ដាក់ទុយោបណ្ដាញទឹកស្អាតនៅបាតសមុទ្រឆ្ពោះទៅកោះទទន្សាយចម្ងាយ ៥គីឡូម៉ែត្រ
- កែប
ខេត្តកែប ៖ ក្រុមហ៊ុនឯកជនមួយកំពុងតទុយោទឹកស្អាតនៅបាតសមុទ្រ តភ្ជាប់ពីក្រុងកែបទៅដល់កោះទន្សាយ ដែលមានចម្ងាយ ៥គីឡូម៉ែត្រ ។ នេះបើយោងតាមការឱ្យដឹងពីកម្មករម្នាក់កាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ។ នេះជាលើកដំបូងហើយ ដែលនៅខេត្តកែបមានក្រុមហ៊ុនឯកជនមួយបានចំណាយទុនតប្រព័ន្ធទឹកស្អាតដាក់ទុយោកប់នៅបាតសមុទ្រ ដើម្បីនាំទឹកស្អាតទៅកោះទន្សាយ សម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ទឹកសាប ជាពិសេសអ្នកទេសចរដែលទៅកម្សាន្តនៅលើកោះនោះ តែងប្រឈមមិនមានទឹកស្អាតប្រើប្រាស់ ។
លោក ឃួន វុទ្ធី អភិបាលក្រុងកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ មកនេះថា ប្រជាពលរដ្ឋនៅលើកោះទន្សាយ បច្ចុប្បន្នមានចំនួន ៧គ្រួសារ តែដោយឡែកកោះពោធិ៍មានប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ រស់នៅជាអចិន្ត្រៃយ៍ សរុបទាំងអ្នកមកស្នាក់នៅប្រកបមុខរបរនេសាទផង មានចំនួន ១០៨គ្រួសារ ។
លោកអភិបាលក្រុងកែបបន្តថា ប្រជាពលរដ្ឋរស់នៅលើកោះពិតជាខ្វះខាតទឹកស្អាតប្រើប្រាស់ បើនៅខែវស្សាពួកគាត់បានត្រងទឹកភ្លៀងទុកប្រើប្រាស់បាន ប៉ុន្តែសម្រាប់រដូវប្រាំង គឺបានទិញទឹកគេដឹកទៅលក់ ។
តាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា ការតទឹកតាមទុយោនៅបាតសមុទ្រ មិនមែនផ្គត់ផ្គង់ត្រឹមតែអ្នករស់នៅលើកោះទន្សាយនោះទេ តែអ្នករស់នៅលើកោះពោធិ៍ ក៏ប្រើបាននៅពេលឆាប់ៗខាងមុខនេះដែរ ៕






ចែករំលែកព័តមាននេះ