ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ណែនាំ​មន្ទីរ​ព័ត៌មាន​ទាំង២៥រាជធានី​-​ខេត្តឱ្យ​បង្កើន​សកម្មភាព​ផ្សព្វផ្សាយ​លើ​គេហទំព័រ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់

58 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន បាន​ជំរុញ​ឱ្យ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​ទាំង២៥ ត្រូវ​បង្កើន​សកម្មភាព និង​លើកកម្ពស់​ប្រសិទ្ធភាព​គេហទំព័រ​ព័ត៌មាន​របស់​ខ្លួន​ឱ្យ​កាន់តែ​សកម្ម ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ទៅ​នឹង​តម្រូវការ​ព័ត៌មាន និង​សាធារណៈ​មតិ​នៅ​តាម​មូលដ្ឋាន​ ។

ការ​ជំរុញ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តម្រង់​ទិស​ស្តី​ពី «​ការងារ​ព័ត៌មាន​សាធារណ​មតិ ដល់​​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ ​។ ក្នុង​ឱកាស​នោះ ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត បាន​គូ​សប​ញ្ជា​ក់ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​គេហទំព័រ​មាន​សុវត្ថិភាព​ខ្ពស់ និង​អាច​រក្សា​ទុក​ទិន្នន័យ​បាន​យូរអង្វែង​ ។

ខុស​ប្លែក​ពី​បណ្តាញ​សង្គម​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ក្រុមហ៊ុន​ឯកជន​ក្នុង​ការ​គ្រប់គ្រង ដែល​​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការ​បាត់បង់​ទិន្នន័យ ហើយ​ម្យ៉ាងវិញទៀត បណ្តាញ​សង្គម​មាន​ដូច​ជា​ Facebok និង​Tiktok គឺ​មិនមែន​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​ឡើយ ​។

ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន​គ្រប់​រាជធានី​-​ខេត្ត ជា​ពិ​សេស ​​មន្ទីរ​ព័ត៌​មាន​ខេត្តកំពង់ស្ពឺ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នៅ​លើ​គេហទំព័រ​ឱ្យ​បានជា​ប្រចាំ​ ។ ខ្លឹមសារ​ផ្សព្វផ្សាយ​គួរ​ផ្តោត​លើ​រូបភាព​សមិទ្ធផល​អភិវឌ្ឍន៍ សកម្មភាព​ថ្នាក់ដឹកនាំ និង​សេចក្តីជូនដំណឹង​សំខាន់​ៗ​របស់​ក្រសួង​-​ស្ថាប័ន និង​សេវា​សាធារណៈ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​អ្នក​អាន​ឱ្យ​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍​ ។

ឯកឧត្តម​បាន​បង្ហាញ​ថា គេហទំព័រ​នេះ ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស ដើម្បី​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​មាតិកា​ចម្រុះ រួម​មាន​អត្ថបទ រូបភាព វី​ដេ​អូ និង​សំឡេង ជាមួយនឹង​ចំណុច​ប្រទាក់ក្រឡា​គ្នា ដែល​ងាយស្រួល​ប្រើប្រាស់ ជា​ពិសេស ​ងាយស្រួល​រក​ឯក​សារ​ចាស់​ៗ​ដែល​បាន​ផ្សព្វផ្សាយ​រួច​ហើយ​ថែម​ទៀត ​។

ទន្ទឹម​នឹង​នេះ ដើម្បី​ឱ្យ​មហាជន​ស្គាល់​គេហទំព័រ​របស់​យើង​កាន់តែ​ទូលំទូលាយ យើង​អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ដូច​ជា Facebook, TikTok និង Telegram ដោយ​គ្រាន់តែ​ភ្ជាប់​ដំណរ​ភ្ជាប់ (Link) នៅ​ខាងក្រោម ដើម្បី​ឱ្យ​អ្នក​អាន​ចុច​ចូល​ទៅ​កាន់​គេហទំព័រ​ដោយ​ផ្ទាល់​ ។

មុន​ពេល​ដាក់​ឱ្យ​ប្រើប្រាស់​គេហទំព័រ​រាជធានី​-​ខេត្ត​នា​ពេល​ថ្មី​ៗ​នេះ ក្រសួង​ព័ត៌មាន​បាន​រៀប​ចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បច្ចេក​ទេស​គ្រប់គ្រង និង​ការពារ​ចំនួន​២​លើក​រួច​មក​ហើយ​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សម្រេច​បង្កើត «​ក្រុម​ការងារ​គ្រប់គ្រង​គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត​» ដែល​ឯកឧត្តម ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ជា​ប្រធាន ​។

ការ​បង្កើត​ក្រុមការងារ​នេះ មាន​គោលបំណង​លើកកម្ពស់​គុណភាព និង​ស្តង់ដា​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល ឱ្យ​ក្លាយជា​ច្រក​ព័ត៌មាន​ផ្លូវការ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​សមិទ្ធផល​ និង​សកម្មភាព​អភិវឌ្ឍន៍​នានា​នៅ​តាម​មូលដ្ឋាន ក៏​ដូច​ជា​រួមចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ថ្នាក់​ជាតិ​ផង​ដែរ ​។

ក្រុមការងារ​នេះ​ មាន​ភារកិច្ច​រៀបចំ​ផែនការ និង​ទិស​ដៅ​អភិវឌ្ឍ​គេហទំព័រ​មន្ទីរ​ព័ត៌មាន​រាជធានី​-​ខេត្ត ទាំងអស់​ឱ្យ​មាន​សណ្តាប់ធ្នាប់ សង្គតិភាព ស្រប​តាម​និយាម និង​បទដ្ឋាន​ដាក់ចុះ​​សម្រាប់​ការ​គ្រប់គ្រង​ព័ត៌មាន ​៕