ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនៅរស់​ពី​​ទឹក​ជំនន់​ណេប៉ាល់​ត្រូវ​គេ​ដឹក​​ទៅទី​សុវត្ថិ​ភាព​ ខណៈ​អ្នក​បាត់​ខ្លួន​កើន​ដល់​ជិត​បី​ពាន់​​នាក់​, ស្លាប់​៦៣៣​នាក់​

15 ម៉ោង មុន

ទី​ក្រុង​កាត់​ត្មាន់​ឌូ៖ ពាក់​ព័ន្ធ​នឹង​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​ណេប៉ាល់​ និង​តំបន់​ភ្នំ​ទី​បេ​ គិត​ទាំង​ថ្ងៃ​នេះ​ទៀត​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក និង​ជួយ​សង្គ្រោះ​អ្នក​បាត់​ខ្លួន​បាន​ធ្វើ​ឡើង​ចូល​ដល់​ថ្ងៃ​ទី​បួន​ហើយ​។ ទន្ទឹម​នឹង​ការ​រក​ឃើញ​អ្នក​ស្លាប់​ អាជ្ញា​ធរ​ប្រាប់​ថា​ពួក​គេ​ក៏​រក​ឃើញ​អ្នក​នៅ​រស់​ និង​ដឹក​ជញ្ជូន​ពួកគេ​ទៅ​កាន់​ទី​កន្លែង​សុវត្ថិ​ភាព​។ ​នៅ​ឯ​មជ្ឈ​មណ្ឌល​ដោះ​ស្រាយ​បញ្ហា​រង​គ្រោះ​ដោយទឹក​​ជំនន់​លើក​នេះ គេ​ឃើញ​ថា​អ្នក​បាត់​ខ្លួន​ខ្លះ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​ជា​បន្ត​បន្ទាប់​​។​  ប៉ុន្តែ​ក្រុម​គ្រួសារ​ខ្លះ​នៅ​តែ​បន្ត​រង់​ចាំ​យ៉ាង​អន្ទះ​សា​ដើម្បី​​​ទទួល​សាច់​ញាតិ​របស់​ខ្លួន​​​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​ចេះ​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

បន្ទាប់​ពី​អាជ្ញា​ធរ​ណេប៉ាល់​ធ្វើ​បច្ចុ​ប្បន្ន​ភាព​តួ​លេខ​អ្នក​ស្លាប់​ និង​បាត់​ខ្លួន​ គេ​ឃើញ​ថា​ចំនួន​អ្នក​ស្លាប់​សរុប​គិត​ទាំង​ខាង​ណេប៉ាល់ និង​ទីបេ​កើន​ឡើង​ដល់​៦៣៣​នាក់​។ ចំណែក​អ្នក​បាត់​ខ្លួន​កើន​ឡើង​ដល់​ជិត​៣​ពាន់​នាក់​។ អាជ្ញា​ធរ​ចិន​បញ្ជាក់​ថា​នៅ​ខាង​ទឹក​ដី​របស់​ខ្លួន​ខ្លួន មនុស្ស​៧​នាក់​ស្លាប់​ និង​ជាង​៥៥០​នាក់​បន្ត​បាត់​ខ្លួន​។ នៅនូវ៉ាខុត​ (Nuwakot) ដែល​ជា​ទី​តាំង​រង​គ្រោះ​ខ្លាំង​ជាង​គេ​បំផុត​របស់​ណេប៉ាល់​ គេ​ឃើញ​ឧទ្ធម្ភាគ​ចក្រ​បន្ត​ហោះ​ក្រវែល​​ទី​តាំង​កើត​ហេតុ​មុន​ពេល​ថ្ងៃ​ត្រង់​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​រំខាន​ដោយ​សារ​បញ្ហា​អាកាស​ធាតុ​មិន​សូវ​អំណោយ​ផល​។ ឧទ្ធម្ភាគ​ចក្រ​ខ្លះ​ដឹក​ជញ្ជូន​កេស​ និង​ថង់​ដាក់​ជំនួយ​ ក្នុង​នោះ​មាន​ខោ​អាវ មី​កញ្ចប់​ នំ​ផ្អែម និង​បាយ​។ ឧទ្ធម្ភាគ​ចក្រ​ខ្លះ​ទៀត​វិល​ត្រឡប់​ពី​តំបន់​រង​គ្រោះ​ និង​ពាំ​នាំ​មក​ជា​មួយ​នូវ​​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​។

បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​គេ​ស្ទូច​ឡើង​ទៅ​លើ​អាកាស​តាម​ឧទ្ធម្ភាគ​ចក្រ ចំណែក​ទាហាន​ម្នាក់​ខិត​ខំ​លើក​ស្ត្រី​ចំណាស់​ម្នាក់​ទៅ​ស្នាក់​នៅ​ក្នុង​តង់​កៅស៊ូ​។ នៅ​ទី​នោះ ក្រុម​គ្រូ​ពេទ្យ​ពិនិត្យ​សម្ពាធ​ឈាម ចលនា​ដង្ហើម ​សង្វាក់​បេះ​ដូង​ ​ធ្មេញ និង​អញ្ចាញ​។ មនុស្ស​ប្រហែល​ដប់​នាក់​ដើរ​ចេញ​ពី​ឧទ្ធម្ភាគ​ចក្រ​មួយ​គ្រឿង​, ទាហាន​បី​កូន​ង៉ែត​ជា​ច្រើន​នាក់​ដែល​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​តំបន់​បាត់​ខ្លួន​។ អ្នក​ជម្លៀស​ខ្លួន​ទាំង​នោះ​ត្រូវ​គេ​ដឹក​ចេញ​ពី​សហ​គមន៍​ទ្រី​ស៊ូលី (Trishuli)។ ​ចំ​ពេល​ដែល​មនុស្ស​បន្ត​​​ចាក​ចេញ​​​ពី​ទ្រីស៊ូលី អ្នក​ភូមិ​ខ្លះ​ទៀត​ត្រូវ​​បង្ខំ​ចិត្ត​​​វិល​ត្រឡប់​ទៅ​ទី​នោះ​វិញ​ដើម្បី​ស្ទាប​ស្ទង់​សភាព​ការណ៍​ក្រែង​លោ​អាច​នៅ​សេស​សល់​របស់​របរ​ខ្លះ​នៅ​ក្នុង​ផ្ទះ​ដែល​លិច​លង់​ និង​បាក់​បែក​។

នៅ​រដ្ឋ​ធានី​កាត់​ត្មាន់​ឌូ សាច់​ញាតិ និង​មិត្ត​ភក្ដិ​របស់​អ្នក​បាត់​ខ្លួន​បាន​ប្រមូល​ផ្ដុំ​​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​រដ្ឋ​តាំង​ពី​ព្រឹក​ព្រលឹម​ និង​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​​អន្ទែង​​​ព្រោះ​​ពួក​គេ​មិន​ស្ងប់​ចិត្ត​នឹង​ការ​​​បាត់​​ដំណឹង​សូន្យ​ឈឹង​នៃ​​មនុស្ស​ជា​ទី​គោរព​រាប់​អាន​របស់​ខ្លួន​​។ មនុស្ស​ជា​ច្រើន​ស្ទុះ​ស្រ​ចុះ​ស្រ​ឡើង​រវាងកន្លែង​ផ្ដល់​ព័ត៌​មាន និង​មន្ទីរ​ពេទ្យ​ព្យាបាល​អ្នក​របួស​, អ្នក​ខ្លះ​កាន់​រូប​ថត​សាច់​ញាតិ​ និង​សម្លឹង​រក​មើល​បញ្ជី​ឈ្មោះ​អ្នក​ជំងឺ​ដែល​ត្រូវ​របួស​។ ស្ត្រី​ជន​ជាតិ​ណេប៉ាល់​ម្នាក់​ឈ្មោះ​​ឌីល ម៉ាយ៉ា ឡាម៉ា (Dil Maya Lama) ឈរ​​យំ​យ៉ាង​សស្រិច​នៅ​ខាង​ក្រៅ​កន្លែង​ផ្ដល់​ព័ត៌​មាន​នៃ​មន្ទីរ​ពេទ្យ​ខាង​លើ​ និង​ស្វះ​ស្វែង​រក​ដំណឹង​របស់​បង​ប្រុស​​ដែល​បាត់​ខ្លួន​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ បង​ប្រុស​រូប​នេះ​​ជា​អ្នក​បើក​ឡាន​ឱ្យ​ក្រុម​នហ៊ុន​សាង​សង់​ទំនប់​វារី​អគ្គិស​នី​ឈ្មោះ​រ៉ា​ស៊ូវ៉ា (Rasuwa)​។ នាង​ប្រាប់​ថា​នាង​បាន​ធ្វើ​ដំណើរ​តាំង​ពី​តំបន់​រ៉ា​ម៉េ​ឆាប​ (Ramechhap) ដែល​មាន​ចម្ងាយ​១៣០​គីឡូ​ម៉ែត្រ​ពី​មន្ទីរ​ពេទ្យ​​​​៕ ប្រភព៖ AP​