លួចកាត់ខ្សែភ្លើ.ងសកយកស្ពាន់លក់ ត្រូវម្ចាស់ឃើញទាន់ចាប់ក្របួចបានប្រគល់ឱ្យប៉ូលិស
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ខ្សែភ្លើងឃាត់ខ្លួន ប្រគល់ឲ្យនគរបាលស្រុកគងពិសីចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យរូបនោះបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសកសំបក ដើម្បីយកស្ពាន់ទៅលក់ ក៏ស្រាប់តែម្ចាស់ឃើញទាន់ ក៏ឃាត់ខ្លួនតែម្ដង ។

ករណីចោរកម្មលួចខ្សែភ្លើង ហើយម្ចាស់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្នុងភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ហួន ជីងប៉ាវ ប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រីងទឹក ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកម្ចាស់មាន ឈ្មោះ ព្រំ គុនឆាង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសី បានបន្តឱ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួន គឺជនសង្ស័យខាងលើបានយកដង្កាប់ និងកាំបិតផ្គាក់ធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងប្រវែង២០ម៉ែត្រ ជាប្រភេទខ្សែភ្លើងមានបណ្តូល (ស្ពាន់) ពេលជនសង្ស័យលួចបានសម្រេចហើយ ត្រូវបានម្ចាស់ឃើញពេលជនសង្ស័យកំពុងតែធ្វើសកម្មភាពសកសំបកខ្សែភ្លើង ដើម្បីយកស្ពាន់ទៅលក់ នៅខាងជើងផ្ទះខ្លួន(ម្ចាស់ខ្សែភ្លើង) ចំងាយប្រហែល៦០០ម៉ែត្រ ពេលឃើញដូចនោះ ម្ចាស់ខ្សែភ្លើងក៏បានឃាត់ជនសង្ស័យប្រគល់ជូនមកសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់តែម្តង ។

នគរបាលស្រុកគងពិសីបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពីផ្ទះជនរងគ្រោះម្ចាស់របស់ខាងលើពិតប្រាកដមែន ។ ក្រោយឃាត់ខ្លួនជនសង្ស័យនគរបាលធ្វើការដកហូតវត្ថុតាងមាន ដង្កាប់ចំនួន១ កាំបិតផ្គាក់ចំនួន១ និងខ្សែភ្លើងមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ