ចេញ​ដោយ​ជោគជ័យ និង​រក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​កសិផល​កម្ពុជា ក្រសួង​សូម​អំពាវនាវ​ដល់​អ្នក​ផលិត និង​អ្នក​នាំ​ចេញ​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ រៀបចំ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​បាន​ល្អ និង​អនុវត្ត​តាម​ស្តង់ដារ​អនាម័យ ព្រមទាំង​តម្រូវការ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាទី​បំផុត​ ។

ក្រសួងកសិកម្ម​បាន​អបអរសាទរ​ដល់​ប្រជា​កសិករ និង​វិស័យ​ឯកជន​កម្ពុជា​ទាំងអស់ សម្រាប់​ជំហាន​ដ៏​មាន​សារៈសំខាន​មួយ​នេះ ៕