បង្ក្រា.បបានមួយសម្បុក! បន្លំធ្វើជាអ្នកសារព័ត៌មាន ប្រើអាវុ.ធខ្លីគំរា.មយុវជនដើរលេងយប់ឱ្យយកម៉ូតូទៅដោះដូរគ្រឿងលក់ ដើម្បីយកលុយឱ្យខ្លួន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ដោយទទួលអនុវត្តតាមបទបញ្ជា និងមានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញទទួលបទបញ្ជា លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បញ្ជាចាត់លោកវរសេនីយ៍ទោ នូ ប្រីយសត្យា អធិការរងទទួលផែនដឹកនាំផ្នែកជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងអន្តរាគមន៍ ធ្វើការស្រាវជ្រាវនិងសហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ឈានដល់បង្ក្រាបក្មេងទំនើងបន្លំ និងពាក់កាតជាអ្នកកាសែតប្រើអាវុធខ្លីគំរាមគំហែងដល់យុវជនដើរយប់ឱ្យយកម៉ូតូទៅដោះដូរគ្រឿង ដើម្បីយកលុយអោយខ្លួន រហូតសហការជាមួយកម្លាំងខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន ១សម្បុក សុទ្ធតែក្មេងទំនើងមានប្រុសស្រីចំនួន ៧នាក់ និងដកហូតបានអាវុធខ្លី និងម៉ូតូដែលជិះធ្វើសកម្មភាព បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ៤ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៦ នៅចំណុចផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ បានអោយដឹងថា បានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ជួ ពិសិដ្ឋ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងបន្លាស់រថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារដែលជនរងគ្រោះបាត់បង់រួមមានក្បាំងម៉ូតូផ្នែកខាងមុខ, បូមម៉ូតូខាងក្រោយ និងគម្របច្រវាក់ម៉ូតូ ។
ដំណើររឿងក្នុងពាក្យបណ្តឹងបានឱ្យដឹងថា មុនកើតហេតុ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រ ជនរងគ្រោះឈ្មោះ ជួ ពិសិដ្ឋ បានជិះម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ ១២៥ ពណ៌ខ្មៅ ឆ្នាំ ២០២៥ ផ្លាកលេខភ្នំពេញ ១LN-៥១០១ ឌុបមិត្តភក្តិចំនួន ១នាក់ និងមិត្តភក្តិចំនួន ២នាក់ទៀតជិះម៉ូតូចំនួន ១គ្រឿងផ្សេងទៀត ម៉ាកហុងដាឌ្រីម ធុនសេ ១២៥ ពណ៌ខ្មៅ ចេញពីកន្លែងដើរលេងនៅម្តុំកោះពេជ្រ និងកោះនរា លុះមកដល់ចំណុចផ្លូវ ក្នុងភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣ ស្រាប់តែបានជួបជាមួយជនសង្ស័យចំនួន ១ក្រុម មានគ្នាប្រហែល ១២នាក់ ជិះម៉ូតូប្រហែល ៧គ្រឿង បានជិះបញ្ច្រាស់ទិសគ្នា ។
រួចក្រុមជនសង្ស័យបានបត់ម៉ូតូដេញតាមជនរងគ្រោះដល់ចំណុចតាមផ្លូវបេតុង ភូមិទ្រា ៤ សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ហើយជនសង្ស័យក៏បានស្ទាក់ម៉ូតូរបស់ជនរងគ្រោះបាន ដោយជនសង្ស័យឈ្មោះ លៀប ឆាយហេង បានប្រើអាវុធភ្ជង់ជនរងគ្រោះឈប់ម៉ូតូ ចំណែកមិត្តភក្តិជនរងគ្រោះចំនួន ០១ម៉ូតូទៀតបានជិះគេចបាត់ រួចក្រុមជនសង្ស័យបានដឹកជនរងគ្រោះទៅដល់ផ្លូវស្ងាត់ក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ ទាមទារប្រាក់ចំនួន ១០០០ដុល្លារអាមេរិក ពីជនរងគ្រោះ ប៉ុន្តែដោយសារជនរងគ្រោះមិនមានប្រាក់អោយ ទើបក្រុមជនសង្ស័យបានដឹកជនរងគ្រោះទៅម្តុំឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក ដើម្បីដោះក្បាំងម៉ូតូផ្នែកខាងមុខ, បូមម៉ូតូខាងក្រោយ និងគម្របច្រវាក់ម៉ូតូដាក់បញ្ចាំនៅហាងមួយកន្លែងមិនចាំយីហោ បានប្រាក់ចំនួន ៥៥ដុល្លារអាមេរិក រួចក្រុមជនសង្ស័យបានយកប្រាក់ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ លុះរហូតដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៦ វេលាម៉ោង ១រំលងអធ្រាត្រ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួចហើយ សមត្ចកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ១ក្រុម រួមមាន ១-ឈ្មោះ លៀប ឆាយហេង ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកយកព័ត៌មាន និងជាសន្តិសុខ ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ ផៃ ចិត្រា ភេទប្រុស អាយុ ២១ឆ្នាំ ជាអ្នកយកព័ត៌មាន ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៣-ឈ្មោះ ម៉េត បារាំង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅក្នុងហាងព្រីមៀរសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៤-ឈ្មោះ ណាង សុខលាង ហៅមាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងថ្លឹង ១ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
៥-ឈ្មោះ វ៉ា ផានិត ហៅម៉ាប់ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៦-ឈ្មោះ ម៉ាស ណាងរ៉ុង ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ៧-ឈ្មោះ វិន ធារ៉ា ហៅរ៉ា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងថ្លឹង ២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ។
ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ៥នាក់ទៀត (ស្រីម្នាក់) អាយុប្រហែល ១៨ឆ្នាំ (គេចខ្លួន) ។
បច្ចុប្បន្ន ក្រុមជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕




ចែករំលែកព័តមាននេះ