ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​ចំ​ឃ្លាំង​អា.វុ.ធ​អ៊ុយ​ក្រែន​នៅ​ទី​ក្រុង​កៀវ​បណ្ដាល​ឱ្យ​ស្លា.ប់​ម.នុ.ស្ស​យ៉ាង​តិច​៣៧​នាក់​

12 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ​ថ្ងៃ​នេះ រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៣៧​នាក់​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី អះ​អាង​ថាដ្រូន​មួយ​គ្រឿង​របស់​រុស្ស៊ី​វាយ​ប្រហារ​ចំ​ឃ្លាំង​រំសេវ​ និង​បង្ក​ជា​ការ​ផ្ទុះ​យ៉ាង​កក្រើក​ព្រះ​ធរណី​។ លោក​សច្ចា​ថា​ត្រូវ​តែ​តាម​ចាប់​អ្នក​ទទួល​ខុស​ត្រូវ​ឃ្លាំង​នេះ​​​មក​ផ្ដន្ទា​ទោស​ឱ្យ​ខាង​តែ​បាន​ព្រោះ​ករណី​នេះ​កើត​ឡើង​រហូត​ដល់​ទៅ​២​ដង​ត្រឹម​តែ​រយៈ​ពេល​២​ខែ​ប៉ុណ្ណោះ​។ ការ​វាយ​ប្រហារ​ដ៏​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​បំផុត​​នៅទី​ក្រុង​កៀវ​លើក​នេះ​កើត​ឡើង​នៅ​ពេល​រុស្ស៊ី​សម្រុក​វាយ​ប្រហារ​ទី​ក្រុង​នេះ និង​តំបន់​ខ្សែ​ក្រវាត់​ក្រុង​អស់​រយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា​។

ក្រៅ​ពី​អ្នក​ស្លាប់​ដូច​រៀប​រាប់​ខាង​លើ​ ជន​ជាតិ​អ៊ុយ​ក្រែន​រាប់​សិប​នាក់​ទៀត​រង​របួស​ ខណៈ​ដែល​មនុស្ស​រាប់​រយ​នាក់​ត្រូវ​តែ​ប្រញាប់​ចាក​ចេញ​ពី​ទី​នោះ​ដើម្បី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​។ កន្លែង​កើត​ហេតុ​នោះ​គឺ​ភូមិ​មីឡា (Myla)។ ហេដ្ឋារចនា​សម្ព័ន្ធ​ដូចជា​អគារ​ស្នាក់​នៅ​ និង​ទីជម្រក​សម្រាប់​មនុស្ស​ចាស់​ និង​អ្នក​ដែល​មាន​ពិការ​ភាព​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។ ​ការ​វាយ​ប្រហារ​នោះ​បង្ក​ជា​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​។ នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​ប្រធាន​ភូមិ​នៅ​ជិត​ខាង​នោះ​ម្នាក់​ផង​ដែរ​។ គាត់​ស្លាប់​នៅ​ពេល​ព្យាយាម​ជួយ​សង្គ្រោះ​អ្នក​ដទៃ​។

លោក​ហ្សេឡិនស្គី​ថ្លែង​នៅ​ក្នុង​ខ្សែ​អាត់​វីឌីអូ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ទិដ្ឋ​ភាព​នេះ​ពោរ​ពេញ​ដោយ​ភាព​ស្លុត​រន្ធត់​សម្បើម​ណាស់​ ហើយ​​វា​ក៏​ជា​កំហុស​របស់​អ្នក​ទទួលខុស​ត្រូវ​ខាង​កាន់​កាប់​ឃ្លាំង​រំសេវ​ដែល​បណ្ដោយ​ឱ្យ​មនុស្ស​រស់​នៅ​ក្បែរ​នោះ​។ កន្លែង​​​ដែល​រង​ការ​វាយ​ប្រហារ​នោះ​ជា​ទី​តាំង​យោធា​ដែល​ទុក​ដាក់​គ្រាប់​កាំ​ភ្លើង​ធំ​ គ្រាប់​មីន ​ដ្រូន​ និង​​គ្រាប់​រំសេវ​ជា​ច្រើន​ប្រភេទ​ទៀត​​។ កាល​ពី​ខែ​កក្កដា​​ មាន​ករណី​វាយ​ប្រហារ​ស្រដៀង​គ្នា​នេះ​​កើត​ឡើង​នៅ​ទី​ក្រុង​វីស​ស្នេវ (Vyshneve) បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ដប់​នាក់​ និង​ខូច​ខាត​ផ្ទះ​រាប់​រយ​ខ្នង​។ ​លោក​ហ្សេឡិនស្គី​​ចាត់​ទុក​ថា​​​​នេះ​ជា​ឧក្រិដ្ឋ​កម្ម​ថ្មី​មួយ​ទៀត​ក្រោយ​ការ​វាយ​ប្រហារ​នៅ​ទី​ក្រុង​វីស​ស្នេវ​។ នេះ​ជា​ករណី​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​។

លោក​រំពឹង​ថា​នឹង​មាន​ការ​បក​ស្រាយ​លម្អិត​ជូន​សា​ធារណ​ជន​ជ្រាប​អំពី​បញ្ហា​នេះ​។ មាន​ការ​ស៊ើប​អង្កេត​ជា​បណ្ដើរ​ៗ​ហើយ​ទៅ​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ពាក់​ព័ន្ធ​នឹង​ការ​សង្ស័យ​ថា​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ប្រព្រឹត្ត​ទង្វើ​ធ្វេស​ប្រហែស​។ ជា​ទូទៅ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​កម្រ​ផ្សព្វ​ផ្សាយ​ជា​សា​ធារណៈ​​ណាស់​នូវ​ទំហំ​នៃ​ការ​ខូច​ខាត​ផ្នែក​យោធា​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​។ ក្រសួង​ការ​ពារ​ជាតិ​អ៊ុយ​​ក្រែន​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ឃ្លាំង​រំសេវ​នោះ​នឹង​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​សវ​ន​កម្ម​ថា​នៅ​ពេល​កើត​ហេតុ​តើ​ពួក​គេ​ស្ថិត​នៅ​ទី​ណា​៕​ ប្រភព៖ Reuters