ខេត្តព្រៃវែង ៖ មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តព្រៃវែង សហការជាមួយអាជ្ញាធរស្រុកពាមរក៍ បានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងព្រួលស្បៃមុង នៅឃុំពាមមានជ័យ ដោយបានដកហូត និងដុតបំផ្លាញចោល របាំងព្រួលស្បៃមុង ដែលជាឧបករណ៍ហាមឃាត់ ប្រវែងជិត១,០០០ម៉ែត្រ នឹងបានចាក់ព្រលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ជាង១០គីឡូ ។
សកម្មភាពចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដានេះ នៅចំណុចបឹងធម្មជាតិ តាពាក ដែលស្ថិតក្នុងភូមិបន្លិច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
មន្ត្រីជំនាញជលផល បានឲ្យដឹងថា ទោះបីពេលនេះ មិនមែនជារដូវបិទនេសាទ ប៉ុន្តែឧបករណ៍នេសាទប្រភេទរបាំងព្រួលស្បៃមុង គឺជាឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់ ដូច្នេះទាំងមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវតែចូលរួមក្នុងការបង្ក្រាប ។
ជាក់ស្ដែង ការបង្ក្រាបនៅក្នុងបឹងធម្មជាតិ តាពាកក្នុងភូមិបន្លិចនេះ ជាលទ្ធផលមន្ត្រីជំនាញ ដកហូតបានលូស្បៃមុងចំនួន ១០មាត់ បង្គោលចម្រឹងចំនួន ៤៥០ដើម របាំព្រួលស្បៃមុងប្រវែង ៩០០ម៉ែត្រ ឧបករណ៍ទាំងនេះត្រូវបានមន្ត្រីជំនាញ ដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែង ជាមួយគ្នានេះ ក៏បានចាក់ប្រលែងកូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ បានចំនួនជាង១០គីឡូ ផងដែរ ។
មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តព្រៃវែង បានអំពាវនាវឲ្យបងប្អូនប្រជានេសាទ ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំប្រើប្រាស់ឧបករណ៍នេសាទណា ដែលច្បាប់ហាមឃាត់ ដើម្បីលើកកម្ពស់ធនធានធម្មជាតិរបស់យើង ក៏ដូចជាដើម្បីរក្សាពូជពង្សមច្ឆាជាតិ ទុកសម្រាប់កូនចៅជំនាន់ក្រោយបានឃើញបានស្គាល់ផងដែរ ៕





ចែករំលែកព័តមាននេះ