ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេ​ប៉ា​ល់ ៖ ផ្ទះ​១​ខ្នង​តទល់​នឹង​គ្រោះ​មហន្តរាយ​ទឹកជំនន់ ក្លាយជា​និមិត្តរូប​នៃ​ការ​រស់រាន​មានជីវិត​ដ៏​ភ្ញាក់ផ្អើល​បំផុត

2 ម៉ោង មុន

ប្រទេស​នេ​ប៉ា​ល់ ៖ ផ្ទះ​ពណ៌​បៃតង​ពីរ​ជាន់​១​ខ្នង​ដ៏​ល្បីល្បាញ នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់​បាន​ក្លាយជា​និមិត្តរូប​នៃ​ការ​រស់រាន​មានជីវិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត បន្ទាប់​ពី​វា​បាន​ឈរ​យ៉ាង​រឹង​មាំ​មិន​រលំ​ទៅ​ណា អំឡុង​ពេល​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​គ្រោះ​មហន្តរាយ​ទឹកជំនន់​ភ្លាម​ៗ កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦ កន្លង​ទៅ​។

ផ្ទះ​១​ខ្នង បាន​បន្ត​ឈរ​យ៉ាង​រឹង​មាំ​ចំ​កណ្តាល​គ្រោះ​ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់ បើ​ទោះបីជា​កម្លាំង​ទឹក​កំពុង​ហូរ​គំហក​បាន​លិចលង់​តំបន់​នោះ និង​ហូរ​កាត់​ផ្តាច់ និង​បំផ្លាញ​ស្ពាន សំណង​អគារ​ជា​ច្រើន​ជុំវិញ​នោះ​យ៉ាងណា​ក៏​ដោយ​។ វី​ដេ​អូ​ដ៏​រន្ធត់ ដែល​បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម បង្ហាញ​ពី​សមាជិកគ្រួសារ​យ៉ាង​ហោច​ណាស់​៣​នាក់ កំពុង​ឈរ​លើ​យ៉រ​ខាង​មុខ ដើម្បី​រង​ចាំ​ការ​ជួយ​សង្គ្រោះ ខណៈ​ពេល​ដែល​កម្លាំង​ទឹកជំនន់ លាយឡំ​ដោយ​ភក់ ដុំ​ថ្ម និង​កម្ទេចកម្ទី​ដ៏​ច្រើន​ផ្សេង​ទៀត បាន​បោកបក់​យ៉ាង​ខ្លាំងក្លា​។ ទោះ​យ៉ាងណា​ក៏​ដោយ វី​ដេ​អូ​បន្ទាប់​មក​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា អ្នក​នៅ​ក្នុងផ្ទះ​ទាំងអស់​បាន​រស់រាន​មានជីវិត និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្ថិភាព​ផង​ដែរ​។

ការ​បាក់​ផ្ទាំង​ទឹកកក​បាន​បណ្តាញ​ឱ្យ​ដុំ​ទឹកកក ថ្ម ភក់ និង​ទឹក ហូរ​យ៉ាង​គំហុក​តាម​ទន្លេ Bhote Koshi នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​នេ​ប៉ា​ល់ និង​តំបន់​ទី​បេ​របស់​ចិន ប៉ុន្តែ​ផ្ទះ​ពណ៌​បៃតង​១​ខ្នង​នោះ បែរជា​ទប់ទល់​នឹង​សម្ពាធ​កម្លាំង​ទឹក ការ​ប៉ះទង្គិច​ពី​កម្ទេចកម្ទី និង​កម្លាំង​ហូរ​ច្រោះ​នៃ​គ្រឹះ​សំណង់​។

បើ​ទោះបីជា​មិន​ទាន់​មានការ​ត្រួតពិនិត្យ​រចនាសម្ព័ន្ធ​ដោយ​ផ្ទាល់​ជា​ផ្លូវការ​ណាមួយ ដើម្បី​បញ្ជាក់​ច្បាស់​ថា ហេតុ​អ្វី​សំណងផ្ទះ​នោះ អាច​បន្ត​ឈរ​យ៉ាង​រឹង​មាំ​តទល់​នឹង​កម្លាំង​ទឹក​ក៏​ដោយ ក៏​អ្នកជំនាញ​មួយ​ចំនួន​បាន​លើក​ឡើង​ថា សសរ និង​ធ្នឹម​បេតុង​អា​ម៉េ ដើរតួ​យ៉ាង​សំខាន់​ជួយ​រក្សា​បន្ទុក​សំណង់​ឱ្យ​ជាប់​យ៉ាង​រឹង​មាំ​។ ជើង​តាង​ជ្រៅ ឬ​គ្រឹះ​បោះ​ណែន​ទៅ​ក្នុង​ផ្ទាំង​ថ្ម អាច​ជួយ​ទប់ទល់​នឹង​ការ​ដួល​រលំ និង​ការ​ច្រោះ​ដី ស្រប​ពេល​ទិស​ដៅ​សង់ផ្ទះ​ទៀត​សោត អាច​ជួយ​បំបែក​ចរន្តទឹក កាត់​បន្ថយ​សម្ពាធ​ផ្ទាល់​មក​លើ​ជញ្ជាំង និង​ជួយ​បង្វែរ​ខ្សែទឹក​ដែល​ហូរ​ខ្លាំង​បំផុត ខណៈ​កម្ទេចកម្ទី​ជា​ច្រើន​បាន​ហូរ​ផុត​សំណងផ្ទះ​នោះ​។

ជា​ការ​កត់សម្គាល់ បណ្តា​អគារ​នៅ​ក្បែរ​នោះ​បាន​ដួល​រលំ បន្ទាប់​ពី​គ្រឹះ​មិន​រឹង​មាំ​ដែល​បាន​បាត់បង់​ដី​ទ្រទ្រង់​។ ជា​រួមការ​សាងសង់​ដ៏​រឹង​មាំ ទិស​ដៅ​លំហូរ​ទឹក​អំណោយផល គួប​ផ្សំ​នឹង​សំណាង​ផង​នោះ ទំនងជា​បាន​រួម​បញ្ចូល​គ្នា​ជួយ​ឱ្យ​ផ្ទះ​ពណ៌​បៃតង​១​ខ្នង​នោះ​មិន​រលំ​ទៅ​ណា ដើម្បី​រក្សា​ជីវិត​ម្ចាស់​របស់​វា​ពី​គ្រោះ​មហន្តរាយ​ទឹកជំនន់​ ។

គួរ​បញ្ជាក់​ថា យោង​តាម​ប្រភព​ពី​សារព័ត៌មាន Reuters គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៦ ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​នេ​ប៉ា​ល់ និង​តំបន់​ទី​បេ​របស់​ចិន ដោយសារ​គ្រោះ​មហន្តរាយ​ទឹកជំនន់​បាន​កើនឡើង​ដល់ ៧៥០ នាក់ ហើយ​មនុស្ស​ចំនួន ៣ ០៤៤ នាក់​ទៀត​កំពុង​បាត់​ខ្លួន ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ផ្លាស់​ទី​ទៅ​កាន់​ទីទួល​ខ្ពស់ ដោយសារ​តែ​ទឹកភ្លៀង​បាន​ធ្វើ​ឱ្យ​កម្រិត​ទឹកទន្លេ​កើនឡើង​ខ្លាំង​៕ ដកស្រង់ ៖ NDTV និង DNA India News