ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​ក្រាយ ក្នុងស្រុក​ជល់​គី​រី ​​ក្លាយទៅជា​តំបន់​ទេសចរណ៍ ​ក្រោយ​ការ​អភិវឌ្ឍន៍​ផ្លូវ​បេតុង​មួយ​ខ្សែ

3 ម៉ោង មុន

ខេត្តកំពង់ឆ្នាំង ៖ ផ្លូវ​បេតុង​ ១​ខ្សែ​ ត​ភ្ជាប់​ពី​ឃុំ​ពាម​ឆ្កោក ទៅ​ទី​រួមស្រុក​ជល់​គី​រី ត្រង់​ចំណុច​បឹង​ក្រាយ បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ដ៍​ទាក់ទាញ​នា​រដូវ​ទឹក​ឡើង​ខែវស្សា​។ ជាក់ស្ដែង​ជា​រៀងរាល់ថ្ងៃ​គេ​បានឃើញ​ភ្ញៀវ​ទេសចរណ៍​ក្មេង​ចាស់ ប្រុស​ស្រី បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កម្សាន្តជា​ច្រើន​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ ដែល​ធ្វើ​ឲ្យ​បរិយាកាស នៅ​លើ​ផ្លូវលំ​ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់​ពី​មុន​មក និង​បច្ចុប្បន្ន​បាន​ក្លាយជា​ផ្លូវ​បេតុង​ដ៍​ស្រស់​ស្អាត មាន​មនុស្ស​ទៅ​លេង​​យ៉ាងច្រើន​កុះករ​ ។

លោក ដូ​វ គឹ​ម​ស៊ី​ន អភិបាលស្រុក​ជល​គី​រី បាន​បញ្ជាក់​ប្រាប់​ថា ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ បាន​កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ ២០២៤ គិត​មក​ដល់​បច្ចុប្បន្ន​បាន ២ឆ្នាំ​ហើយ គឺ​នៅ​ឆ្នាំ ២០២៥ មិនដឹង​ឆ្នាំ ២០២៦ ដែល​មាន​បងប្អូន​ទៅ​លេង​កម្សាន្ត​ក្នុង​ខែ​ទឹក​ឡើង ។​ ចំណុច​ដែល​បងប្អូន​ទៅ​លេង​ច្រើន​កុះករ​នោះ​ គឺចំណុច​បឹង​ក្រាយ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ចំនួន ២ គឺ​ឃុំ​ពាម​ឆ្កោក និង​ឃុំ​ព្រៃ​គ្រី ក្នុងស្រុក​ជល​គី​រី ។

អភិបាលស្រុក​ជល់​គី​រី​ បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍ ​ដែល​ទៅ​លេងកម្សាន្ត មួយ​ភាគ​គឺជា​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​ ដែល​មាន​លំនៅ​ឋាន​ជិត​ៗ​នោះ មួយ​ភាគ​ទៀត​មក​ពីស្រុក​បា​ធា​យ ខេត្តកំពង់ចាម ចំណែក​អ្នក​លក់ដូរ ក៏​ដូច​គ្នា​ដែរ គឺ​មាន​អ្នក​ក្នុងស្រុក និង​អ្នក​មក​ពី​ស្រុក​បា​ធា​យ​។ ចាប់តាំងពី​ឆ្នាំ​២០២៥ នៅ​ពេល​រដូវ​ទឹក​ឡើង និង​ក្រោយ​ការ​កសាង​ផ្លូវ​នោះ​រួចរាល់ ភ្ញៀវ​បាន​ចាប់ផ្ដើម​ទៅ​លេង​ ហើយ​នៅ​ឆ្នាំ២០២៦នេះ ភ្ញៀវ​ទើបបាន​ទៅ​លេង​ក្នុង​អំឡុង​រយៈពេល​ជាង ១០ថ្ងៃនេះ​ទេ គ្រា​ដែល​ទឹកទន្លេ​បាន​ឡើង​ប្រៀបថ្នល់ ។ សព្វ​ថ្ងៃនេះ រដ្ឋបាល​ស្រុក​ បាន​ដាក់​កម្លាំង ចំនួន​ពី ១០​ទៅ ១៥នាក់ ដោយ​ក្នុង​នោះ​មាន​កម្លាំង​នគរបាល​ខ្លះ​និង​ប្រជា​ការពារ​ខ្លះ សម្រាប់​រៀបចំ​សណ្ដាប់ធ្នាប់ សម្រួល​ចរាចរណ៍ និង​មើល​ការ​ខុស​ត្រូវ​ពេល​ពួក​គាត់​លេង​ទឹក។ ​ចាប់តាំងពី​ផ្លូវ​មួយ​ខ្សែ​នេះ ​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​នា​រដូវវស្សា​ពុំ​មាន​គ្រោះថ្នាក់​ឬ​បាតុភាព​អាក្រក់​អ្វី​កើតឡើង​នោះ​ទេ​ ។

អភិបាលស្រុក​ជល់​គី​រី ​នៅ​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ឆ្នាំ​ក្រោយ ២០២៧ រដ្ឋបាល​ស្រុក ​នឹង​កសាង​សាលាឆ​ទាន​មួយ​កន្លែង​ដោយ​ដាក់​ឲ្យ​មាន​បន្ទប់ទឹក​អនាម័យ សម្រាប់​ភ្ញៀវ ពិសេស​ភ្ញៀវ​ស្រី​ៗ ដែល​ពុំ​មាន​កន្លែង​បន្ទោ​របង់។ ក្នុង​នាម​អាជ្ញាធរ​ស្រុក​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​និង​អ្នក​លក់ដូរ សូម​ចូលរួម​ថែរក្សា​អនាម័យ​ដោយ​ដាក់​សំរាម​ក្នុង​ថង់ ឱ្យ​បាន​ត្រឹមត្រូវ​និង​យក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

ក៏​សូម​បញ្ជាក់​ដែរ​ថា ភ្ញៀវ​ដែល​បាន​ទៅ​លេង​នៅ​ទីនោះ ភាគច្រើន​ចុះ​ងូតទឹក​លេង​កម្សាន្ត ខ្លះ​អង្គុយ​តាម​កៅអី​របស់​អ្នក​លក់ដូរ ខ្លះ​ពិសា​ភេសជ្ជៈ និង​អាហារ ព្រមទាំង​ស្ដាប់ភ្លេង ធុងបាស​ដែល​ពួក​គាត់​យក​ទៅ​ជាមួយ រៀង​ៗ​ខ្លួន ដោយឡែក​ខ្លះ​ទៀត​ជិះ​កាណូត​ជិះទូក​លេង​ ៕