ប្រទះឃើញបង្គួយបន្លាភ្នំ ឬបង្គួយស្នែង នៅដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់ ១.៥៥១ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការឱ្យពីមន្ទីរបរិស្ថានខេត្តពោធិសាត់ ។
ក្រុមអ្នកដើរព្រៃបានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញដូចប្រភេទជីវៈចម្រុះដទៃ។
បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានគេស្គាល់ មានឈ្មោះវិទ្យាសាស្ត្រ៖ Acanthosaura ដែលគេច្រើនស្គាល់ថា Mountain Horned Dragon។ លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល (មើលទៅដូចស្នែង) និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ ៕


ចែករំលែកព័តមាននេះ