ប្រទេសឡាវ៖ រដ្ឋាភិបាលឡាវកំពុងរៀបចំកែសម្រួលច្បាប់អគ្គិសនី ដើម្បីឱ្យស្របនឹងការវិវត្តថ្មីៗក្នុងវិស័យថាមពល និងជំរុញការប្រើប្រាស់ថាមពលស្អាត ខណៈសេចក្តីព្រាងច្បាប់ថ្មីក៏មានគោលការណ៍អនុញ្ញាតឱ្យគ្រួសារ និងអាជីវកម្មអាចផលិតអគ្គិសនីសម្រាប់ប្រើប្រាស់ដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times កាលពីពេលថ្មីៗនេះ។
ច្បាប់អគ្គិសនីបច្ចុប្បន្នរបស់ឡាវ ត្រូវបានអនុម័តតាំងពីឆ្នាំ២០១៧ ហើយត្រូវបានមន្ត្រីលើកឡើងថា មិនទាន់អាចគ្របដណ្តប់បានពេញលេញលើការវិវត្តថ្មីៗ ដូចជា បច្ចេកវិទ្យាថាមពលថ្មី របៀបធ្វើអាជីវកម្ម និងយន្តការទីផ្សារអគ្គិសនី។
សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងបង្កើតគោលការណ៍សម្រាប់ ការផលិតអគ្គិសនីប្រើប្រាស់ដោយខ្លួនឯង និងការលក់អគ្គិសនីដោយផ្ទាល់ ព្រមទាំងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាដែលមានភាពស្អាតជាងមុន។
វិធានការនេះក៏ជាផ្នែកមួយនៃការធ្វើពិពិធកម្មប្រភពថាមពលរបស់ឡាវ ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងលើវារីអគ្គិសនី។ ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងជំរុញការប្រើប្រាស់ថាមពលព្រះអាទិត្យ និងប្រភពថាមពលស្អាតផ្សេងទៀត។
សេចក្តីព្រាងច្បាប់មាន ១៤ផ្នែក ៩ជំពូក និង១៧៦មាត្រា ក្នុងនោះ ៨៦មាត្រាត្រូវបានកែសម្រួល ៦៥មាត្រាជាបទប្បញ្ញត្តិថ្មី និង២៥មាត្រានៅរក្សាដដែល។ វាក៏ស្នើបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គិសនី ប្រព័ន្ធក្រមបណ្តាញអគ្គិសនីឡាវ និងវិញ្ញាបនបត្រថាមពលកកើតឡើងវិញ។
ការកែសម្រួលច្បាប់នេះ កំពុងត្រូវបានបន្តពិនិត្យ និងកែសម្រួលចំណុចដែលមានការខ្វែងគំនិត មុននឹងឈានទៅការបញ្ចប់សេចក្តីព្រាង និងអនុវត្តជាផ្លូវការ៕
ចែករំលែកព័តមាននេះ